អានតួអត្ថបទ
ស៊ីរី

លោក​កូហ្វ៊ី​អាណាន់​ទៅ​ស៊ីរី​ដើម្បី​ព្យាយាម​សង្រ្គោះ​ផែនការ​សន្តិភាព​៦​ចំណុច

លោក​កូហ្វ៊ី អាណាន់ ប្រេសិត​ពិសេស​របស់​អ.ស.ប. និង​សម្ព័ន្ធ​អារ៉ាប់ កំពុង​ស្ថិត​ក្នុង​ប្រទេស​ស៊ីរី ដើម្បី​ព្យាយាម​សង្រ្គោះ​ផែនការ​សន្តិភាព​របស់​លោក។ មុនពេល​ទៅដល់​ស៊ីរី លោក​កូហ្វ៊ី អាណាន់​ខ្លួនឯង​បាន​ទទួលស្គាល់ថា ផែនការ​សន្តិភាព ៦ចំណុច​ របស់​លោក ដែល​បាន​ដាក់ចេញ កាល​ពីខែ​កុម្ភៈ មិនមានប្រសិទ្ធភាព​ក្នុងការ​បញ្ចប់​អំពើ​ហិង្សា​នៅ​ស៊ីរី​បាន​ទេ មកទល់ពេលនេះ។

លោក​កូហ្វ៊ី អាណាន់ ប្រេសិត​ពិសេស​របស់​អ.ស.ប.-សម្ព័ន្ធអារ៉ាប់ ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ស៊ីរី
លោក​កូហ្វ៊ី អាណាន់ ប្រេសិត​ពិសេស​របស់​អ.ស.ប.-សម្ព័ន្ធអារ៉ាប់ ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ស៊ីរី Reuters/Allison Joyce
ផ្សាយពាណិជ្ជកម្ម

លោក​កូហ្វ៊ី អាណាន់ បាន​ទៅដល់​ប្រទេស​ស៊ីរី កាល​ពីថ្ងៃ​អាទិត្យ ម្សិលមិញ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី៣ ចាប់តាំង​ពី​ត្រូវ​បាន​តែងតាំង​ជា​ប្រសិត​ទទួលបន្ទុក​ដោះស្រាយ​វិបត្តិ​ស៊ីរី។ នៅក្នុង​ដំណើរទស្សនកិច្ច​​ពេលនេះ លោក​កូហ្វ៊ី អាណាន់​ គ្រោងនឹង​ជួប​ជជែក​ជាមួយ​លោក​បាស្ហា​ អាល់អាសាដ ដើម្បី​ជជែក​អំពី​ផែនការ​សន្តិភាព​ ៦​ចំណុច​របស់​លោក។

ផែនការ​សន្តិភាព ដែល​ទទួលបាន​នូវការ​គាំទ្រ​ពី​សំណាក់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ទាមទារ​ឲ្យ​មាន​បទឈប់បាញ់ មុននឹង​ឈាន​ទៅ​​ចរចា​រកដំណោះស្រាយ​តាមផ្លូវនយោបាយ ដើម្បី​បញ្ចប់​អំពើ​ហិង្សា ដែល​បាន​អូសបន្លាយ​ពេល​ ១៦ខែ​កន្លង​មកហើយ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ការវាយប្រយុទ្ធគ្នា​រវាង​កងកម្លាំង​របស់​លោក​អាសាដ និង​កងកម្លាំង​ឧទ្ទាម ព្រមទាំង​អំពើ​ហិង្សា​ទៅលើ​បាតុករ​ស៊ីវិល នៅតែ​បន្ត​កើតមាន​ជារៀងរាល់ថ្ងៃ។ សូម្បីតែ​ក្រុមអ្នក​សង្កេតការណ៍​បទឈប់បាញ់​របស់​អ.ស.ប.​ក៏​ត្រូវ​ប្រឈមមុខ​នឹង​ការប៉ុនប៉ង​វាយប្រហារ​ជាច្រើន​លើក​ដែរ ​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​សម្រេច​ផ្អាក​បេសកកម្ម​សង្កេតការណ៍​​រហូតមកទល់ពេលនេះ។ លោក​កូហ្វ៊ី អាណាន់​ ខ្លួនឯង ដែល​ជា​អ្នក​រៀបចំ​ផែនការ​ ៦ចំណុច​នេះ បាន​ទទួលស្គាល់​អំពី​បរាជ័យ​នៃ​ផែនការ​នេះ។​

លោក​បាស្ហា អាល់អាសាដ​វិញ បាន​លើក​ឡើង​ថា ផែនការ ៦ចំណុច របស់​លោក​កូហ្វ៊ី អាណាន់ មិនមាន​ប្រសិទ្ធភាព គឺ​ដោយសារ​តែ​មាន​ប្រទេស​មួយចំនួន រួមមាន អារ៉ាប៊ីសាអ៊ូឌីត កាតា តួកគី និង​សហរដ្ឋ​អាមេរិក បាន​នាំគ្នា​​ផ្តល់​អាវុធ លុយ​កាក់ ព្រមទាំង​ការ​គាំទ្រ​ផ្នែក​នយោបាយ ដល់​ក្រុមប្រឆាំង ដែល​លោក​ចាត់ទុក​ថា​ជា “ក្រុមភេរវជន”។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​បារាំង ឈ្មោះ Le Monde លោក​កូហ្វ៊ី អាណាន់ ក៏​បាន​លើកឡើង​ផងដែរ​ថា មាន​ប្រទេស​ជាច្រើន​នាំគ្នា​និយាយ​​ទម្លាក់​កំហុស​តែ​ទៅលើ​រុស្ស៊ី និង​អ៊ីរ៉ង់​​ថា​ជា​អ្នក​ធ្វើ​ឲ្យ​អាក់ខាន​ដល់​ដំណោះស្រាយ​វិបត្តិ​ស៊ីរី ក៏ប៉ុន្តែ មិនសូវ​មាន​អ្នកណា​និយាយ​ដល់​ករណី​ប្រទេស​មួយចំនួន​ផ្សេងទៀត ដែល​បាន​បញ្ជូន​គ្រឿង​សព្វាវុធ លុយកាក់ និង​មនុស្ស​ទៅជួយ​ក្រុម​ប្រឆាំង​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ