អានតួអត្ថបទ
អាមេរិក-អាស៊ី

ចន ឃែរី៖ នយោបាយ​អាមេរិក​នៅ​អាស៊ី​នៅតែ​ជា​អាទិភាព​ទោះបី​មាន​វិបត្តិថវិកា

ថ្ងៃសៅរ៍​នេះ ឈានចូល​ដល់​ថ្ងៃ​ទី៥​ហើយ ដែល​សេវាកម្ម​ជា​ច្រើន​នៃ​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​ត្រូវ​បិទទ្វារ ដោយសារ​តែ​វិបត្តិ​ថវិកា។ វិបត្តិ​នេះ​ក៏​បាន​ជំរុញ​ឲ្យ​លោក​អូបាម៉ា​លុបចោល​ដំណើរទស្សនកិច្ច​ទៅកាន់​តំបន់​អាស៊ី​ផងដែរ។ ក៏ប៉ុន្តែ លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បាន​អះអាង​នៅថ្ងៃ​សៅរ៍​នេះ​ថា ​នយោបាយ​ការបរទេស​របស់​លោក​អូបាម៉ា នៅ​អាស៊ី នៅតែមាន​អាទិភាព​ខ្ពស់​ដដែល ដោយ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ។

លោក​ចន ឃែរី (John Kerry) ក្នុង​ជំនួបកំពូល APEC ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃសៅរ៍ ទី៥ តុលា ២០១៣
លោក​ចន ឃែរី (John Kerry) ក្នុង​ជំនួបកំពូល APEC ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃសៅរ៍ ទី៥ តុលា ២០១៣ REUTERS
ផ្សាយពាណិជ្ជកម្ម

លោក ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី ដើម្បី​ចូលរួម​ក្នុង​ជំនួបកំពូល​មួយចំនួន ជំនួសឲ្យ​​លោក​អូបាម៉ា ដែលបាន​​សម្រេច​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​អាស៊ី ដោយ​សារ​តែ​វិបត្តិ​ថវិកា នៅ​វ៉ាស្ហ៊ីងតោន។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ក្នុង​អំឡុង​វេទិកា​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក (ហៅកាត់​ថា APEC)​ ដែល​បើក​ធ្វើ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី លោក​ ចន ឃែរី បាន​អះអាង​ថា អ្វី​ដែល​កំពុង​តែ​កើតឡើង​នៅ​វ៉ាស្ហ៊ីងតោន​មិន​ធ្វើ​ឲ្យ​មាន​អ្វី​ប្រែប្រួល​សូម្បី​តែ​បន្តិច ចំពោះ​អាទិភាព​របស់​អាមេរិកនៅ​អាស៊ី។

ក៏ប៉ុន្តែ ក្នុង​ពេលជាមួយគ្នា ប្រមុខការទូត​អាមេរិក​បាន​ទទួលស្គាល់​ថា ប្រសិនបើ​វិបត្តិថវិកា​អាមេរិក​អូសបន្លាយ​ពេល​យូរ​តទៅទៀត វា​នឹង​អាច​ធ្វើ​ឲ្យ​កិច្ចការទូត​អាមេរិក​នៅទូទាំង​ពិភពលោក ត្រូវ​​ធ្លាក់ចុះ​ខ្សោយ។ បណ្តាជន​នៅទូទាំង​ពិភពលោក​អាច​នឹង​ចាប់ផ្តើមមាន​មន្ទិលសង្ស័យ​លើ​ឆន្ទៈ និង​សមត្ថភាព​របស់​អាមេរិក ក្នុងការ​រក្សា​នយោបាយ​ការបរទេស​របស់​ខ្លួន។

អ្នកវិភាគឯករាជ​ខ្លះ​នៅ​អាមេរិក​ក៏​បាន​បង្ហាញ​នូវការ​យល់ឃើញ​ស្រដៀងគ្នា​នេះ​ដែរ។ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ខាង​នយោបាយ​ការបរទេស​អាមេរិក (Council on Foreign Relations) យល់ថា ភាព​ជាប់គាំងក្នុង​ការ​អនុម័ត​ថវិកា​ជាតិ​នៅ​ពេលនេះ​​​កំពុង​តែ​បង្ហាញ​ពី​ភាព​ផុយស្រួយ​នៃ​ស្ថិរភាព​ក្នុង​ដំណើរការ​របស់​ស្ថាប័ន​កំពូលៗ​របស់​អាមេរិក ហើយ​នៅលើ​ឆាកអន្តរជាតិ នេះ​គឺ​ជា​ចំណុចខ្សោយ​មួយ សម្រាប់​ប្រទេស​ដែល​ជា​មហាអំណាច​ពិភពលោក។

សម្រាប់​អ្នក​វិភាគ​ម្នាក់ទៀត មក​ពី​​មជ្ឈមណ្ឌល​ស្រាវជ្រាវ Center for Strategic and International Studies (CSIS) ចំណុច​ខ្សោយ​របស់​អាមេរិក​នៅលើ​ឆាក​អន្តរជាតិ ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​រួចជាស្រេច​ទៅហើយ តាមរយៈ​ការ​លុបចោល​ដំណើរទស្សនកិច្ច​របស់​លោក​អូបាម៉ា ទៅកាន់​តំបន់​អាស៊ី។

នៅ​ក្នុង​ពេលនេះ វិបត្តិ​ថវិកា​អាមេរិក​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី៥ ដោយ​គ្មាន​ពន្លឺ​នៃ​ដំណោះស្រាយអ្វី​​សូម្បី​តែ​បន្តិច​ ដោយសារ​តែ​ភាគី​ទាំងពីរ គឺ​ម្ខាង​ លោក​អូបាម៉ា និង​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​ម្ខាង​ទៀត សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ នៅតែ​ប្រកាន់​ជំហរ​តឹងរ៉ឹង​រៀងៗ​ខ្លួន ដោយ​គ្មាន​ខាងណា​សុខចិត្ត​ធ្វើ​​សម្បទាន​អ្វី​ទាំងអស់។ គណបក្ស​សាធារណរដ្ឋ ដែល​មាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋ​សភា​ បាន​​ព្យាករ​ថា វិបត្តិ​ថវិកា​នេះ​អាច​នឹង​អូសបន្លាយ​ពេល​រហូត​ដល់​ទៅ​រាប់​សប្តាហ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ