អានតួអត្ថបទ
ជប៉ុន

ជប៉ុនរក្សា​ពាក្យ​ “សុំ​ទោស​” ដដែល​ ក្នុង​​សំណុំ​រឿង​ ទាសករ​ផ្លូវភេទ

នៅ​ថ្ងៃ​សុក្រ​ទី ២០​មិថុនា​នេះ ជប៉ុន បាន​ប្រកាស​បញ្ជាក់​ជំហរ​ជា​ថ្មី ថា​មិន​ត្រលប់​ទៅ​សើរើ​ពាក្យ​សុំ​ទោស ដែល​រដ្ឋាភិបាល​តូក្យូ​ធ្លាប់​ធ្វើ​កាលពី​ឆ្នាំ​១៩៩៣​ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ទាសករ​ផ្លូវ​ភេទ​ទេ។ ការ​អះអាង​ផ្លូវការ​តាមរយៈ​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​នេះ​ ​ទំនង​សារ​លួង​លោម​ប្រទេស​ជិត​ខាង កូរ៉េខាង​ត្បូង និង​ចិន មិន​ឱ្យ​បញ្ចេញ​ប្រតិកម្ម​អវិជ្ជមានអ្វី​ បន្ថែម​លើ​ទំនាក់ទំនងដ៏​ស្រ​អាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

អ្នកស្រី Park Du-ri អតីត​ទាសករ​ផ្លូវភេទ​ជាតិកូរ៉េខាង​ត្បូង ឈរ​ថត​នៅក្បែររូប​ចម្លាក់​ Kwangju នៅ​សេអ៊ូល ដែល​ឧទ្ទិស​ដល់​ទាសករ​ផ្លូវ​ភេទក្នុង​សម័យ​សង្គ្រាម (Photo Reuters)
អ្នកស្រី Park Du-ri អតីត​ទាសករ​ផ្លូវភេទ​ជាតិកូរ៉េខាង​ត្បូង ឈរ​ថត​នៅក្បែររូប​ចម្លាក់​ Kwangju នៅ​សេអ៊ូល ដែល​ឧទ្ទិស​ដល់​ទាសករ​ផ្លូវ​ភេទក្នុង​សម័យ​សង្គ្រាម (Photo Reuters) Reuters
ផ្សាយពាណិជ្ជកម្ម

“ជប៉ុន​មិន​ប្តូរ​ជំហរ​ទេ” ! យើង​ក៏​ឈឺចាប់​ដូច​អ្នក​បាន​រងគ្រោះ​ដែរ! នេះ​ជា​ការ​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន​ លោក យោស្ហ៊ីហ៊ីដេ ស៊ូហ្កា Yoshihide Suga។ មិន​ប្តូរ​ជំហរ បាន​ន័យ​ថា ពាក្យ​សុំ​ទោស នៅ​តែ​ ​សុំ​ទោស គ្មាន​ការ​សើ​រើ ដក​ចេញ​វិញ​ទេ។

 
នៅឆ្នាំ​១៩៩៣ ជប៉ុន​ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ផ្លូវការ ឈ្មោះ គូណូ (ឈ្មោះ​ប្រមុខ​រដ្ឋាភិបាល​​ជប៉ុន​ នៅ​សម័យ​នោះ) សុំ​ទោស​ជា​ផ្លូវការ​​ និង​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ទង្វើ​​ចាប់​ស្ត្រី​​មក​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ បម្រើ​សេចក្តី​ត្រូវការ​ផ្នែក​តុណ្ហា​របស់​ពលទាហានជប៉ុន ក្នុង​សម័យ​សង្គ្រាមលោក។ ប៉ុន្តែ​តាំង​ពី​មាន​រដ្ឋាភិបាល​ថ្មី អភិរក្ស​មក មាន​ពាក្យ​ចចាម​អារាម​លេច​ឮ​ថា​រដ្ឋាភិបាល​អភិរក្ស​របស់​លោក ស៊ីនហ្សូ អាបេ ​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ សិក្សា​ឡើង​វិញ​សក្ខីកម្ម​របស់​ស្ត្រី​ជា​ទាសករ​ផ្លូវ​ភេទ​ជាតិ​កូរ៉េខាងត្បូង​ ថា​តើ​ការ​សុំ​ទោស​ឆ្នាំ​១៩៩៣​ពិត​ជា​សមហេតុ​ផល​ឬ​អត់ ឬ​ក៏​ត្រូវ​ដក​ពាក្យ​មក​វិញ។ ជា​ហេតុធ្វើ​ឱ្យ​ ​កូរ៉េខាង​ត្បូង​ និង​ចិន មាន​សប្បាយ​ចិត្ត​ គិត​ថា​ជប៉ុន​នឹង​ដក​ពាក្យ​សុំ​ទោសនោះ។

នៅ​ថ្ងៃសុក្រ​នេះ​ ទំនងយល់​និង​មិន​ចង់​ឃើញ​មាន​ប្រតិកម្ម​អវិជ្ជមាន​អ្វី​​ពី​ប្រទេស​ជិត​ខាង​ អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​ជប៉ុន​បាន​ពន្យល់​ការពារ​ខ្លួន​ថា ការ​បើក​អង្កេត​ ដោយ​ប្រើ​ភ្នាក់ងារ​ សម្ងាត់ ជា​បញ្ញាវ័ន្ត​​ ផ្ចង់​លម្អិត​​សិក្សា​ឡើង​វិញ​ សក្ខីកម្ម​ដែល​ជប៉ុន​ធ្លាប់​ប្រើ​ជា​មូលដ្ឋាន​ សុំ​ទោស​នោះ គឺ​ជា​សកម្មភាព​ធម្មតា​ ក្នុងទម្លាប់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ ដែល​ត្រូវ​ផ្តល់​តម្លាភាព​ដល់​​រដ្ឋសភា​ និង​គឺ​ដើម្បី​បានយល់​អំពី​ប្រវត្តិសាស្ត្រ​ ប៉ុណ្ណោះ។ គ្មាន​ឡើយ​គំនិត​ចង់​សើរើ​ ពាក្យ​សុំ​ទោស។

ពាក្យ​ចចាម​អារាម​ សេចក្តី​ថ្លែងការណ៍​មិន​ច្បាស់លាស់ ទាក់ទង​នឹង​​សំណុំ​រឿង​ទាសករ​ផ្លូវ​ភេទ​នេះ តែង​តែ​មក​បំពុល​ទំនាក់​ទំនង​ការទូត​ជប៉ុន​និង​ប្រទេស​ជិត​ខាង​ជា​ពិសេស​កូរ៉េខាង​ត្បូង​ចិន ល្អក់​កករ​យ៉ាង​ខ្លាំង។ បើ​តាម​អ្នក​ឯកទេស​ផ្នែក​ប្រវត្តិសាស្ត្រ នៅក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ​នោះ មាន​ស្រ្តី​ប្រមាណ ២សែន​រងគ្រោះ​ ចាប់​បង្ខំ​ឱ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​បម្រើ​ទាហាន​ជប៉ុន។ ពួក​គេ​ភាគច្រើន​ជា​ជនជាតិ​កូរ៉េខាង​ត្បូង និង​ក៏​មាន​ដែរ​ស្ត្រី​​ចិន ឥណ្ឌូណេស៊ី ហ្វីលីពីន និង​តៃវ៉ាន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ