អានតួអត្ថបទ
កម្ពុជា

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​បាតុ​កម្ម​តាម​ការ​គ្រោង​ទុក​ជា​លើក​ទី​បី​

នៅ​​​ព្រឹក​​​ថ្ងៃ​​ទី​​១​១​​ សីហា​​ នេះ​​ ក្រុម​​យុវ​​ជន​​​សហគមន៍​​​ខ្មែរ​​ក្រោម​​ បាន​​ធ្វើ​​​បាតុ​​កម្ម​​​ជា​​​លើក​​​ទី​៣​​ ដើម្បី​​​ទាម​​ទារ​​​ឲ្យ​​​​អ្នក​​នាំ​​ពាក្យ​​​ស្ថាន​​ទូត​​​វៀត​​ណាម​​​ សុំ​ទោ​ស​​​ជាសាធារណៈ​​ ​ចំពោះ​​​អ្វី​​ដែល​​​ខ្លួន​​​អះ​​អាង​​ថា​​ ទឹក​​ដី​​​កម្ពុជា​​​ក្រោម​ ជា​​ទឹកដី​​របស់​រៀ​ត​​ណា​ម​​​តាំងពី​​យូរយារ​​​ណាស់​​មក​ហើយ។​ សហគមន៍​​​ខ្មែរ​​កម្ពុជា​​ក្រោម​ ធ្លាប់​បាន​​ធ្វើបា​តុក​ម្ម​​ចំនួន​​ពីរលើ​ក​​មក​ហើយ​ ក៏​ប៉ុន្តែ​​គ្មាន​​ការ​ឆ្លើយ​តប​​ណា​មួ​យ​​នោះ​ទេ។ ​ បាតុកម្ម​​ថ្ងៃ​នេះ​​បាន​ធ្វើ​​ឡើង​​នៅ​ឯ​​ទីលាន​​ប្រជា​ធិប​តេយ្យ​​បន្ទាប់​ពីទីលាន​​នេះ​​ត្រូវ​បាន​​បើក​​ឲ្យ​​ប្រើ​ប្រាស់​​ឡើង​វិញ​។​

ក្បួនដង្ហែញ្ញត្តិរបស់សមាគមន៍ខ្មែរកម្ពុជាក្រោម ថ្ងៃទី១១ សីហា ឆ្នាំ២០១៤។
ក្បួនដង្ហែញ្ញត្តិរបស់សមាគមន៍ខ្មែរកម្ពុជាក្រោម ថ្ងៃទី១១ សីហា ឆ្នាំ២០១៤។ rfi/Chab Mikthona
ផ្សាយពាណិជ្ជកម្ម

ក្រុម​យុវ​ជ​ន​ ព្រះ​សង្ឃ​ និង​​ប្រជាព​ល​រដ្ឋ​​ជា​ច្រើន​​រយ​​នាក់​ បាន​នាំ​គ្នា​​កាន់​​ទង់​ជាតិ​​ខែ្មរ​ ទង់​ជាតិ​​ខ្មែរ​​កម្ពុជា​​ក្រោម​ និង​​ទង់​​ព្រះ​ពុទ្ធ​សាសនា​ ហើយ​​ខ្លះ​ទៀត​​កាន់​​បដារ​​ដែល​​សរ​សេរ​​ថា​ «​ខ្មែរ​​រួមគ្នា ​​ខ្មែរ​​រស់​» ​​និង​​ថា​ «​រដ្ឋា​ភិបាល​​វៀត​ណាម​​ត្រូវ​គោរព​​គោល​ការណ៍​​អាស៊ាន​​ឲ្យ​​បាន​​ត្រឹមត្រូវ» ​ជា​ដើម​។ ​ពួក​គេ​​បាន​​ជួបជុំ​គ្នា​ នៅ​​ម៉ោង​​ប្រហែល​​ជាង៨​ ព្រឹក​​ថ្ងៃ​ទី​១​​​១​ សីហា​ នៅ​​ទីលាន​​ប្រជា​ធិប​តេយ្យ​ មុន​នឹង​​ហែ​​ក្បួន​​ទៅ​​ដាក់​​ញ្ញត្តិ​​តាម​​ស្ថាន​ទូត​​ប្រទេស​​អាស៊ាន​​ឲ្យ​​ជួយ​​ធ្វើ​​អន្ត​រាគ​មន៍​។​

លោក​ ថាច់​ សេដ្ឋា​ ប្រធាន​​សហគម​​ន៍ខ្មែរ​​កម្ពុជា​​ក្រោម ​​បាន​​ឲ្យ​​ដឹង​ថា​ ​បាតុកម្ម​​នេះ​ ធ្វើ​ឡើង​​ដើម្បី​​ទាម​ទារ​​ឲ្យ​​ក្រសួង​ការ​បរទេស​​ខ្មែរ​ កោះ​ហៅ​​ឯក​អគ្គ​រដ្ឋ​ទូត​​វៀត​ណាម​ ធ្វើ​​កំណត់​ហេតុ​​ការទូត​ អំពី​​រឿង​​ដែល​​មន្ត្រី​​ស្ថាន​​ទូ​ត​រៀ​ត​​ណា​ម​ លោក​ ត្រឹង​ វ៉ាន់​​ថុង​ បាន​​លើក​ឡើ​ង​ថា ​ទឹកដី​​ខ្មែរ​​កម្ពុជា​​ក្រោម​ ជា​​ទឹកដី​​របស់​វៀតណាម​​តាំងពី​​យូរ​មក​ហើយ។​ ក្រុម​បាតុករ​​បាន​​ដង្ហែ​ក្បួន​​ទៅ​​ដាក់​​ញ្ញត្តិ​​តាម​​​ស្ថាន​ទូត​​បណ្តា​​ប្រទេស​​អាស៊ាន​​ឲ្យ​​ជួយ​​ធ្វើ​អន្តរាគមន៍​ ឲ្យ​​ប្រទេស​​វៀត​ណាម​​គោរព​​​គោលការណ៍​​អាស៊ាន​ មិន​​ជ្រៀត​ជ្រែក​​កិច្ចការ​​ផ្ទៃ​ក្នុង​​កម្ពុជា​ ដូច​​ជាកា​រ​​ថ្លែង​​ប៉ះពាល់​​ដល់​​កម្ពុជា​​ជា​ដើម។​

សូម​​បញ្ជាក់​ដែរ​ថា​ បាតុកម្ម​​នៅ​​ព្រឹក​​មិញ​​នេះ​ ក៏​មា​ន​​ការ​ចូល​រួម​​ផងដែរ​ ពី​​តំណាង​រាស្ត្រ​​គណបក្ស​​​សង្គ្រោះ​​ជាតិ​ សម្ព័ន្ធ​​និស្សិត​​បញ្ញវន្ត​​កម្ពុជា​ ប្រជា​ពល​រដ្ឋ​ ព្រះ​សង្ឃ​ និង​​ដោយ​មាន​​ការ​ឃ្លាំ​មើល​​ពី​​កង​សន្តិ​សុខ​​ខ​ណុ្ឌ​ និង​​អាជ្ញា​ធរ​​ជាច្រើន​​នាក់។​

លោក​ ណៃ​ វ៉ង់​​ដា​ អនុ​ប្រធាន​​ផ្នែក​​ស៊ើប​អង្កេត​​និង​​ជំនួយ​​ផ្នែក​​ច្បាប់ ​នៃ​សមាគម​​ការពារ​​សិទ្ធិមនុស្ស​ អាដ​ហុក​ ដែល​​សង្កេត​ការណ៍​​ជុំវិញ​​ការ​ប្រមូល​ផ្តុំ​​នោះ​ យល់​ឃើញ​ថា​ វត្ត​មាន​​របស់​​​សន្តិ​សុខ​​នៅ​​ទីលាន​​ប្រជា​ធិបតេយ្យ​ មិន​មាន​​អ្វី​​ប្លែក​​នោះ​ទេ។​ លោក​បន្ថែម​ថា​ វា​​ជា​​រឿង​​ល្អ ​ប្រសិនបើ​​សន្តិសុខ​​មក​​រៀប​ចំ​​សណ្តាប់​ធ្នាប់​ និង​រក្សា​​សុវត្ថិភាព​​ជូន​បាតុករ​ ក៏ប៉ុន្តែ​​ប្រសិនបើ​​ពួកគាត់​​មក​រា​រាំង​ ហាមឃា​ត់​​ដោយ​​ប្រការ​​ណាមួយ​ នោះ​​ជាការ​​បំបិទ​​សិទ្ធិ​​ប្រជាពល​រដ្ឋ​។​ 

សូម​​រម្លឹក​​ដែរ​​ថា​ បាតុកម្ម​​ដែល​​ធ្វើ​ឡើង​​ដោយ​​សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​ ជា​​បាតុកម្ម​​លើក​​ទី​បី​​ហើយ​ បន្ទាប់​ពី​ការ​ធ្វើ​​បាតុកម្ម​​ចំនួន​​ពីរ​លើក​ ដោយ​គ្មាន​​លទ្ធផល។​ ជាងនេះ​ទៅទៀត​ បាតុ​កម្ម​​នេះ​ ធ្វើ​ឡើង​​ប៉ុន្មាន​​ថ្ងៃ​ ក្រោយ​ពី​​ទីលាន​​ប្រជា​ធិបតេយ្យ​​បើក​​ឲ្យ​​ប្រើ​ប្រាស់​​ឡើង​វិញ។​ ក្បួន​​ដង្ហែ​​​បាន​​ចេញ​​ពី​ទីលាន​​ប្រជាធិបតេយ្យ​​នៅ​​ម៉ោង​​ប្រមាណ១០​ព្រឹក​ ហើយ​​ពុំមា​ន​​អំពើ​ហិង្សា​​ណា​មួយ​​កើត​ឡើង​​នោះ​ឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ