អានតួអត្ថបទ
កម្ពុជា

សា​លា​​ក្តី​​ខ្មែរ​​ក្រហម​​កំណត់​​ថ្ងៃ​​បើក​​សវនាការ​​ជា​​ថ្មី​ តែ​​មេធាវី​​ការពា​រ​​ជន​​ជាប់​​ចោទ​​មិន​​ចូល​​រួម​

មេ​ធាវី​ការពារ​ក្តី ខៀវ សំផន លោក គង់ សំអុន បាន​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​ថា រហូត​មក​ដល់​ទល់នឹង​ពេល​នេះ ក្រុម​ការងារ​របស់​លោក​នៅ​តែ​រក្សា​ជំហរ​មិន​ចូល​រួម​ក្នុង​ការ​ប្រជុំ​រៀបចំ​សវនាការ ​បើ​ទោះ​បីជា​មាន​ការ​បង្គាប់​ពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ក៏​ដោយ​។​ ការប្រកាស​ជា​ថ្មី​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បង្គាប់​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ចូល​រួម​ក្នុង​សវនា​ការ​លើ​អង្គ​សេចក្តី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១៧ វិច្ឆិកា​ខាង​មុខ​នេះ​។

លោកមេធាវី គង់ សំអុន សហមេធាវីជាតិ ការពារជនជាប់ចោទ លោក ខៀវ សំផន។
លោកមេធាវី គង់ សំអុន សហមេធាវីជាតិ ការពារជនជាប់ចោទ លោក ខៀវ សំផន។ @ECCC
ផ្សាយពាណិជ្ជកម្ម

សាលា​ក្តី​ខ្មែរ​ក្រហម បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​មួយ​នៅ​ថ្ងៃ​ទី​៣ តុលា​ដោយ​បង្គាប់​ឲ្យ​គ្រប់​ភាគី​ទាំង​អស់ នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ​២ ចូល​រួម​ក្នុង​សវនាការ​លើ​អង្គ​សេចក្តី​នៅ​ថ្ងៃ​ទី ១៧ វិច្ឆិកា​ខាង​មុខ​នេះ។ សាលា​ក្តី​ក៏​បាន​ជូន​ដំណឹង​ដល់​ក្រុម​មេធាវី​ការពារ​ក្តី​ខៀវ សំផន និង​នួន ជា ឲ្យ​បាន​ដឹង​ជា​មុន​ផងដែរ​ថា អង្គ​ជំនុំ​ជម្រះ នឹង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់ ប្រសិន​បើ​ក្រុម​មេធាវី ការពារ​ក្តី​ណា​មួយ​ខក​ខាន​មិន​បាន​គោរព​តាម​ដីការ​បង្គាប់​ឲ្យ​ចូល​រួម​ក្នុង សវនាការ​នាពេល​ខាង​មុខ​នេះ​។

ក៏ប៉ុន្តែ មេធាវី​ការពារ​ក្តី ខៀវ សំផន លោក គង់ សំអុន បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ក្រុមការងារ​របស់​លោក នៅ​តែ​រក្សា​ជំហរ​មិន​ចូល​រួម​សវនាការ តាម​ការ​បង្គាប់​របស់​អង្គ​ជំនុំ​ជម្រះ​ដដែល ដរាបណា សា​រណា​បណ្តឹង​សារ​ទុក្ខ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ មិន​ទាន់​បាន​បញ្ចប់​នោះ។ ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​លោក នួន ជា ក៏​ធ្លាប់​បាន​បញ្ជាក់​ជំហរ​ច្បាស់​លាស់​ដែរ​ថា ​ប្រសិន​បើ​ពាក្យ​បណ្តឹង​ដិតចិត្ត​របស់​លោក នួន ជា សុំ​ដូរ​ចៅ​ក្រម​កាត់​ក្តី​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ទេ លោក​មិន​អាច​ចូល​រួម​សវនាការ​បាន​ឡើយ​។

សូម​បញ្ជាក់​ថា សវនាការ​សំណុំ​រឿង ០០២ វគ្គ២ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១៧​តុលា ប៉ុន្តែ បាន​ជាប់​គាំង ដោយ​សារ​តែ​សហ​មេធាវី​ការពារ​នួន ជា និង​ខៀវ សំផន បាន​នាំ​គ្នា​ដើរ​ចេញ​ពី​សវនាការ​។ ជន​ជាប់​ចោទ នួន ជា បង​ធំ​ទី ២ ក្នុង​របប​ខ្មែរ​ក្រហម​បាន​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​សុំ​ផ្លាស់​ប្តូរ​ចៅ​ក្រម​កាត់​ក្តី​ទាំង​៤​រូប គឺ លោក និល ណុន លោក យ៉ា សា​ខន លោក យូរ ឧត្តរា និង​ចៅ​ក្រម​ជនជាតិ​បារាំង​លោក Jean-Marc Lavergne។

លោក នួន ជា បាន​ចោទ​ចៅក្រម​ទាំង​៤​រូប​នេះ​ថា​លម្អៀង​និង​ខ្វះ​ឯករាជ្យ​ភាព​ក្នុង​ការ​កាត់​ក្តី​។ ចំណែក​សហ​មេធាវី​ការពារ​លោក​ខៀវ សំផន វិញ​សម្អាង​ថា ពួកគេ​ជាប់​រវល់​ធ្វើ​សារណា​បណ្តឹង​សារ​ទុក្ខ​សំណុំ​រឿង ០០២​វគ្គ​ទី២​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ