អានតួអត្ថបទ
អ៊ីរ៉ាក់-អាមេរិក

លោកអូបាម៉ា​បញ្ជូន​ទីប្រឹក្សា​យោធា​៣០០នាក់​ ទៅ​អ៊ីរ៉ាក់​

នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រកាស​បញ្ជូន​ទីប្រឹក្សា​យោធា​អាមេរិក​ប្រមាណ​៣០០នាក់ ​ទៅ​អ៊ីរ៉ាក់ ដើម្បី​ជួយ​កងកម្លាំង​អ៊ីរ៉ាក់ ប្រឈម​នឹង​ក្រុម​ជីហាត។​ ប្រមុខការទូត​អាមេរិក​ចន ឃែររី ក៏​នឹង​​ចុះទៅ​អ៊ីរ៉ាក់ ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។ លោក​អូបាម៉ា​​បាន​អំពាវនាវ​អោយ​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់​និយាយ​ស៊ីអ៊ីត ​បើក​ការចរចា​ជាមួយ​គ្រប់​សហគមន៍​​សាសនា​ក្នុង​ស្រុក​។

ប្រធានាធិបតី​អាមេរិក ​Barack Obama
ប្រធានាធិបតី​អាមេរិក ​Barack Obama REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ជួយ​កងទ័ពអ៊ីរ៉ាក់​កំចាត់​ក្រុម​ជីហាត ​ទីប្រឹក្សា​យោធា​អាមេរិក​​៣០០នាក់ ដែល​ត្រូវ​ទៅដល់​អ៊ីរ៉ាក់ ក្នុង​ពេល​ឆាប់ៗ​នេះ ​​មានកាតព្វកិច្ច​​ធ្វើ​ជា​ជំនួយការ​កងទ័ព​អ៊ីរ៉ាក់ ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស ហើយ​នៅលើ​សមរភូមិ ពួកគេ​អាច​នឹង​ត្រូវ​បែងចែកជា​ក្រុម​តូចៗ មាន​គ្នា​១២នាក់ ក្នុង​មួយក្រុម។ ​

លោក​អូបាម៉ាបាន​គូសបញ្ជាក់​ឡើងវិញថា អាមេរិក​ត្រៀម​នឹង​ធ្វើ​សកម្មភាពយោធា​ ករណី​ស្ថានការណ៍​តំរូវ​ចាំបាច់។ ប្រធានាធិបតី​អាមេរិក​ក៏​បាន​អំពាវនាវ​អោយ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ម៉ាលិគី ​បើក​ការ​ពិភាក្សា​ជាមួយ​គ្រប់​សហគមន៍​សាសនា​ក្នុង​ស្រុក​ផងដែរ។

នៅអ៊ីរ៉ាក់ ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អាមេរិក​បាន​ពង្រឹង​ការហោះហើរ​ត្រួតពិនិត្យ​​ដែនដី​អ៊ីរ៉ាក់ ​ដោយមាន​​​ប្រើ​យន្តហោះដ្រូន​ និង​យន្តហោះចំបាំង​ជាច្រើនគ្រឿង ​ក្នុងប្រតិបត្តិការ​ត្រួតពិនិត្យ​​​នេះ​ដែរ។ ​កងទ័ពអ៊ីរ៉ាក់​ឯណោះ​វិញ ​បានប្រកាស​ថា ​បាន​​កាន់កាប់​ទាំងស្រុង​នូវ​​កន្លែង​ចំរាញ់​ប្រេង​​មួយកន្លែង​ នៅ​ក្រុង​បៃជី ស្ថិត​នៅ​​ភាគខាងជើង​ក្រុង​បាកដាត ​​បន្ទាប់​ពី​បាន​វាយប្រហារ​២៤ម៉ោង ប្រឆាំង​ក្រុម​ជីហាត។ នេះ​ជា​ជោគជ័យ​ដ៏​កម្រ​របស់យោធាអ៊ីរ៉ាក់ ព្រោះថា ​កន្លងមក យោធា​តែង​បាក់ស្បាត​រត់ចោលជួរ នៅ​ចំពោះ​មុខ​ការ​វាយលុក​របស់​ក្រុម​ជីហាត។

មកដល់​ពេលនេះ ក្រុមជីហាត​រដ្ឋ​អ៊ីស្លាមអ៊ីរ៉ាក់ ​បាន​ដណ្តើម​​កាន់កាប់​​ដែនដី​ច្រើន​កន្លែង​ក្នុង​ខេត្ត​ចំនួន​៤។ ក្រុម​ជីហាត​​ក៏​​ដណ្តើម​យក​បាន​រោងចក្រ​ផលិត​អាវុធគីមី​មួយ​កន្លែងផងដែរ​ ​ជា​រោងចក្រ​ជំនាន់​​ លោក​សាដាំ​ហ៊ូសេន។ ប៉ុន្តែ ​ អាមេរិក​ប្រាប់ថា ​​​ក្រុម​ជីហាត​គ្មាន​លទ្ធភាព​​ផលិត​អាវុធ​គីមី​​ទេ ​​ព្រោះ​ថា រោងចក្រ​នោះ​បាន​ធ្លាក់​ក្នុង​សភាព​​ទ្រុឌទ្រោម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ