អានតួអត្ថបទ
កូរ៉េខាងជើង

កូន​​ប្រុស​​ច្បង​​របស់​​គីម​​ ជុងអ៊ីល​​ទស្សន៍​ទាយ​​ថា​​​ ​របប​​ព្យុងយ៉ាង​​នឹង​​ដួល​​រលំ​​

នៅ​​ក្នុង​​សៀវភៅ​​មួយ​​ដែល​​នឹង​​ចេញ​​ផ្សាយ​​ប៉ុន្មាន​​ថ្ងៃ​​ទៀត​​ខាង​​មុខ​​នេះ ​កូន​​ប្រុស​​ច្បង​​របស់​​អតីត​​អគ្គមគ្គទេសក៍​​គីម ​ជុងអ៊ីល​ ឈ្មោះ​​គីម​ ជុងណាំ ​បាន​​អះអាង​​ថា​ មិន​​យូរ​​មិន​​ឆាប់​​របប​​នៃ​​កូរ៉េ​​ខាង​​ជើង​​នឹង​​គង់​​តែ​​រលំ។​ គីម​ ជុងណាំ​​ដែល​​សព្វ​​ថ្ងៃ​​រស់​​នៅ​​ក្រៅ​​ប្រទេស​ បាន​​និយាយ​​លាត​​ត្រដាង​​ពី​​របប​​ដ៏​​ផុយ​ស្រួយ​​នៅ​​ព្យុងយ៉ាង​ ប្រាប់​​អ្នក​កាសែត​​ជប៉ុន​​ម្នាក់។​

កូន​​​ប្រុស​​ច្បង​​របស់​​គីម​ជុងអ៊ីល​
កូន​​​ប្រុស​​ច្បង​​របស់​​គីម​ជុងអ៊ីល​
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​កូន​ប្រុស​ច្បង​របស់​លោក ​គីម ជុងអ៊ីល ឈ្មោះ​គីម ជុងណាំ​ចេញ​មុខ​និយាយ​ពី​ស្ថានភាព​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។ ចំពោះ​បុរស​រូប​នេះ​ដែល​ត្រូវ​បាន​ឳពុក​ច្រាន​ចេញ​ពី​រង្វង់​អំណាច របប​កុម្មុយនិស្ត​ព្យុងយ៉ាង​នឹង​ច្បាស់​ជា​ដួល​រលំ។ នៅ​ក្នុង​សៀវភៅ​មួយ​ដែល​ជា​លទ្ធផល​នៃ​ការសន្ទនា​រវាង​រូប​លោក​ជាមួយ​អ្នក​កាសែត​ជប៉ុន​ម្នាក់ លោក​គីម ជុងណាំ​ពន្យល់​ថា សព្វថ្ងៃ​របប​កូរ៉េ​ខាង​ជើង​ឋិត​ក្នុង​ភាព​ទ័លច្រក «បើ​គ្មាន​កំណែ​ទម្រង់​ទេ សេដ្ឋកិច្ច​នឹង​ដាច់​ខ្យល់ ហើយ​បើ​ហ៊ាន​ធ្វើ​កំណែ​ទម្រង់ វិបត្តិ​នយោបាយ​នឹង​កើត​ឡើងរួច​ហើយ​​នឹង​បណ្តាល​ឲ្យ​អំណាច​ដួល​រលំ​នៅ​ទី​បំផុត»។

គេ​មិន​អាច​ជឿ​លោក​គីម ជុងណាំ​១០០%​បាន​ទេ ដ្បិត​លោក​អាច​និយាយ​សម្អុយ​របប​ទីក្រុង​ព្យុងយ៉ាង ដោយហេតុតែ​ច្រណែន​នឹង​ប្អូន​ប្រុស​គីម ជុងអ៊ុន​ដែល​បាន​ក្លាយ​ជា​អគ្គមគ្គទេសក៍ ក្រោយ​មរណភាព​របស់​លោក​គីម ជុងអ៊ីល។ ក៏​ប៉ុន្តែ ពាក្យ​សំដី​របស់​លោក​គីម ជុងណាំ មាន​ហេតុផល​គ្រប់គ្រាន់ អាច​ជួយ​បំភ្លឺ​បាន​ខ្លះៗ​របប​កុម្មុយនិស្ត​ប្រកប​ទៅ​ដោយ​អាថ៌កំបាំង​នៅ​កូរ៉េ​ខាង​ជើង។ នៅ​ក្នុង​ន័យ​នេះ លោក​គីម ជុងណាំ​បាន​ពន្យល់​ថា របប​ព្យុងយ៉ាង​គ្មាន​ស្ថិរភាព​ល្អ​ទេ ដ្បិត​កង​ទ័ព​មាន​អំណាច​ខ្លាំង​ហួស​ហេតុ​ពេក។

កូន​ប្រុស​ច្បង​រូប​នេះ​របស់​អតីត​អគ្គ​មគ្គទេសក៍​​ គីម ជុងអ៊ីល​បាន​គូស​បញ្ជាក់​បន្ថែម​ថា តាំង​ពី​ទសវត្សរ៍​ទី​៩០​មក ឪពុក​របស់​លោក​បាន​ពង្រឹង​អំណាច​របស់​កង​ទ័ពដើម្បី​ឲ្យ​កងទ័ព​មាន​លទ្ធភាព​ការពារ​របប​នយោបាយ។ ម្ល៉ោះ​ហើយ យោង​ទៅ​តាម​លោក​គីម ជុងណាំ បើ​សិន​ជា​អន្តរកាល​មិន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទេ នោះ​កងទ័ព​នឹង​ក្រសោប​យក​អំណាច​មក​កាន់កាប់។
 

សព្វ​ថ្ងៃ លោក​គីម ជុងណាំ​ដែល​ជា​បង​ប្រុស​ឪពុក​ជាមួយ​ម្តាយ​ទីទៃ​របស់​លោក​គីម ជុងអ៊ុន អគ្គមគ្គទេសក៍​បច្ចុប្បន្ន​​របស់​កូរ៉េ​ខាង​ជើង រស់​នៅ​ម៉ាកៅ​និង​នៅ​ប៉េកាំង ជាមួយ​ប្រពន្ធ​និង​កូន​ពីរ​នាក់។ រី​ឯ​សៀវភៅ​របស់​លោក សរសេរ​ដោយ​អ្នក​សារព័ត៌មាន​ជប៉ុន​ម្នាក់ មាន​ចំណង​ជើង​ថា "ឪពុក​ខ្ញុំ​គីម ជុងអ៊ីល​និង​រូប​ខ្ញុំ» នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី​២០​មករា​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ