អានតួអត្ថបទ
កម្ពុជា

កម្មករ​ខ្មែរ ២៤នាក់​ត្រូវបាន​រំដោះ​ចេញពី​ការ​ជួញដូរ

កម្មករ​ខ្មែរ​២៤ ​នាក់ ​ដែល​ត្រូវ​គេ​ជួញដូរ​ឲ្យ​ទៅ​បម្រើការ​នៅ​លើ​ទូក​នេសាទ​ថៃ ​បាន​វិល​ត្រឡប់​មក​ដល់​​ភ្នំពេញ​វិញ​ហើយ​ នៅ​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា​នេះ​។ យុវជន​ដែល​ជា​កម្មករ​ទាំង​នោះ​បាន​ចាញ់​បោក​មេខ្យល់​ ទៅ​ធ្វើការ​ជា​កម្មករ​នេសាទ ​នៅ​លើ​ទូក​នេសាទ​សមុទ្រ​ក្នុង​ប្រទេស​ថៃ​ ហើយ​ត្រូវ​ចាប់​ខ្លួន​ នៅ​ប្រទេស​​ម៉ូរីស (Maurice)។​ បន្ទាប់​ពី​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ភ្នំពេញ ​ដោយ​សហការ​ជាមួយ​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ ពួកគេ​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​វិញ។

ពលករ​ខ្មែរ ដែល​ចាញ់​បោក​មេខ្យល់ បាន​វិលត្រឡប់​ពី​ប្រទេស​ម៉ូរីស​មក​កម្ពុជា​វិញ
ពលករ​ខ្មែរ ដែល​ចាញ់​បោក​មេខ្យល់ បាន​វិលត្រឡប់​ពី​ប្រទេស​ម៉ូរីស​មក​កម្ពុជា​វិញ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ពលករ​ខ្មែរ​ ២៤ ​នាក់ ​ដែល​សុទ្ធតែ​ជា​យុវជន​ពេញ​កម្លាំង​ បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី៥​វិច្ឆិកា​នេះ​ បន្ទាប់​ពី​ទទួល​ការ​សង្គ្រោះ​ពី​ការ​ជួញដូរ។ ​ឧត្តមសេនីយ៍ ​ជីវ ផល្លី ​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ទៅ​ទទួល​ពលករ​ទាំងនោះ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ថា ​សមត្ថកិច្ច​នឹងស្រាវជ្រាវ​ ដើម្បី​ស្វែងរក​ចាប់​មេខ្លោង​ដែល​បាន​នាំពលករ​ទាំង​នោះ​ទៅ​ក្រៅ​ប្រទេស។

នៅ​ពេល​មក​ដល់​ភ្លាម ​ពួកគេ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​ មុន​នឹង​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ ​ដើម្បី​សាកសួរ​រក​មេខ្លោង​ដែល​ជា​មេខ្យល់​នាំ​កម្មករ​ទាំងនោះ​ទៅ​កាន់​ប្រទេស​ថៃ។ ជនរងគ្រោះ​ទាំង ​២៤​នាក់​នោះ ​សុទ្ធតែ​ជា​យុវជន​វ័យក្មេង​ ដែល​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ទៅ​ជាង២០​ឆ្នាំ​។ ​អ្នក​ទាំងនោះ​ភាគច្រើន​មាន​ស្រុក​កំណើត​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ។​ ពួកគេ​បាន​រងគ្រោះ​ដោយ​ការ​អូសទាញ​ពី​សំណាក់​មេខ្យល់ ​និង​ទីបំផុត​ក៏​ត្រូវ​គេ​ជួញដូរ​ឲ្យ​ទៅធ្វើការ​នៅ​លើ​ទូក​នេសាទ​ក្នុង​ប្រទេស​ថៃ។ ​ប៉ុន្តែ ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ទូក​នេសាទ ​ពួកគេ​ក៏បាន​ជ្រុល​ដំណើរ​ទៅ​នេសាទ​ដល់​ប្រទេសម៉ូរីស ​ដែល​ជា​ប្រទេស​ដែន​កោះ​មួយ​ស្ថិត​ក្នុងមហាសមុទ្រ​ឥណ្ឌា។

កម្មករ​ទូក​នេសាទ​ទាំង​នោះ ក៏​ត្រូវ​បាន​អាជ្ញាធរ​ប្រទេសម៉ូរីស​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​ទី​២៨​មិថុនា​ឆ្នាំ​២០១១ ​ដោយ​មូលហេតុ​ឆ្លងដែន​ចូល​ក្នុង​សមុទ្រ​ប្រទេស​នោះ​ដោយ​ខុស​ច្បាប់។​ ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ ​ក្រសួង​មហាផ្ទៃ​កម្ពុជា ​ដោយ​សហការ​ជាមួយ​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ ​(IOM) ​ក៏​បាន​ទាក់ទង​ទៅ​រដ្ឋាភិបាលម៉ូរីស ​ដើម្បី​ដោះស្រាយ​ និង​នាំ​ពលករ​ទាំងនោះ​ត្រឡប់​មក​ប្រទេស​វិញ។ ទីបំផុត​ ពួកគេ​បាន​វិល​មក​ដល់​ប្រទេស​វិញ​ ក្រោម​ការ​ជួយជ្រោមជ្រែង​ពី​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ ​និង​រដ្ឋាភិបាលម៉ូរីស។​ក្រុម​យុវជន​​រងគ្រោះ​បាន​សម្តែង​ការ​រីករាយ​នៅ​ពេល​ដែល​បាន​មក​ដល់​ប្រទេស​វិញ​ បន្ទាប់​ពី​បាន​ផ្សងព្រេង​និង​រសាត់​អណ្តែត​គ្មាន​ទិសដៅ​មួយ​រយៈ​មក។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ ​ដែល​យុវជន​ និង​ស្ត្រីខ្មែរ​បាន​ចាញ់​បោក​គេ​ហើយ​ទទួល​រងគ្រោះ​ដោយ​សារ​ការ​ចាកចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ កាលពី​ពេល​ថ្មីៗ​នេះ ​រដ្ឋាភិបាល​ទើប​តែ​បាន​ផ្អាក​ការ​នាំ​ស្ត្រីខ្មែរ​ទៅ​ធ្វើការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ជាច្រើន​ អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​នៅ​ឯ​កន្លែង​ធ្វើការ។​ ធ្ងន់ធ្ងរ​ជាង​នេះ ​កម្មករ​ទូកនេសាទ​នៅ​ប្រទេស​ថៃ​ ត្រូវ​គេ​រាយការណ៍​ថា​ ទទួល​រង​ការ​បំពាន​ដូច​ទាសករ​ដាច់​ថ្លៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ