អានតួអត្ថបទ
ជប៉ុន

ជប៉ុន​រំលឹក​ខួប​​៣ឆ្នាំ​​នៃ​​​រលកយក្ស​ស៊ូណាមី​និង​មហន្តរាយ​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា​

នៅជប៉ុន​ ថ្ងៃ​អង្គារ​១១មីនា​នេះ វេលា​ម៉ោង​២និង​៤៦នាទី​រសៀល​​ ប្រជាជន​ជប៉ុន​បាន​ ​ស្ងប់ស្ងាត់​រយៈពេល​មួយនាទី ​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​​មនុស្ស​២ម៉ឺននាក់ ដែល​បាន​បាត់បង់​​ជីវិត កាលពីថ្ងៃ​១១មីនា ឆ្នាំ​២០១១ ក្នុងមហន្តរាយ​​រលកយក្ស​ស៊ូណាមី។ រដ្ឋាភិបាល​ជប៉ុន​បាន​រៀបពិធី​រំលឹក​ខួប៣ឆ្នាំ​នៃ​មហន្តរាយ​នេះ ដោយ​មានវត្តមាន​ចូលរួម​របស់​ព្រះចៅ​អធិរាជ​ អាគីហ៊ីតូ ​អធិរាជនី​មីឈីកូ​​ និង​​​នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ។

គ្រួសារ​ជនរងគ្រោះ​ដោយ​រលកយក្ស​ស៊ូណាមី នៅ​ជប៉ុន នាំគ្នា​ឧទ្ទិស​វិញ្ញាណក្ខន្ធ​​ដល់​ជនរងគ្រោះ នៅថ្ងៃ​១១មីនា ឆ្នាំ២០១៤នេះ នៅ​ក្រុងតូក្យូ។
គ្រួសារ​ជនរងគ្រោះ​ដោយ​រលកយក្ស​ស៊ូណាមី នៅ​ជប៉ុន នាំគ្នា​ឧទ្ទិស​វិញ្ញាណក្ខន្ធ​​ដល់​ជនរងគ្រោះ នៅថ្ងៃ​១១មីនា ឆ្នាំ២០១៤នេះ នៅ​ក្រុងតូក្យូ។ REUTERS/Franck Robichon/Pool
ផ្សាយពាណិជ្ជកម្ម

៣ឆ្នាំ​មុន ​ កាលពី​ថ្ងៃ១១​មីនា ឆ្នាំ ២០១១​ នៅ​វេលា​ម៉ោង​ ២​និង​៤៦ នាទី​រសៀល ​គ្រោះ​រញ្ជួយ​ដី​មួយ​​កម្រិត ៩ វ៉ិចទ័រ​ បាន​​កើត​ឡើង​នៅ​ក្រោម​មហាសមុទ្រ​ប៉ាស៊ីហ្វិក វាយប្រហារ​​ប្រទេស​ជប៉ុន​ សម្លាប់​ប្រជាជន​២ម៉ឺននាក់ និងបំផ្លាញ​ប្រតិករ​នុយក្លេអ៊ែរ​​នៅមជ្ឈមណ្ឌល​ហ្វ៊ូគូស្ហ៊ីម៉ា។ នៅថ្ងៃ​អង្គារ​១១មីនា​ឆ្នាំ​នេះ រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​​​ បាន​នាំគ្នា​ស្មឹងស្មាធ​ ​​រំលឹក​ខួប៣ឆ្នាំ ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​​ដោយមហន្តរាយ​នេះ។

​រលក​យក្សស៊ូណាមីបាន​រលត់​ទៅ​៣ឆ្នាំ​ហើយក្តី ​បញ្ហា​សេសសល់​ជាច្រើន​ បង្ក​ដោយ​មហន្តរាយ​នេះ នៅ​មិនទាន់​ដោះស្រាយ​រួចនៅឡើយទេ។ ការសាងសង់​ឡើងវិញ​នូវផ្ទះសម្បែង​និង​​ហេដ្ឋារចនា​សម្ព័ន្ធ​​ នៅ​គាំងទ្រឹង​នៅឡើយ។ លើសពីនេះ អាជ្ញាធរ​នៅ​មិនទាន់​រកឃើញ​សាកសព​មនុស្ស​​ជាង​​១សែន៨ម៉ឺន៥ពាន់នាក់ ដែល​រលកយក្ស​បាន​ត្របាក់​ទៅ​កាលពី​៣ឆ្នាំមុន នោះដែរ។ ប្រជាជន២សែន៧ម៉ឺននាក់​ នៅមិនទាន់​អាច​វិលត្រលប់​ទៅ​កាន់​ផ្ទះសម្បែង​​ខ្លួន​នៅឡើយទេ។ ទីលំនៅ​ពួកគេ​បាន​​រងការបំផ្លាញ​ដោយ​រលកយក្សស៊ូណាមី។ ធាតុ​វិទ្យុសកម្ម​ដែល​លេចចេញ​ពី​មជ្ឈមណ្ឌល​ហ្វ៊ូគូស្ហ៊ីម៉ា ក៏​បាន​ធ្វើ​អោយ​​ផ្ទះ​សម្បែង​ច្រើនខ្នង ​​ត្រូវបិទទ្វារ មិនអាច​អោយ​មនុស្ស​ចូលមកនៅវិញ​បានឡើយ។ ជនជាតិ​ជប៉ុន​ជិត​មួយសែននាក់ ​ក្នុង​នោះ​មាន​មនុស្សចាស់ច្រើន​​នាក់​ កំពុង​រស់​នៅ​ក្នុង​ទីលំនៅ​បណ្តោះអាសន្ន​នៅឡើយ។ ក្នុង​ចំណោម​ផ្ទះ​​សម្បែង​ដែល​រដ្ឋាភិបាល​បានសន្យា​សាងសង់​ជូនប្រជាជន​វិញ មាន​តែ​ផ្ទះ​៣,៥ភាគរយ​ប៉ុណ្ណោះ​ ដែល​បានសាងសង់រួច​​តាមពាក្យសន្យា នៅ​ខេត្ត​ អ៊ីវ៉ាតេ និង​មីយ៉ាហ្គី ជា​ខេត្ត​ជាប់សមុទ្រ រងគ្រោះ​ដោយ​រលកយក្ស។

ប្រជាជន​​ធ្លាប់​រស់នៅ​ក្នុង​តំបន់​ហ្វ៊ូគូស្ហ៊ីម៉ា មួយចំនួន​ក៏​មិនចង់​វិលត្រលប់​មក​ផ្ទះ​សម្បែង​​វិញ​ដែរ ព្រោះ​ខ្លាច​រងគ្រោះ​ដោយធាតុវិទ្យុសកម្ម។ ថ្វី​បើ​គ្មាន​មនុស្ស​ណាម្នាក់​ស្លាប់ ដោយសារ​ធាតុវិទ្យុសកម្ម រឺការផ្ទុះ​នៃ​ឧស្ម័នអ៊ីដ្រូសែន ក្រោយមហន្តរាយ​ស៊ូណាមី​ក្តី  ប៉ុន្តែ ប្រជាជន​១៦៥០នាក់ បាន​ស្លាប់​​ក្នុងពេល​អាជ្ញាធរ​​ធ្វើការ​ជម្លៀស រឺក៏​ស្លាប់​ដោយ​សារ​តែ​លក្ខខណ្ឌ​រស់នៅ​របស់ពួកគេ​បានធ្លាក់ចុះ​ដុនដាប​ខ្លាំង។

បច្ចុប្បន្ន​ ​ប្រជាជន​ជប៉ុន​៩៥ភាគរយ នៅតែ​បារម្ភ​ពី​ស្ថានភាព​ហ្វ៊ូគូស្ហ៊ីម៉ា ព្រោះថា​​នៅមជ្ឈមណ្ឌល​ហ្វ៊ូគូស្ហ៊ីម៉ា ទឹកមានជាតិពុល​ដោយ​ធាតុវិទ្យុសកម្ម​ បានហូរចូល​សមុទ្រ​​រាល់ថ្ងៃ ហើយ​ថ្ងៃណាមួយ ក្រុមហ៊ុន​ថាមពល​អគ្គិសនី​តេបកូ ដែលទទួលបន្ទុក​គ្រប់គ្រង​បញ្ហា​ធាតុវិទ្យុសកម្ម​​នៅ​ទីនោះទៀតសោត​ អាច​នឹង​ទទួលការអនុញ្ញាត​អោយ​បញ្ចេញ​ទឹកមាន​ជាតិពុល​ទាំងនេះ​​ ​ទៅក្នុង​សមុទ្រក៏ថាបាន៕  
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ