អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ទិវា​គិលានុបដ្ឋាក​អន្តរជាតិ ៖ គិលានុបដ្ឋាក​ធនធាន​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​សុខភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី ១២ ឧសភា ជា​ទិវា​គិលានុបដ្ឋាក​អន្តរជាតិ ! នៅ​ឆ្នាំ​២០១៤​នេះ ពិភពលោក​ទាំង​មូល​បាន​ប្រារព្ធ​ទិវា​នេះ ក្នុង​ប្រធាន​បទ​ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ប្រមូល​កម្លាំង​ដើម្បី​ការ​ប្តូរ​ផ្លាស់ ៖ ធនធាន​មនុស្ស​ដែល​មិន​ខ្វះ​បាន​សម្រាប់​សុខភាព។ នា​ឱកាស​នេះ​ កម្មវិធី​សុខភាព​របស់​វិទ្យុ​បារាំង​អន្តរជាតិ សូម​ណែនាំ​លោក​អ្នក​នាង​ឱ្យ​បាន​ស្គាល់​អំពី​អាជីព ដ៏​លំបាក មិន​សូវ​មាន​គេ​ឱ្យ​តម្លៃ មិនសូវ​មាន​អ្នក​ចង់​រៀន តែ​មាន​តម្រូវ​ការ​​ទីផ្សារ​ការងារ​ឥត​ខ្វះ​នៅទូទាំង​ពិភពលោក និង​ជា​ការ​ងារ​ដ៏ចាំ​បាច់​បំផុត​ក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​សម្រាប់​សង្គម​ជាតិ ដែល​គ្មាន​អ្វី​ក្រៅ​ពី​អាជីព​​ជា​ “គិលានុបដ្ឋាក- គិលានុបដ្ឋាយិកា”។

គិលានុបដ្ឋាយិកា​កំពុងបូម​ឈាម​
គិលានុបដ្ឋាយិកា​កំពុងបូម​ឈាម​ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​ស្គាល់​ថា សុខភាព​របស់​បណ្តាជន​ទូទៅ​នៅលើ​ពិភពលោក ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​សេវ៉ា របស់​​បុគ្គលិក​ថៃទាំ​ ដែល​មាន​សមត្ថភាព សីលធម៌ ការគោរព​ស្រលាញ់​​ ទំនួល​ខុស​ត្រូវ​ក្នុង​ភារកិច្ច។ ​​​ការងារថែទាំ​សុខភាព​ អាច​ចាត់​ទុក​មាន​គុណភាព សមត្ថភាព​ ត្រឹមត្រូវ​បាន ក៏​អាស្រ័យ​​ផង​ដែរ​ទៅ​លើ​​បរិមាណនិង​ទម្ងន់​ការងារ​សមស្រប។ គេ​មិន​អាច​ហៅ​មជ្ឈមណ្ឌល​សុខភាព​មួយ​ មន្ទីរពេទ្យ​មួយ សេវ៉ា​សុខភាព​មួយ​ថា ល្អ​ប្រសើរ​បាន​ទេ ប្រសិន​បើ​គ្មានការ​ត្រៀម​រៀប​ចំ​ គ្មាន​​គិលានុបដ្ឋាក ឬ​គិលានុបដ្ឋាយិកា គ្រប់គ្រាន់​ គ្រប់​ចំនួន​បំរើការ​​​ឱ្យ​ និង​មាន​សមត្ថភាព​ទេ​នោះ។

 
​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ជា​តំណាង​ចង្ក្រោមអ្នក​ឯកទេស​សុខភាព​ដ៏​សំខាន់​។ មាន​ទំនាក់ទំនង​ យ៉ាង​ស្អិត​រម្មួត​ជាមួយ​ក្រុម​អ្នក​ជំងឺ ជួន​កាល​ ត្រូវ​ប្រឈម​មុន​នឹង​អ្នក​ជំងឺ​តែ​ម្នាក់​ឯង​ គ្មាន​គ្រូពេទ្យ​វេជ្ជបណ្ឌិត​ នៅ​ក្បែរ​ទេ។ គិលានុបដ្ឋាក​-គិលានុបដ្ឋាយិកា មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ណាស់ ក្នុង​ការ​ជួយ​អ្នក​ជំងឺ​ឱ្យ​មាន​សុខភាព​ប្រសើរ​ឡើង និង​ជា​អ្នក​ចូល​រួម​ចំណែក​សម្រេច​កម្មវត្ថុ​សុខាភិបាលពិតៗ។

ក្នុង​ឱកាស​ ទិវា​គិលានុបដ្ឋាក​អន្តរជាតិឆ្នាំ​នេះ ពិភពលោក​បំផុស​ឱ្យ​មហាជន​ទូទៅ​បាន​ស្គាល់​តម្លៃ​នៃ​អាជីព​ជា គិលានុបដ្ឋាក គិលានុបដ្ឋាយិកា។ ​អាជីព​ដ៏​សំខាន់ និង​លំបាក​ តែ​ពុំ​មាន​តម្លៃ​ ដែល​​ទីផ្សារ​ការងារពិភពលោក​កំពុង​ស្រេច​ឃ្លាន​ចង់​បាន និង​ត្រូវការ​ជានិច្ច។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ឆ្នាំ​នេះ  ពិភពលោក​បាន​ផ្តល់​ប្រធានបទ​ទិវា​គិលានុបដ្ឋាក​អន្តរជាតិ ថា "គិលានុបដ្ឋាក​ធនធាន​មិនអាច​ខ្វះ​បាន​សម្រាប់​សុខភាព"។

អាជីព​គិលានុបដ្ឋាក​ គិលានុបដ្ឋាយិកា​ មាន​សុខភាព​ល្អ​ជាង​គេ ព្រោះ​ជា​ទូទៅ​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​មុខ​របរ​ដែល​ទីផ្សារ​ការងារ​នៅ​ធំ​ទូលាយ តម្រូវការ​បុគ្គលិក​ មាន​ច្រើន​ជា​ង​អ្នក​សុំ។ ក្នុង​កំរិត​ពិភពលោក ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ កំពុង​ក្លាយ​ជា​ចំណាប់​អារម្មណ៍​​អង្គកា​រ​សុខភាព ដែល​ត្រូវ​លើក​តម្កើង និង​ពង្រឹង​បាន​ប្រសើរ​ឡើង។ អ្នក​មាន​ឯកទេស​ក្នុង​ផ្នែក​ថែទាំ​វេជ្ជសាស្ត្រ​នេះ មិន​ព្រួយ​បារម្ភ​នឹង​ស្វែង​រក​ទីផ្សារការងារ​ឡើយ ប៉ុន្តែ​ជា​អាជីពនេះ​មិន​​ទាក់ទាញ​សិស្ស​និស្សិត​សោះ។

ហេតុ​អ្វី​បាន​ជា​យុវជន​ យុវនារី មិន​សូវ​ចង់​ក្លាយ​ជា​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ? ព្រោះ​ជា​ការ​ងារ​ដែល​ល្បី​ថា​មាន​លក្ខខណ្ឌ​ការងារ​លំបាក ! មិន​សូវ​មាន​គេ​ឱ្យ​តម្លៃ ឬ​មិន​សូវ​មាន​តម្លៃ និង​គ្មានការ​ជឿន​លឿន​ផ្នែក​វិជ្ជាជីវៈ។ តើ​គំនិត​ទាំង​បី​នេះ​ត្រឹម​ត្រូវ​ដែរ​ឬទេ ?

-          មាន​លក្ខខណ្ឌ​ការងារ​ លំបាក ៖ ដើម្បី​អាច​ធានា​​សេវាកម្ម​ ២៤ ម៉ោង​ លើ​២៤​ម៉ោង នៅ​តាម​មន្ទីរពេទ្យ​ គ្លីនិក ឬ​មណ្ឌល​សុខភាព គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ត្រូវ​ធ្វើ​ការ​ ជាញឹក​ញយ​ ទាំង​យប់​ទាំង​ថ្ងៃ គ្មាន​សៅរ៍ គ្មាន​អាទិត្យ គ្មាន​ថ្ងៃ​បុណ្យទេ។ បុគ្គលិក​ ត្រូវ​តែ​បង្ខំ​ចិត្ត​គោរព​តាម​កាលវិភាគ​ការងារ​​តម្រូវឱ្យ​ ជាពិសេស​សម្រាប់ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ទើប​ចាប់​ផ្តើម​ការងារ​ដំបូង។ ធ្វើ​ជាគិលានុបដ្ឋាក គិលានុបដ្ឋាយិកា គឺ​ក៏​ជា​អ្នក​ត្រូវ​ប្រឈម​នឹង​សេចក្តី​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ តែ​ក៏​ជា​មុខ​របរ​មួយ​ប្រកប​ដោយ​ជំនក់​ចិត្ត ព្រោះ​អ្នក​ជំងឺ​ភាគ​ច្រើន​តែង​តែ​ដឹង​គុណ​ចំពោះ​កាយវិការ​និង​ការងារ​ថែទាំ​របស់​គិលានុបដ្ឋាក។
-          មាន​ប្រាក់​ចំណូល -ប្រាក់​ខែ ទាប ៖ មិន​បាច់​ប្រៀប​ទៅនឹង​គ្រូពេទ្យ​ធំ ដុកទ័រ វេជ្ជបណ្ឌិត​ឯកទេសទេ សូម្បី​តែ​ជាមួយ​បុគ្គលិក​កម្មករ​ធម្មតា ក៏​អ្នក​ជា​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ទទួល​បាន​ប្រាក់​បៀវត្សរ៍​តិច​តួច​ណាស់ ព្រោះ​ថា​កំរិតកាំ​​ប្រាក់​ខែ ត្រូវ​តែ​ទាប ដោយ​សារ​តួនាទី​ជា​គិលានុបដ្ឋាក​នេះ មាន​​សញ្ញាប័ត្រ​ទាប អាច​រៀន​ចប់​ថា្នក់​ទុទិយភូមិ បូក​នឹងការ​​​បំពាក់​បំប៉ន បី​ឆ្នាំ។
-          ប៉ុន្តែ​គំនិត​ដែល​គិត​ថា​ រៀន​ធ្វើ​គិលានុបដ្ឋាក គ្មាន​ការ​ជឿន​លឿន​វិជ្ជាជីវៈ​និង​ចំណេះ​ដឹង​ ជា​ការ​យល់​ខុស​ទាំង​ស្រុង។ ជា​មួយ​នឹង​បទ​ពិសោធន៍​ការងារ​ និង​ឆន្ទៈ​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា អាច​បន្ត​ការ​សិក្សា​ យក​ឯកទេស និង​យក​សញ្ញាប័ត្រ​បន្ថែម​ឱ្យ​ខ្ពស់​ជាង​ថានៈ​ជា​គិលានុបដ្ឋាក ដូច​ការ​ពន្យល់​បំភ្លឺ​របស់​លោក​វេជ្ជបណ្ឌិត​ គីន ប៊ន់អាង​អំបាញ់​មិញ​ស្រាប់ ថា​គេ​អាច​យក​សញ្ញា​ប័ត្រ​បរិញ្ញា​ ក្នុង​ផ្នែក​អម​វេជ្ជសាស្ត្រ​​ ឬ​ប្តូរ​ឯកទេស​ទាំង​ស្រុង​ដោយ​ងាក​មក​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​តែ​ម្តង សម្រាប់​អ្នក​មាន​សេចក្តី​ក្លាហាន ស្រលាញ់​និង​ចូល​ចិត្ត​អាជីព​ជា​គ្រូពេទ្យ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ