អានតួអត្ថបទ
កម្ពុជា

ឃាតកម្ម​លើស្ត្រី​បារាំង​នៅកំពត មិនទាន់រកឃើញជនដៃដល់ទេ

រឿងក្តី​ឃាតកម្ម​​លើ​ស្ត្រី​ជនជាតិ​បារាំង​នៅ​ខេត្តកំពត​ នៅ​មិនទាន់​រកឃើញ​​ជនដៃដល់​ពិតប្រាកដ​​នៅឡើយ​ទេ បើ​ទោះណាជា​ជ​នស​ង្ស​យ័​ជនជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​មួយរូប​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក៏ដោយ ​កាលពី​ខែមេសា​ កន្លងទៅនេះ។ ជាមួយនឹង​ការបដិសេធ​រាល់​ការសាកសួរ​មេធាវី​ការពារ​ក្តី​​ជនជាប់ចោទ​ បាន​អះអាងថា​ លោក​បានដាក់​ស្នើ​រួចហើយ​កាលពី​សប្តាហ៍​មុន ដើម្បី​អោយ​កូនក្តី​របស់លោក ស្ថិតនៅ​ក្រៅ​ឃុំ។ ក៏ប៉ុន្តែ ​តុលាការ​បាន​បដិសេធ​ដោយសារ​រឿងនេះ​ជា​បទល្មើស​​ព្រហ្មទណ្ឌ។

ជនសង្ស័យ Oliver ជនជាតិប៊ែលហ្ស៊ិក
ជនសង្ស័យ Oliver ជនជាតិប៊ែលហ្ស៊ិក RFI
ផ្សាយពាណិជ្ជកម្ម

ចៅក្រម​ស៊ើបអង្កេត​តុលាការ​ខេត្តកំពត​ នៅពេលនេះ បាន​បដិសេធចោល​សំណើ​​សុំ​នៅក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិក បន្ទាប់ពី​មេធាវី​ការពារ​ក្តី​ជនជាតិខ្មែរ​​រូបនេះ ​ដាក់ពាក្យ​ស្នើ​សុំ​ទៅ​តុលាការ ​កាលពី​សប្តាហ៍​មុន។ ជនជាតិ​ប៊ែ​ល​ហ្ស៊ិ​ក ឈ្មោះ Oliver, ម្ចាស់ផ្ទះ​សំណាក់ Olly’ Place នៅ​ខេត្តកំពត ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ​កាលពី​ខែមេសា ឆ្នាំ២០១៣ ពីបទ​ជាប់​សង្ស័យ ថា​បានសម្លាប់​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ ​នៅក្នុង​ខេត្ត​មាត់សមុទ្រ​មួយ​នេះ។

លោក ឃុន សុផល, មេធាវី​ការពារ​ក្តី​ជនជាតិ​ប៊ែ​ល​ហ្ស៊ិក បាន​ប្រាប់​វិទ្យុ​បារាំង RFI នៅថ្ងៃនេះ​ថា ​លោក​នឹង​បន្ត​ធ្វើលិខិត​មួយទៀត​ទៅ​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​ ដើម្បី​សុំ​អោយ​កូនក្តី​លោក​នៅ​ក្រៅ​ឃុំ​​ជា​បន្តទៀត។ ជាមួយគ្នានេះ លោក​មេធាវី ឃុន សុផល ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក​កំពុង​ខិតខំ​ស្វែងរក​ភស្តុតាង​បន្ថែមទៀត ​ដើម្បី​ដោះ​បន្ទុក។ ទាក់ទង​ទៅ​នឹង​​ការចាប់ខ្លួន​​កូនក្តីរបស់លោក លោក​មេធាវី​បាន​ហៅ​សាក្សី​និង​ភស្តុតាង​សម្រាប់​ចោទប្រកាន់​ថា មាន​លក្ខណៈ​ខ្សោយ មិនមាន​មូលដ្ឋាន​ច្បាស់លាស់ សម្រាប់​ដាក់បន្ទុក​នោះទេ ដោយសារ​ពេលវេលា​ និង​ទីកន្លែង​វា​មិនមាន​ការ​សមស្រប​​នឹង​គ្នា។ 

ក៏ប៉ុន្តែ​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ, ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌​ បាន​ថ្លែង​បញ្ជាក់​ម្តង​ទៀតថា​ ការចាប់ខ្លួន​ជនសង្ស័យ​គឺធ្វើឡើង​ដោយមាន​សាក្សី​ និង​ភស្តុតាង
ត្រឹមត្រូវ ហើយ​ពេលខ្លះ ​ជាធម្មតា​ ជនល្មើស​មិនដែល​ឆ្លើយថា​ខ្លួន​បាន​ប្រព្រឹត្តនោះទេ។
លោក ម៉ក់ ជី​តូ រំលឹកថា ​ជនសង្ស័យ​ជនជាតិ​ប៊ែ​ល​ហ្ស៊ិក​រូបនេះ ក្រៅពី​បាន​ប្រព្រឹត្ត
បទល្មើស​​នៅ​ប្រទេស​កម្ពុជា គេ​ធ្លាប់មាន​ប្រវត្តិ​មិនល្អ​ផងដែរ​ នៅ​ប្រទេស​របស់គេ។

ជាមួយគ្នានេះ មេប៉ូលិស​កណ្តាល​យុត្តិធម៌​បញ្ជាក់ថា​ នៅ​មិនទាន់មាន​ការបង្គាប់​ពី​តុលាការ
ដើម្បី​ឲ្យ​ប៉ូលិស​ស្វែងរក​ភស្តុតាង​បន្ថែមទៀត​នោះទេ មកទល់ពេលនេះ។ ទោះជា​យ៉ាងនេះ​ក្តី
លោក​ក៏បាន​ចាត់​ឲ្យ​សមត្ថកិច្ច​បន្ត​តាមដាន​នូវ​ដំណើរ​រឿងនេះ ក្រែងលោ​មាន​ភស្តុតាងថ្មីៗ​បន្ថែមទៀត​ ដោយសារ​ចំលើយ​សាក្សី​កន្លងមក ​បានបង្ហាញ​ថា​ជនសង្ស័យ​មាន​គ្នា​ដល់​ទៅ ២នាក់។

ទោះជា​យ៉ាងនេះ​ក្តី ជនសង្ស័យ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិក អូ​លី​វ័រ នៅ​មិនទាន់​សារភាព ថា​ខ្លួន​បាន​ប្រព្រឹត្តដូច​ការចោទប្រកាន់​នៅឡើយ ខណៈដែល​រូបគេ​ត្រូវបាន​ឃុំឃាំង​បន្ទាប់ពី​ការចាប់ខ្លួន
ដោយ​ប៉ូលិស​ក្រសួងមហាផ្ទៃ​ កាលពី​ខែមេសា។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ ប្រចាំខេត្ត​កំពត​ លោក ម៉ម ពិសី បាន​កត់សម្គាល់ថា
សំណុំរឿង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ខេត្ត​ទេសចរណ៍​មួយ​នេះ ​ត្រូវបាន​យកចិត្ត​ទុកដាក់​​​យ៉ាងសកម្ម​ ពី​សំណាក់​សមត្ថកិច្ច​និង​មន្ត្រី​តុលាការ ហើយនឹង​ឈាន​បើកសវនាការ​នៅពេល​ខាងមុខ។

សូម​រំលឹកថា​ ស្ត្រី​ជនជាតិ​បារាំង​ឈ្មោះ Ophélie Begnis អាយុ ២៥ឆ្នាំ ត្រូវបាន​គេ​រកឃើញថា​ស្លាប់​ទាំង​អាក្រាត ដោយ​សាកសព​អណ្តែត​ទឹក​ នៅ​ដៃសមុទ្រ​មួយ​ ក្នុង​ខេត្តកំពត​ កាលពី​ថ្ងៃទី១០ ខែកុម្ភៈ​ឆ្នាំ ២០១៣ កន្លងទៅនេះ ដោយមាន​ស្នាម​វាយ​ត្រង់​ក្បាល​ទៀតផង។​ ឃាតកម្ម​នេះ​​បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​មានការ​ចូលរួម​ស៊ើបអង្កេត​រួមគ្នា​រវាង​ប៉ូលីស​កម្ពុជា​ និង​ប៉ូលីស​បារាំង​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ