អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ប្រកាស​ធ្វើ​សង្គ្រាម​យូរ​អង្វែង​នៅ​ហ្កាហ្សា

សន្តិភាព​នៅ​តំបន់​ហ្កាហ្សា​ទំនង​ជា​គ្មាន​ថ្ងៃ​លូត​ចេញ​បាន​ទេ ! ក្នុង​យប់​ថ្ងៃ​ចន្ទ​ឆ្លង​មក​ថ្ងៃអង្គារ​ យប់​ថ្ងៃ​បិទ​បញ្ចប់​ពិធី​បួស​តម​អាហារ​ក្នុង​សាសនា​អ៊ីស្លាម គឺ​ជា​ថ្ងៃ​មហារង​គ្រោះ ! អ៊ីស្រាអែល បានសម្រុក​​ផ្លោង​គ្រាប់​ ទម្លាក់​គ្រាប់​បែក​ យ៉ាង​រន្ធាន់ ស្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ២៨​នាក់ ! ការ​ប្រយុទ្ធ​គ្នា​លើ​ដី​ ក៏​សន្ធោ​សន្ធៅ ទាហាន​អ៊ីស្រាអែល​១០​នាក់​បាន​ស្លាប់ ដោយ​គ្រាប់​សំណរ​ពួក​ហាម៉ាស។ មជ្ឈមណ្ឌល​អគ្គីសនី​តែ​មួយគត់​របស់​ហ្កាហ្សា​ ត្រូវ​ផ្អាក​ដំណើរ​ដោយ​ទ័ព​អ៊ីស្រាអែល​បាញ់​ត្រូវ​។ ​អ៊ីស្រាអ៊ែល​ និង​ហាម៉ាស ប៉ាឡេស្ទីន ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាមដ៏​សាហាវ និង​ ដែល​អាច​អូសបន្លាយ​យូរ។

អីស្រាអែល​កំពុង​ផ្ទុង​កាំភ្លើង​ធំ​សំដៅ​តំបន់​ហ្កាហ្សា ថ្ងៃចន្ទទី ២៨ កក្កដា ២០១៤
អីស្រាអែល​កំពុង​ផ្ទុង​កាំភ្លើង​ធំ​សំដៅ​តំបន់​ហ្កាហ្សា ថ្ងៃចន្ទទី ២៨ កក្កដា ២០១៤ REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

“អ៊ីស្រាអែល​ត្រូវ​​ត្រៀម​រៀប​ចំ​ធ្វើ​សង្គ្រាម​យូរ នៅ​តំបន់​ហ្កាហ្សា និង​បន្ត​ប្រើ​កម្លាំង​ប្រយុទ្ធ​រហូត​ទាល់​តែ​បំពេញបេសកកម្ម​បាន​សម្រេច” ! នេះ​ជា​សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ប៊ិនយ៉ាមីន នេតាន់យ៉ាហ៊ូ ទៅ​កាន់ប្រជាជាតិ​ នៅ​យប់​មិញ។ បេសកកម្ម​របស់​អ៊ីស្រាអែល គឺ​គ្រប់គ្រង់​បាន​ពួក​ហាម៉ាស ដក​អាវុធ​ចេញ​អស់​ពី​តំបន់​ហ្កាហ្សា និង​បំផ្លាញ​បណ្តាញ​រូង​ក្រោមដី ដែល​ពួក​ហាម៉ាស​តែង​ប្រើ​ និង​លាក់​ខ្លួន​លាក់​អាវុធ សម្រាប់​វាយ​ប្រហារ​អ៊ីស្រាអែល។

 
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ច្រាន​ចោល​រាល់​គំនិត​ចង់​ត្រលប់​ទៅ​រក​ការ​ចរចា​រក​សន្តិភាព ប្រែក្លាយ​យប់​ថ្ងៃបិទ​បញ្ចប់​ពិធីបុណ្យ​សាសនា​ ទៅ​ជា​ការ​បង្ហូរ​ឈាម​។ ពេញ​មួយ​យប់​ គេ​ឮ​តែ​ស្នូរ​គ្រាប់​កាំភ្លើង គ្រាប់​បែក ការ​ប្រយុទ្ធ​មាន​ទ្រាយទ្រាយ​ធំ​និង​សាហាវ​ខ្លាំង​បំផុត គិត​ចាប់​ពី​អ៊ីស្រាអែល​បើក​យុទ្ធនាការ​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា ២១​ថ្ងៃ​មក។ តាំង​ពី​ព្រលប់​ កងទ័ព​អ៊ីស្រាអែល បាន​ជូន​ដំណឹង​ឱ្យ​ប្រជាជន​ស៊ីវិល​រស់​នៅ​តំបន់​ហ្កាហ្សា​ភាគ​ខាងកើត​ចាក​ចេញ​ពីផ្ទះ​សម្បែង។ អ៊ីស្រាអែល​ពេល​នេះ​កំពុង​ដៅ​ចំណុច​វាយប្រហារ​ ចំនួន ១៥០​កន្លែង មាន​ជាអាទិ៍​គេហដ្ឋាន​មេ​ដឹកនាំ​​ហាម៉ាស ទីស្នាក់ការ​វិទ្យុ​និង​ទូរទស្សន៍​ ពិសេស​រូង​ក្រោម​ដី កំពង់​ផែ មជ្ឈមណ្ឌល​អគ្គិសនី ព្រមទាំង​ក្រសួង​ហិរញ្ញវត្ថុ... ប៉ុន្តែ​គ្រាប់​កាំភ្លើង​គ្មាន​ភ្នែក​ទេ ខ្លះ ធ្លាក់​ក្បែរ​មន្ទីរពេទ្យ​​ដ៏​ធំ​ប្រចាំ​តំបន់​ហ្កាហ្សា ខ្លះ​ធ្លាក់​លើ​ទីកំសាន្ត​កុមារ​ដែល​បានធ្វើ​ក្មេងៗ​ជា​ច្រើន​បាត់បង់​ជីវិត។ ខាង​ប៉ាឡេស្ទីន​វិញ ក៏​បាន​បញ្ជូន​​​រ៉ុកកែត​ទៅ​ក្រុង​ទែអាវីវ របស់​អ៊ីស្រាអែល​ដែរ​នៅ​យប់​មិញ ប៉ុន្តែ​ពុំ​បាន​បង្ក​ឱ្យ​ជន​រងគ្រោះ​ទេ។

ប្រឈម​មុខ​នឹង​សន្ទុះ​វាយប្រហារ​របស់​អ៊ីស្រាអែល អគ្គមគ្គុទេសក៍​អ៊ីរ៉ង់ បាន​ប្រកូក​ប្រកាស​ហៅ​ពិភព​អ៊ីស្លាម​ទាំង​អស់​ឱ្យ​ជួយ​បំពាក់​អាវុធ​ដល់​បណ្តាជន​ប៉ាឡេស្ទីន ដើម្បី​មាន​​កម្លាំង​ទប់​ទល់​នឹង​ការ​វាយលុក​របស់​អ៊ីស្រាអែល ដែលបាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​តំបន់​ហ្កាហ្សា។​ នៅ​ក្នុង​សារ​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍ អាយ៉ាតូឡា ខាមេណី បាន​ចាត់​ទុក​អ៊ីស្រាអែល​ ជា​ឆ្កែ​ឆ្កួត ជា​ចចក​អត់ឃ្លាន​ វាយប្រហារ​តែ​ជន​ស្លូតត្រង់ ...

លោក​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ បាន​ គីមូន បាន​ប្រកាស​ធ្វើ​ទីក្រុង​ញូវយ៉ក ឱ្យ​ភាគ​ទាំង​ពីរ​ ជ្រើសរើស​ផ្លូវ​មនុស្ស​ធម៌ ព្រោះ​វា​ត្រូវ​ការ​តែ​​ឆន្ទៈ​នយោបាយ​ប៉ុណ្ណោះ និង​ចាត់​ទុក​ទង្វើ​បាញ់​ប្រហារ​គ្នា​ថា ជា​ទង្វើ​គ្មាន​ទំនួល​ខុសត្រូវ និង​ជា​កំហុស​សីលធម៌។ ចំណែក​លោក មះមូដ អាបាស ប្រធាន​អាជ្ញាធរដែន​ដី​ប៉ាឡេស្ទីន​បាន​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​សម្លាប់​រង្គាល​ជីវិត​ប្រជាជន​ និង​កំពុង​ធ្វើ​បំលាស់​ទី​ស្វែង​រកអន្តរាគមន៍​បរទេស​ ក្រែង​អាច​រក​ឃើញ​កិច្ចព្រមព្រៀងឈប់​បាញ់​។ ប៉ុន្តែ​អ៊ីស្រាអែល​របស់​លោក នេតាន់យ៉ាហ៊ូ​ បាន​ច្រាន​ចោទ​ដាច់ខាត​ មិន​ចង់​ឃើញ​កាតា និង​តួកគី​ មាន​ចំណែក​​ដំណោះស្រាយ​វិបត្តិ​ឱ្យ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ