អានតួអត្ថបទ
ជប៉ុន

ជប៉ុន​បាន​ពង្រីក​ប្រព័ន្ធ​ការពារខ្លួន​ប្រឈម​នឹង​ចិន

នៅ​ថ្ងៃ​សៅរ៍ ទី២០ មេសា ជប៉ុន​បាន​ចាប់​ផ្តើម​សាងសង់​ស្ថានីយ៍​រ៉ាដា​យោធា​នៅ​លើ​កោះ​យ៉ូណាហ្គុយនី។ បើ​គិត​តាម​ភូមិសាស្រ្ត កោះ​យ៉ូណាហ្គុយនី​របស់​ជប៉ុន​ដែល​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាង​កើត​មួយ​នេះ​មាន​ចម្ងាយ​ជិត​ជាង​ប្រទេស​ចិន ជាង​ទីក្រុង​តូក្យូ។ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​អ៊ីតស៊ូណូរី អូណូដឺរ៉ា​បាន​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ថានីយ៍​រ៉ាដា​យោធា​នៅ​លើ​កោះ​យ៉ូណាហ្គុយនី​នោះ។ ថ្លែង​នា​ឱកាស​នោះ លោក​អូណូដឺរ៉ា​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ពង្រីក​ការ​សាងសង់​ស្ថានីយ៍​រ៉ាដា​យោធា​នៅ​កន្លែង​ផ្សេងៗ​ទៀត។

លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​ អ៊ីតស៊ូណូរី អូណូដឺរ៉ា
លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​ អ៊ីតស៊ូណូរី អូណូដឺរ៉ា Reuters
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ជប៉ុន នេះ​ជា​ស្ថានីយ៍​រ៉ាដា​យោធា​លើក​ទីមួយ​ដែល​ខ្លួន​បាន​សាងសង់ តំាង​ពី​ក្រោយ​សហរដ្ឋអាមេរិក​បាន​ប្រគល់​កោះ​អូគីណាវ៉ា​ឲ្យ​ជប៉ុន​ក្នុង​ឆ្នំា ១៩៧២។ តែ​វិធានការ​ការពារ​របស់​រដ្ឋាភិបាល​ជប៉ុន​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​ទីក្រុង​តូក្យូ និង​ប៉េកំាង​កំពុង​ឡើង​តានតឹង​ខ្លំាង​ជុំវិញ​ជម្លោះ​ទីប្រជុំ​កោះ​សេនកាគុ។ ទីប្រជុំ​កោះ​សេនកាគុ​ដែល​សព្វថ្ងៃ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន តែ​ចិន​កំពុង​ទាមទារ​ថា​ជា​របស់​ខ្លួន។ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​អូណូដឺរ៉ា​បាន​បញ្ជាក់​ថា ជប៉ុន​នឹង​បន្ត​សាងសង់​ស្ថានីយ៍​រ៉ាដា​យោធា​របៀប​នេះ​នៅ​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​គោលដៅ​ការពារ​ទីប្រជុំកោះ​ទំាង​អស់​ដែល​ជា​កម្មសិទ្ធិ​របស់​ជប៉ុន។

គួរ​ជម្រាប​ជូន​ថា ជម្រើស​សាងសង់​ស្ថានីយ៍​រ៉ាដា​លើ​កោះ​យ៉ូណាហ្គុយនី​ពេល​នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​ថា កោះ​ដែល​មាន​ផ្ទៃក្រឡាដី ៣០គីឡូម៉ែត្រក្រឡា និង​មាន​ប្រជាជន​ជប៉ុន​រស់នៅ​ប្រមាណ​ជា ១ ៥០០នាក់​នោះ មាន​ចម្ងាយ​ពី​ទីប្រជុំ​កោះ​សេនកាគុ​តែ​ប្រមាណ​ជា ១៥០គីឡូម៉ែត្រ​ប៉ុណ្ណោះ។ ដូច្នេះ វា​ពិត​ជា​ងាយ​ស្រួល​សម្រាប់​ជប៉ុន​ក្នុង​ការ​តាម​ឃ្លំាមើល​សកម្មភាព​របស់​យន្តហោះ​ចិន និង​កប៉ាល់​ចិន​ដែល​ឧស្សាហ៍​ចូល​មក​ក្បែរ​ទីប្រជុំ​កោះ​សេនកាគុ​របស់​ជប៉ុន។ ការ​សម្រេច​ចិត្ត​របស់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស៊ីន ហ្សូអាបេ​នេះ ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ក្តីបារម្ភ​របស់​ជប៉ុន​ចំពោះ​ទីប្រជុំកោះ និង​កោះ​មួយ​ចំនួន​របស់​ខ្លួន​ដែល​កំពុង​ទទួល​ការ​គំរាមកំហែង​ចង់​បាន​របស់​ចិន។ ជាមួយ​នឹង​ប្រព័ន្ធ​រ៉ាដា​នេះ ជប៉ុន​នឹង​អាច​ប្រឈម​ទប់​នឹង​គ្រប់​គ្រាប់មីស៊ីល ព្រម​ទំាង​អាច​ឃ្លំា​មើល​នូវ​សកម្មភាព​ចល័ត​ទ័ព​របស់​ចិន។

កាល​ពី​ខែ​ធ្នូ ឆ្នំា ២០១៣ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ពី​ការ​ដំឡើង​ថវិកា​យោធា​ក្នុង​គោលដៅ​ប្រឈម​ទប់​នឹង​ឥទ្ធិពល​យោធា​របស់​ប្រទេស​ចិន។ ចិន​ដែល​ជប៉ុន​បាន​ចោទ​ពី​បទ​បាន និង​កំពុង​ពង្រឹង​កម្លំាង​យោធា​ជើងគោក ជើងទឹក និង​ជើងអាកាស​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត។ ជាក់ស្តែង​ថ្មីៗ​នេះ គឺ​ការ​បង្កើត​តំបន់​ការពារ​ដែន​អាកាស​ដែល​បាន​គ្របដណ្តប់​លើ​ទីប្រជុំកោះ​សេនកាគុ​របស់​ជប៉ុន​ទៀត​ផង។ តំបន់​ការពារ​ដែនអាកាស​ដែល​ចិន​បាន​ទទួល​រង​ការ​រិះគន់ ទិតៀន​ពី​ជប៉ុន កូរ៉េខាងត្បូង និង​ពី​សហរដ្ឋអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ