អានតួអត្ថបទ
ភូមា-ជប៉ុន

ជប៉ុន​សន្យា​ធ្វើ​ការអភិវឌ្ឍន៍​តំបន់​ឧស្សាហកម្ម​មួយ​ក្នុង​ប្រទេស​ភូមា

នៅ​ថ្ងៃ​សុក្រ ទី២១ ធ្នូ​ម្សិលមិញ ប្រទេស​ជប៉ុន និង​ប្រទេស​ភូមា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​អភិវឌ្ឍន៍​តំបន់​ឧស្សហកម្ម​មួយ​ស្ថិត​ក្បែរ​ទីក្រុង​រ៉ង់ហ្គូន។ នេះ គឺ​ជា​គម្រោង​អភិវឌ្ឍ​មួយ​ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍ​​ផ្សេង​ទៀត​ដែល​រដ្ឋាភិបាល​ភូមា​សន្យា​នឹង​ធ្វើ​ដើម្បី​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ឡើង​វិញ។ ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ដែល​បាន​ធ្លាក់​ដល់​បាត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​របបសឹក​នា​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

លោកប្រធានាធិបតីភូមា ថេន​សេន
លោកប្រធានាធិបតីភូមា ថេន​សេន REUTERS/Tomohiro
ផ្សាយពាណិជ្ជកម្ម

តំបន់​ឧស្សាហកម្ម​នោះ គឺ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈ្មោះ​ធីឡាវ៉ា​ដែល​មាន​ផ្ទៃដី​ទំហំ ២ ៤០០ហិចតា មាន​កំពុងផែ​មួយ និង​មាន​ចម្ងាយ​ប្រមាណ​ជា ២៥គីឡូម៉ែត្រ​ពី​ទីក្រុង​រ៉ង់ហ្គូន។ លោក​អនុរដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន​បាន​បញ្ជាក់​ថា នេះ​ជា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​រវាង​ជប៉ុន និង​ភូមា​ដែល​មិន​ធ្លាប់​មាន​ពី​ពេល​មុន​ទេ។ យោង​តាម​កិច្ចព្រមព្រៀង ការ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ធីឡាវ៉ា​នឹង​ត្រូវ​ធ្វើ​ឡើង តាម​រយៈ​ការ​បង្កើត​ក្រុមហ៊ុន​ចម្រុះ​ភូមា ជប៉ុន​នៅ​ឆ្នំា ២០១៣ និង​ចាប់​ផ្តើម​ដំណើរការ​សាងសង់​នៅ​ឆ្នំា ២០១៥។ តំបន់​សេដ្ឋកិច្ចពិសេស​ធីឡាវ៉ា​នឹង​ទទួល​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​បច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្ម​វាយនភ័ណ្ឌ និង​ឧស្សាហកម្ម​ផ្នែក​ផ្សេងៗ​ទៀត​ដែល​តម្រូវការ​កម្លំាង​ពលកម្ម​ច្រើន។ តែ​គេ​នៅ​មិន​ទាន់​ដឹង​អំពី​តួលេខ​ច្បាស់លាស់​ទេ។ លោក​អនុរដ្ឋមន្រ្តី​ក្រសួង​ផែនការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ភូមា​បាន​សាទរ​ចំពោះ​គម្រោង​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ចពិសេស​ធីឡាវ៉ា ព្រោះ​វា​នឹង​អាច​បង្កើត​ការងារ​យ៉ាង​ច្រើន​សម្បើម​ជូន​ប្រជាជន​ភូមា។

សូម​ជម្រាប​ជូន​ថា គម្រោង​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ចពិសេស​ធីឡាវ៉ា​ពី​សំណាក់​ប្រទេស​ជប៉ុន​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​ភូមា​បាន​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ចពិសេស​មួយ​ទៀត​នៅ​ប៉ែក​ខាង​ត្បូង​ឈ្មោះ ដាវេ​ជាមួយ​នឹង​ទឹកប្រាក់​វិនិយោគ​រាប់សិបពាន់លានដុល្លារ។ កាល​ពី​ថ្ងៃ​ច័ន្ទ​ដើមសប្តាហ៍​នេះ លោក​ប្រធានាធិបតី​ភូមា​ថេន សេន​ថែម​ទំាង​បាន​អញ្ជើញ​លោកស្រី​នាយករដ្ឋមន្រ្តី​ថៃ​យីងឡាក់ អមដំណើរ​ដោយ​ប្រតិភូ​អ្នកជំនួញ​មួយ​ក្រុម​ដើម្បី​ពិនិត្យ​តំបន់​សេដ្ឋកិច្ចពិសេស​ដាវេ​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន​បាន​បញ្ជាក់​ថា តំបន់​សេដ្ឋកិច្ចពិសេស ធីឡាវ៉ា គឺ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ជប៉ុន តែ​បើ​រដ្ឋាភិបាល​ភូមា​យល់​ព្រម ជប៉ុន​ក៏​អាច​ចូល​រួម​នៅ​តំបន់​សេដ្ឋកិច្ចពិសេស​ដាវេ​ជាមួយ​ភាគី​ថៃ​ដែរ។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា តំាង​ពី​ក្រោយ​ការ​រំលាយ​រដ្ឋាភិបាល​ដឹកនំា​ដោយ​របបសឹក​ក្នុង​ខែ​មីនា ឆ្នំា ២០១១ មក រដ្ឋាភិបាលស៊ីវិល​បាន​បន្ត​ធ្វើ​កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​យ៉ាង​សកម្ម ជាមួយ​នឹង​ការ​អនុម័ត​ច្បាប់​ស្តីពី​វិនិយោគបរទេស​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១២។ ជាមួយ​នឹង​គម្រោង​វិនិយោគបរទេស​រាប់សិបពាន់លានដុល្លារ​នា​ពេល​ខាងមុខ រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​សង្ឃឹម​ថា​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ប្រចំា​ឆ្នំា​ជាង ៧% ក្នុង​រយៈ​ពេល ៥ឆ្នំា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ