អានតួអត្ថបទ
បារំាង

លោកហ្រ្វង់ស័រ ហូឡង់៖«បើ​ខ្ញុំ​មិន​អាច​កាត់​បន្ថយ​ចំនួន​អ្នកអត់ការងារធ្វើ​បាន​ទេ ខ្ញុំ​នឹង​មិន​ឈរឈ្មោះ​ជា​ប្រធានាធិបតីអាណត្តិថ្មី​ឡើយ »

ដូច​ដែល​បាន​គ្រោង​ទុក លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​ចូល​ខ្លួន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត និង​ពលរដ្ឋ​បារំាង​ចំនួន ៥រូប​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៦ វិច្ឆិកា​នៅ​ក្នុង​ទូរទស្សន៍ TF1។ បទអន្តរាគមន៍​នេះ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ពាក់កណ្តាលអាណត្តិ​នៃ​ការ​កាន់​តំណែង​របស់​លោក​ហូឡង់។ នៅ​ក្នុង​កម្មវិធី​សំណួរ ចម្លើយ​រយៈពេល ៩០នាទី លោក​ប្រមុខ​បារំាង​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ធ្លាក់​ខ្លំាង​បាន​ព្យាយាម​និយាយ​ពន្យល់​បំភ្លឺ និង​ធានា​ចំពោះ​ប្រជាពលរដ្ឋ​បារំាង​ដែល​កំពុង​បាត់បង់​ជំនឿ​ទុក​ចិត្ត​លើ​កម្មវិធី​នយោបាយ សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​លោក។ ឆ្លើយ​នឹង​សំណួរ​ដែល​ថា តើ​លោក​នឹង​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិប្រធានាធិបតី​ថ្មី​នៅ​ឆ្នំា ២០១៧ ឬ​អត់?

លោក​ប្រធានាធិបតី​បារំាង ហ្រ្វង់ស័រ ហូឡង់
លោក​ប្រធានាធិបតី​បារំាង ហ្រ្វង់ស័រ ហូឡង់ TF1
ផ្សាយពាណិជ្ជកម្ម

« នេះ​មិនមែន​ជា​សំណួរ​ដែល​ខ្ញុំ​បាន​ចោទ​សួរ​នោះ​ទេ តើ​វា​មិន​ចម្លែក​ពេក​ទេ​ដឹង?។ លោក​មាន​បាន​ឃើញ​ទេ អត្រា​ប្រជាប្រិយភាព​របស់​ខ្ញុំ​ដែល​កំពុង​ធ្លាក់​ចុះ​ខ្លំាង​នោះ?។ ខ្ញុំ​គិត​ថា វា​ពិត​ជា​រឿង​មួយ​បន្ទាន់​ដែល​ត្រូវ​គិតគូរ និង​ដែល​ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​សំណួរ​នេះ ក៏​ប៉ុន្តែ ខ្ញុំ​មិន​បាន​ចោទ​សួរ​ខ្លួន​ឯង​ទេ​ថា តើ​នឹង​ត្រូវ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាណត្តិថ្មី​នៅ​ឆ្នំា ២០១៧ ឬ​ក៏​អត់?។ ខ្ញុំ​មិនមែន​ស្ថិត​នៅ​ទីនេះ​ដើម្បី​ប្រកាស​ពី​បេក្ខជន​របស់​ខ្លួន​នោះ​ទេ។ មាន​អ្នក​ខ្លះ​បាន​ប្រកាស​តំាង​ខ្លួន​ជា​បេក្ខជន​គ្រប់​ពេល និង​គ្រប់​ផ្នែក​ទំាង​អស់ ព្រម​ទំាង​មាន​អ្នក​ខ្លះ​ទៀត​ដែល​ធ្លាប់​ជា​បេក្ខជន​ម្តង​ហើយ​ក៏​ស្រាប់​តែ​ចង់​ក្លាយ​ខ្លួន​ជា​បេក្ខជន​ម្តង​ទៀត។

ចំពោះ​ខ្ញុំ ខ្ញុំ​ជា​ប្រធានាធិបតី និង​ដែល​នេះ ជា​ចំណុច​ខុស​គ្នា​រវាង​ខ្ញុំ និង​អ្នក​ដទៃ។ មាន​ប្រធានាធិបតី​តែ​ម្នាក់ តែ​មាន​បេក្ខជន​ច្រើន​នាក់។
 
ខ្ញុំ​ធ្លាប់​បាន​និយាយ​រួច​ហើយ​ថា ឆន្ទៈ និង​អាទិភាព​របស់​ខ្ញុំ គឺ​ការ​កាត់​បន្ថយ​ចំនួន​អត់​ការងារ​ធ្វើ។ ប្រសិន​បើ​ខ្ញុំ​មិន​អាច​សម្រេច​បាន​នៅ​មុន​ដំណាច់​អាណត្តិ​របស់​ខ្ញុំ​ទេ ខ្ញុំ​ពិត​ជា​មិន​អាច​ទៅ​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​បារំាង​ថា ខ្ញុំ​មិន​អាច​ធ្វើ​បាន​ក្នុង​រយៈពេល ៥ឆ្នំា ទេ តែ​សូម​សន្យា​ថា នឹង​សម្រេច​ឲ្យ​បាន​ជា​ស្ថាពរ​នៅ​ក្នុង​អាណត្តិថ្មី​រយៈពេល ៥ឆ្នំា​ទៀត។ នេះ​ពិត​ជា​អ្វី​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ។ នៅ​ពេល​នោះ ប្រជាពលរដ្ឋបារំាង​ពិត​ជា​ហេតុផល​ត្រឹមត្រូវ​ដើម្បី​ប្រឆំាង តវ៉ា »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ