អានតួអត្ថបទ

រដ្ឋមន្ត្រី​ក្រសួង​ការងារ​បំភ្លឺ​រដ្ឋសភា​ពី​បញ្ហា​កម្មករ​កាត់ដេរ​និង​ពលករ​ក្រៅប្រទេស

នៅ​ថ្ងៃ​​ព្រហស្បតិ៍​នេះ លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចូល​ឆ្លើយបំភ្លឺ​ដោយ​ផ្ទាល់មាត់ នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា ជុំវិញ​បញ្ហា​កម្មករ​កាត់ដេរ និង​ការ​គ្រប់គ្រង​ពលករ​ខ្មែរ ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​។ ការឆ្លើយបំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នេះ បាន​ធ្វើឡើង តប​នឹង​លិខិត​សំណួរ​របស់​លោក សុន ឆ័យ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី។ ក៏ប៉ុន្តែ​ នៅពេល​ឆ្លើយបំភ្លឺ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ីបែរជា​ដើរចេញ​ពី​រដ្ឋសភា​ទៅវិញ​។​

ទិដ្ឋភាព​កិច្ចប្រជុំ​នៃ​រដ្ឋសភា​កម្ពុជា
ទិដ្ឋភាព​កិច្ចប្រជុំ​នៃ​រដ្ឋសភា​កម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

05:47

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង ២០ រូប សម្រេចចិត្ត​ដើរចេញ​ពី​កិច្ចប្រជុំសភា នៅ​ព្រឹក​មិញ​នេះ ដោយសារតែ​លោក សុន ឆ័យ ដែល​ជា​ម្ចាស់​សំណួរបាន​សូម​អាន​សំណួ​រទាំង ១៨ សំណួរ សួរ​ទៅ​កាន់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ឡើងវិញ តែ​ត្រូវបាន​បដិសេធ​។​

​លោក សុន ឆ័យ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ប៉ុន្មាន​នាទី​ក្រោយ​ថា លោក​មិន​អាច​ទទួលយក​បាន​ទេ ចំពោះ​ការរំលោភ​សិទ្ធិ​របស់​អ្នក​តំណាងរាស្ត្រ​នេះ។ ម្យ៉ាងទៀត លោក សុន ឆ័យ ចាត់ទុកថា ស្ថាប័ន​រដ្ឋសភា អត់​ឯករាជ្យ ហើយ​រដ្ឋសភា ទៅ​ជា​កម្មសិទ្ធិ​ដាច់​ថ្លៃ​របស់​គណបក្ស​មួយ ឬ​ក្រុម​មួយ​។​

​ក៏​ប៉ុន្តែ​លោក ងួន ញ៉ិល ប្រធានស្តីទី​រដ្ឋសភា បាន​ផ្តល់​ហេតុផល​ថា កម្រង​សំណួរ របស់លោក សុន​ឆ័យ ត្រូវបាន​ផ្តល់ឲ្យ​លោក​រដ្ឋមន្ត្រី វង សូត្រ រួចរាល់​ហើយ​។ ម្យ៉ាងទៀត ដោយសារ​តែ​សំណួរ​ច្រើន ហើយ​បើ​អាន​ឡើងវិញ អាច​ខាត​ពេល​។​

​យ៉ាងណាក៏ដោយ អង្គប្រជុំ​រដ្ឋសភានៅតែ​បន្ត​ធ្វើ ដោយ​លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អាន​នូវ​ចម្លើយ ដែល​បាន​រៀបចំ​ទុក ដោយ​ចំណាយ​ពេល​ជាង​មួយ​ម៉ោង ដើម្បី​បំភ្លឺ​ជូន​អង្គប្រជុំ​រដ្ឋសភា អំពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​កាត់ដេរ និង​ការគ្រប់គ្រង​ពលករ​ខ្មែរ ទៅ​ធ្វើការ​នៅ​បរទេស​។​

​លោក វង សូ​ត បានលើកឡើង​ពី​ប្រវត្តិ​សាវតារ នៃ​ការបង្កើត​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​មាន​ភាគី​ថៅកែ​រោងចក្រ សហជីព​តំណាង​កម្មករ និង​ក្រសួង​ការងារ ដើម្បី​ប្រជុំ​សម្រច​ដំឡើងប្រាក់ខែ​កម្មករ​កាត់ដេរ​។ ក្នុងនោះ កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១០ គណៈកម្មការ​នេះ បាន​ប្រជុំ​សម្រេច​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ៦១ ដុល្លារ​ក្នុង​មួយខែ ដោយ​អនុវត្ត​ចាប់ពី​ខែ​តុលា​នេះ​។ ចំណែក​ប្រាក់​អត្តប្រយោជន៍​មួយចំនួនទៀត ដល់​កម្មករ នឹង​ត្រូវ​ប្រជុំ​ជជែក​បន្តទៀត​។​

​លោក វង សូ​ត បានបញ្ជាក់​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មក​រ​កាត់ដេរ និង​ផលិត​ស្បែកជើង ចំនួន ៦១ ដុល្លារ គឺ​ធ្វើឡើង​ដោយ​សមរម្យ និង​ស្រប​តាម​បណ្តា​ប្រទេស​មួយចំនួន​។ នោះ​គឺ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ប្រាក់ខែ​កម្មករ​កាត់ដេរ​មាន​ចន្លោះ​ពី ៥១ ទៅ ៨៨ ដុល្លារ​, ប្រទេសសិរីលង្កា ចំនួន ៥១ ដុល្លារ និង​ប្រទេស​ឥណ្ឌា ចំនួន ៦៥ ដុល្លារ​។​

​ចំពោះ​ការគ្រប់គ្រង​ពលករ​ខ្មែរ ដែល​ធ្វើការ​នៅ​ក្រៅប្រទេស ​លោក វង សូ​ត លើកឡើងថា ក្រសួង​ការងារ ក៏​ដូច​ជា​រដ្ឋាភិបាល និង​ក្រសួង​ការបរទេស បាន​ពិនិត្យ​តាមដាន និង​បង្កើត​គោលនយោបាយ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ដំណើរការ​ជ្រើសរើស​បញ្ជូន​ពលករ ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស បាន​ល្អប្រសើរ និង​ចៀសវាង​ការរំលោភបំពាន ដូចដែល​សេចក្តីរាយការណ៍​លើកឡើង​កន្លងមក​។​

​លោក វង សូ​ត ក៏​បាន​បន្ថែមថា មកដល់ពេលនេះ ក្រុមហ៊ុន​បញ្ជូន​ពលក​រ​ឯកជន ទៅ​ធ្វើ​ការបរទេស មាន​ចំនួន ៣១ ក្រុមហ៊ុន​។ ចំណែក​ពលករ​ខ្មែរ ធ្វើការ​នៅ​បរទេស សរុប​មាន​ចំនួន ១២២.៧៣១ នាក់ នៅ​ប្រទេស​ម៉ាឡេស៊ី ថៃ ជប៉ុន និង​​​កូរ៉េខាងត្បូង​។​

​ក្រៅ​ពី​ពលករ​ស្រប​ច្បាប់​ទាំងនេះ លោក វង សូ​ត ក៏​បាន​បញ្ជាក់ថា មាន​ពលករ​ខ្មែរខុសច្បាប់ នៅ​ប្រទេស​ថៃ ជាង​១​សែន​នាក់​ផ្សេងទៀត​។ ក្រសួងកំពុង​រៀបចំ​បណ្ណការងារ សម្រាប់​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ទៅ​ធ្វើការ​តាម​ទល់ដែន ពិសេស​ទៅ​ប្រទេស​ថៃ​។​

​លោក វង សូ​ត បាន​បន្ថែមថា ពលករ​នៅ​បរទេស បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ពោល​គឺ​ប្រសិនបើ​ពួកគេបាន​ផ្ទេរ​ប្រាក់​ចំណូល​មក​ក្នុងស្រុក ប្រមាណ​តែ ៥០% នៃ​ប្រាក់​បៀវត្សរ៍​របស់ខ្លួន នោះ​ជា​មធ្យម យើង​ទទួលបាន​ចំណូល​ប្រមាណ​ជា ១៥០លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ