អានតួអត្ថបទ
អ៊ីរ៉ាក់

អស្ថិរ​ភាព​នៅ​អ៊ីរ៉ាក់​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ

អ៊ីរ៉ាក់​ដែល​ជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​ទី​ពីរ​ក្នុង​ពិភព​លោក​ បាន​កំពុង​តែ​ធ្វើ​ឲ្យ​គេ​មាន​ការ​ព្រួយ​បារម្ភ​ ដោយសារ​ក្រុម​ឧទ្ទាម​ជីហាត​និកាយ​ស៊ុនីត​ កំពុង​ធ្វើ​ការ​វាយ​លុក​ខ្លាំង​ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ បាន​ឡើង​ថ្លៃ​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ។

កង​ប្រដាប់​អាវុធ​អ៊ីរ៉ាក់​ប្តេជ្ញា​ការពារក្រុង​បាកដាត​ពីការវាយលុក​របស់ពួក​ឧទ្ទាម
កង​ប្រដាប់​អាវុធ​អ៊ីរ៉ាក់​ប្តេជ្ញា​ការពារក្រុង​បាកដាត​ពីការវាយលុក​របស់ពួក​ឧទ្ទាម REUTERS/Ahmed Saad
ផ្សាយពាណិជ្ជកម្ម

ស្ថាន​ភាព​នៅ​អ៊ីរ៉ាក់​ កំពុង​តែ​ធ្វើ​ឲ្យ​ទី​ផ្សារ​ប្រេង​មាន​ភាព​រំជើប​រំជួល។ ការ​វាយ​លុក​កាន់​តែ​ខ្លាំង​ទៅៗ​ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​របស់​ពួក​ឧទាម​និកាយ​ស៊ុនីត  បាន​ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​អំពី​ស្ថិរភាព​របស់​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយ​នេះ។​ ក្រុម​ឧទ្ទាម​បាន​វាយ​ដេញ​ចុះ​ពី​ទិស​ខាង​ជើង​ ដេញ​មក​កាន់​តែ​កៀក​ក្រុង​បាក​ដាត។ តំបន់​អណ្តូង​ប្រេង​Kirkouk និង​រោង​ចក្រ​ចម្រាញ់​ប្រេង​ដ៏​ធំ​មួយ​ នៅ​ក្បែរ​ក្រុង​បាកដាត​ អាច​នឹង​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ឧទ្ទាម។

ទោះ​ជា​យ៉ាង​ណា​ យោង​តាម​សម្តី​អ្នក​វិភាគ​ទី​ផ្សារ​របស់​ធនាគារ​CommerzBank  តំបន់​អណ្តូង​ប្រេង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ មិន​ទាន់​មាន​ការ​ប៉ះ​ពាល់​នៅ​ឡើយ​ទេ។ ទំបន់​នេះ​ផលិត​ប្រេង​ឆៅ​ស្មើ​នឹង​៩០ភាគរយ ​នៃ​ផលិត​ផល​ប្រេងសរុប​របស់​អ៊ីរ៉ាក់។ លោក​បន្ត​ថា ទោះ​ជា​យ៉ាង​នេះ​ក្តី  បើ​ពិនិត្យ​មើល​លើ​ការ​កើន​ឡើង​នៃ​តំម្លៃ​ប្រេង​ពីរ​ថ្ងៃ​កន្លង​មក​នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា  ទី​ផ្សារ​ប្រេង​អន្តរជាតិ​មាន​ការ​ព្រួយ​បារម្ភ   ដោយ​ហេតុ​ថា​បើ​សិន​ជា​អ៊ីរ៉ាក់​មាន​បញ្ហា​ ហើយ​ការ​នាំ​ចេញ​ប្រេង​ត្រូវ​បាន​រាំង​ស្ទះ​  នោះ​ទី​ផ្សារ​ពិភពលោក​នឹង​ប្រឈម​មុខ​នឹង​កង្វះ​ប្រេង​ឆៅ​ដល់​ទៅ​២លាន៥សែន​ធុងបារីល​ក្នុង​មួយ​ថ្ងៃ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​រដ្ឋ​មន្ត្រី​ក្រសួង​ថាមពល​អ៊ីរ៉ាក់​ បាន​អះអាង​ថា​ដំណើរការ​ផលិត ​និង​នាំ​ចេញ​ប្រេង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជា​ធម្មតា​ គ្មាន​អ្វី​រាំង​ស្ទះ​ទេ។

សូម​បញ្ជាក់​ថា  ប្រេង​ឆៅ​មួយធុង​បារីល​ដែល​មាន​តម្លៃ​១១៣ដុល្លា១២សេន​នៅ​ម៉ោង​១០ព្រឹក ម៉ោងសកល ​ បាន​ឡើង​ដល់​ ១១៤ដុល្លា៦៩សេន​នៅ​ពេល​រសៀល។​ នេះ​គឺ​ជា​តម្លៃ​ដ៏​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ​ចាប់​តាំង​ពី​ខែ​កញ្ញា ២០១៣។ យោង​តាម​តួ​លេខ​របស់​អង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ​  ប្រទេស​អ៊ីរ៉ាក់​ម្នាក់​ឯង ផលិត​ប្រេង​បាន​ជាង​៣លានធុងបារីល​ក្នុង​មួយ​ថ្ងៃ។ អ៊ីរ៉ាក់​ជា​ប្រទេស​នាំ​ប្រេង​ចេញ ​ច្រើន​ជា​ងគេ​បំផុត​ទី​ពីរ​លើ​ពិភព​លោក​ បន្ទាប់​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ