អានតួអត្ថបទ
ជប៉ុន

នាយករដ្ឋមន្រ្តី​ជប៉ុន​រុះរើ​សមាសភាព​រដ្ឋាភិបាល បញ្ចូល​អ្នក​នយោបាយ​ស្និទ្ធិ​ជាមួយ​ចិន

លោក​យ៉ូស្ហ៊ីហ៊ីកូ ណូដា (Yoshihiko Noda) នាយករដ្ឋមន្រ្តី​ជប៉ុន ដែល​រដ្ឋាភិបាល​របស់​លោក​កំពុង​តែ​ធ្លាក់​ប្រជាប្រិយភាព​នោះ នៅថ្ងៃ​ចន្ទ​នេះ បាន​សម្រេច​រុះរើ​សមាសភាព​គណៈរដ្ឋមន្រ្តី​របស់​លោក​ ដើម្បី​ព្យាយាម​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ មុននឹង​ការបោះឆ្នោត​ជាតិ​មកដល់។ នៅ​ក្នុងពេល​ដែល​ជម្លោះដែនដី​វាង​ជប៉ុន និង​ចិន កំពុងតែ​កើនឡើង​ខ្លាំងនោះ គេ​ឃើញមាន​​​ឥស្សរជន​នយោបាយ​ជប៉ុន​ម្នាក់ ដែល​គេស្គាល់ថា​មាន​ទំនាក់ទំនង​ល្អ​ជាមួយចិន ក៏​ត្រូវ​បាន​លោក​ណូដា ដាក់បញ្ចូល​ក្នុង​សមាសភាព​រដ្ឋាភិបាល​ថ្មីនេះ​ដែរ។

លោកស្រី​ម៉ាគីកូ តាណាកា រដ្ឋមន្រ្តី​ក្រសួង​អប់រំ ដែល​ទើប​នឹង​តែងតាំង​ថ្មី
លោកស្រី​ម៉ាគីកូ តាណាកា រដ្ឋមន្រ្តី​ក្រសួង​អប់រំ ដែល​ទើប​នឹង​តែងតាំង​ថ្មី REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ការ​រុះរើ​គណៈរដ្ឋមន្រ្តី ដើម្បី​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ក្នុងគោលដៅ​ស្តារ​ប្រជាប្រិយភាព ក៏ប៉ុន្តែ ក្នុង​ពេលជាមួយ​គ្នា​​រក្សា​និរន្តរភាព​រដ្ឋាភិបាល។ នេះ​គឺ​ជា​សេចក្តីសន្និដ្ឋាន​រួម នៃ​សមាសភាព​រដ្ឋាភិបាលថ្មី​របស់​លោក​យ៉ូស្ហ៊ីហ៊ីកូ ណូដា។

 
គេ​សង្កេតឃើញ​ថា រដ្ឋមន្រ្តី​ក្រសួង​សំខាន់ៗ​មួយចំនួន ជាពិសេស ក្រសួង​ការបរទេស និង​ក្រសួង​ការពារជាតិ គឺ​ត្រូវ​រក្សា​ទុក​ដដែល ក្នុងពេល​ដែល​ជប៉ុន​កំពុងតែ​មាន​ភាព​តានតឹង​ផ្នែក​ការទូត​ជាមួយចិន ជុំវិញ​ជម្លោះ​ដណ្តើម​កោះ។ ក៏ប៉ុន្តែ ទាក់ទង​នឹង​ជម្លោះ​ជាមួយ​ចិន​នេះ គេ​មាន​ការ​ចាប់អារម្មណ៍​ជាពិសេស ​ទៅលើ​សមាជិក​ម្នាក់ ក្នុង​រដ្ឋាភិបាល​ថ្មី​របស់​លោក​ណូដា គឺ​លោកស្រី ម៉ាគីកូ តាណាកា (Makiko Tanaka)។

លោកស្រី ម៉ាគីកូ តាណាកា គឺ​ជា​កូនស្រី​របស់​លោក​តាណាកា អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន ដែល​បាន​ចងភ្ជាប់ទំនាក់ទំនង​ការទូត​ជាមួយ​ចិន កាល​ពី​៤០ឆ្នាំ​មុន ហើយ​បច្ចុប្បន្ននេះ ត្រកូល​តាណាកា​ត្រូវបាន​គេ​ស្គាល់ជាទូទៅ​ថា​មាន​ទំនាក់ទំនង​ល្អ​ជាមួយចិន ហើយ​ខាងភាគី​ចិន ក៏​មាន​ការគោរព​ចំពោះ​ក្រុមគ្រួសារ​តាណាកា​នេះ​ដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រុមអ្នកវិភាគ​ជាទូទៅ​យល់ថា ការ​ដែល​លោក​ណូដា​តែងតាំង​លោកស្រី​តាណាកា​ក្នុង​សមាសភាព​រដ្ឋាភិបាល​ថ្មី នៅពេលនេះ គឺ​ក្នុងគោលបំណង​បន្ធូរបន្ថយ​ភាពតានតឹង​ជាមួយ​ចិន។

ជាការពិត គឺដូចជា​លោក​ណូដា​ខ្លួនលោក​ផ្ទាល់​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា លោកស្រី​តាណាកា ត្រូវ​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​អប់រំ មិនមែន​ជា​រដ្ឋមន្រ្តី​ការបរទេស​នោះទេ។ ដូច្នេះ ការតែងតាំង​លោកស្រី​តាណាកា​ មិនមាន​អ្វី​ជាប់ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​ចិន​នោះទេ។ ក៏ប៉ុន្តែ សាស្រ្តាចារ្យ​ផ្នែក​ខាង​វិទ្យាសាស្រ្តនយោបាយ​នៅ​​សកលវិទ្យាល័យ​ ​ជប៉ុន​បាន​អះអាង​ថា មិនថា​លោកនាយករដ្ឋមន្រ្តី​​ណូដា ​និយាយ​ដោះសារ​បែបណា​នោះទេ ការ​តែងតាំង​លោកស្រី​តាណាកា ទៅក្នុង​រដ្ឋាភិបាល​នៅពេលនេះ គឺប្រាកដ​​ធ្វើឡើង ដើម្បី​ជា​សារមួយ​ទៅកាន់​ចិន​ថា ជប៉ុន​មាន​ឆន្ទៈ​សម្របសម្រួល បន្ធូរបន្ថយ​ភាពតានតឹង​ជាមួយ​ចិន។ ក្នុង​ឋានៈ​ជា​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ថ្វីដ្បិត​តែ​មិនមាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​ចិន ដូចជា រដ្ឋមន្រ្តី​ក្រង​ការបរទេស​ ក៏ប៉ុន្តែ លោកស្រី​តាណាកា នៅតែ​អាច​ជួយ​ដោយ​ប្រយោល ក្នុង​​ស្តារ​ទំនាក់ទំនង​ជាមួយ​ចិន​ឡើងវិញ ដូចជា​ តាមរយៈ​កម្មវិធី​ដោះដូរ​​សិស្ស​និស្សិត ឬ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌ ជាដើម។

គួររំឭកឡើងវិញ​ផងដែរ​ថា លោក​យ៉ាស្ហ៊ីហ៊ីកូ ណូដា ធ្លាប់​បាន​សន្យា​នាពេលថ្មីៗនេះ​ថា លោក​នឹង​រៀបចំ​បោះឆ្នោត​ជាតិ​​សាជាថ្មី នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។ ក៏ប៉ុន្តែ ការ​ស្ទាបស្ទង់​មតិ​ជាច្រើន​បង្ហាញថា នៅ​ពេលនេះ គណបក្ស​របស់​លោក​ណូដា កំពុងតែ​បាត់បង់​ប្រជាប្រិយភាពខ្លាំង ដែលអាច​នឹង​ត្រូវ​បាត់បង់​អំណាច​ទៅក្នុង​ដៃ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​អភិរក្ស​និយម LDP ដែល​ធ្លាប់​កាន់​អំណាច​នៅ​ជប៉ុន​រាប់ទសវត្សរ៍​ នាពេល​​កន្លងមក។ ​​កាល​ពីសប្តាហ៍​មុននេះ គណបក្ស LDP ទើប​នឹង​បាន​ជ្រើសរើស ​លោក​ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន​ ឲ្យ​មក​ធ្វើ​ជា​ប្រធាន ហើយ​លោក​ស្ហ៊ីនហ្សូ អាបេ ទំនង​ជា​ឈរឈ្មោះ​ជា​បេក្ខជន​​នាយករដ្ឋមន្រ្តី ដើម្បី​ប្រជែង​ជាមួយ​គណបក្ស​របស់​លោក​ណូដា ក្នុងការបោះឆ្នោត​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ