អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់​បង្កើនល្បឿន​កម្មវិធី​នុយក្លេអ៊ែរ​មុន​បើក​ការចរចា​ជាមួយ​លោក​ខាងលិច

ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (AIEA) បាន​ប្រកាស​ឲ្យដឹង កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា អ៊ីរ៉ង់​បាន​ចាប់ផ្តើម​​ដំឡើង​ប្រព័ន្ធ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ថ្មី និង​ទំនើប នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ខ្លួន។ មហាអំណាច​លោកខាងលិច​បាន​ថ្កោលទោស​សកម្មភាព​របស់​អ៊ីរ៉ង់​នេះ​ ដែល​ធ្វើ​ឡើង នៅ​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ដែល​អ៊ីរ៉ង់​ត្រូវ​ជួបចរចា​ជាមួយ​មហាអំណាច​លោកខាងលិច ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ។

លោក​ម៉ះមូដ អះម៉ាឌីនចាត ប្រធានាធិបតី​អ៊ីរ៉ង់​ ក្នុងពេល​ទៅ​ពិនិត្យ​មើល​ទីតាំង​នុយក្លេអ៊ែរ​ (រូបថតឯកសារ)
លោក​ម៉ះមូដ អះម៉ាឌីនចាត ប្រធានាធិបតី​អ៊ីរ៉ង់​ ក្នុងពេល​ទៅ​ពិនិត្យ​មើល​ទីតាំង​នុយក្លេអ៊ែរ​ (រូបថតឯកសារ) ©AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​​ចេញផ្សាយ កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ទីភ្នាក់ងារ AIEA បាន​ឲ្យដឹង​ថា ចាប់តាំង​ពីដើម​ខែ​កុម្ភៈមក គេ​សង្កេតឃើញ​ថា អ៊ីរ៉ង់​បាន​ចាប់ផ្តើម​ដំឡើង​ប្រព័ន្ធ​ថ្មី និង​ទំនើប​ ដើម្បី​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Natanz ។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Natanz នេះ គឺ​ជា​ទីតាំង​សំខាន់មួយ ក្នុង​ចំណោម​ទីតាំង​សំខាន់ៗ​មួយ​ចំនួន ដែល​ជា​ចំណុច​ចម្រូងចម្រាស​ រវាង​​អ៊ីរ៉ង់ និង​ទីភ្នាក់ងារ AIEA ព្រមទាំង​ជាមួយ​មហាអំណាច​លោកខាងលិច។ អ៊ីរ៉ង់​តែងតែ​អះអាង​ថា ការចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​នៅ​ក្នុង​មជ្ឈមណ្ឌល Natanz នេះ គឺ​ធ្វើ​ឡើង ដើម្បី​យក​ទៅ​ផលិត​ថាមពល​អគ្គិសនី ប្រើ​ក្នុង​វិស័យ​ស៊ីវិល​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ទីភ្នាក់ងារ AIEA និង​​បណ្តា​ប្រទេស​លោកខាង​លិច​មានការ​សង្ស័យ​ថា អ៊ីរ៉ង់​​ចង់​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​ដល់​កម្រិត​​ខ្ពស់ ដែល​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន។ ការសង្ស័យ​នេះ​កើតឡើង​កាន់តែ​ខ្លាំង ដោយសារ​តែ​អ៊ីរ៉ង់​ព្យាយាម​រារាំង​មិន​ឲ្យ​ក្រុម​អធិការកិច្ច​របស់​ទីភ្នាក់ងារ AIEA ចូល​ទៅ​ពិនិត្យ​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន។

រហូតមកទល់នឹង​ពេលនេះ អ៊ីរ៉ង់​កំពុង​ស្ថិត​ក្រោម​ទណ្ឌកម្ម​ជាច្រើន​ ដែល​ដាក់​ដោយ​ប្រទេស​មហាអំណាច​លោកខាងលិច និង​សម្ព័ន្ធមិត្ត។ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ក៏​ធ្លាប់​បាន​ចេញ​សេចក្តីសម្រេច​ជាច្រើន​លើក​មកហើយ​ដែរ ទាមទារ​ឲ្យ​អ៊ីរ៉ង់​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​កម្មវិធី​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​របស់​ខ្លួន ក៏ប៉ុន្តែ អ៊ីរ៉ង់​បដិសេធ​មិន​ព្រម​ធ្វើ​តាម។

នៅ​​ថ្ងៃ​អង្គារ សប្តាហ៍​ក្រោយ​នេះ កិច្ចចរចា​សាជាថ្មី​មួយទៀត​នឹង​ត្រូវ​បើក​ធ្វើ​ រវាង​អ៊ីរ៉ង់ និង​ក្រុម​ប្រទេស ៥ បូក ១ ពោលគឺ ប្រទេស​ទាំង ៥ ដែល​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ (អាមេរិក អង់គ្លេស បារាំង ចិន និង​រុស្ស៊ី) បូក​ជាមួយ​នឹង​ប្រទេស​អាល្លឺម៉ង់។

យោងតាម​មន្រ្តី​ការទូត​លោកខាងលិច ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ នៅ​ក្នុងការ​ចរចា​សប្តាហ៍ក្រោយនេះ ក្រុមប្រទេស ៥ បូក ១ គ្រោង​នឹង​ស្នើ​​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ជាថ្នូរ​នឹង​សកម្មភាព​ណាមួយ ដែល​បង្ហាញ​ពី​សុឆន្ទៈ​​របស់​អ៊ីរ៉ង់ ក្នុងការ​ឈានទៅ​ផ្អាក​កម្មវិធី​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម។ ក៏ប៉ុន្តែ មាន​អ្នក​វិភាគ​ជាច្រើន​យល់ថា ការចរចា​នេះ​ទំនង​ជា​នឹង​មិន​អាច​​​ទទួល​បាន​​លទ្ធផល​អ្វី​ធំដុំ​ប៉ុន្មានទេ។

ដំណឹង​ស្តីពី​ការ​ដំឡើង​ប្រព័ន្ធ​ទំនើប​សម្រាប់​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​របស់​អ៊ីរ៉ង់ ប៉ុន្មានថ្ងៃ​មុន​ពេល​ចរចា​នេះ កាន់តែ​ធ្វើ​ឲ្យ​គេ​លែង​សូវ​មាន​សង្ឃឹម​លើ​ការចរចា​នេះ​ថែមទៀត។ បណ្តា​ប្រទេស​លោកខាងលិច​មួយចំនួន ជាពិសេស អាមេរិក និង​អង់គ្លេស បាន​រិះគន់​​ការ​ដំឡើង​ប្រព័ន្ធ​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​ថ្មីនេះ ដោយ​ចាត់ទុកថា​ជា​ទង្វើ​បង្កហេតុ ដែល​គួរ​ឲ្យ​ព្រួយបារម្ភ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ