អានតួអត្ថបទ
កម្ពុជា

បណ្តាញ​សង្គម​ហ្វេសប៊ុក​កម្ពុជា​ចាប់​ផ្តើម​មាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣

បណ្តាញ​សង្គម​ហ្វេសប៊ុក​កម្ពុជា​ចាប់ផ្តើម​មាន​ឥទ្វិពល​លើការ​បោះឆ្នោត​ជាតិ​នៅឆ្នាំ​២០១៣​ខាងមុខ​នេះ ហើយ​វា​នឹង​មាន​ឥទ្ធិពល​កាន់តែខ្លាំង​បន្ថែម​ទៀត​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ នៅ​ឆ្នាំ​២០១២នេះ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​មាន​គណនីយ​មាន​ចំនួន​ជាង​៧​សែន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​កម្ពុជា​មាន​ការកើនឡើង​យ៉ាង​ខ្លាំង​នៅ​​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។ តួលេខ​ពីប្រភព​ផ្សេង​ៗ​គ្នា​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​នៅឆ្នាំ​២០១២​នេះ​មាន​អ្នក​ប្រើប្រាស់​គណនីយ​ហ្វេសប៊ុក​ចំនួន​ជាង​៧​សែន​នាក់។

ប្រសិនបើគេ​យក​ចំនួន​អ្នក​លេង​ហ្វេសប៊ុក​បូក​បញ្ចូល​ជាមួយ​អ្នកតាមដាន​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ អ្នកជំនាញ​មួយចំនួន​ប៉ាន់ស្មាន​ថា វា​អាច​មាន​ចំនួន​ជិត​១​លាននាក់។ ការ​កើនឡើង​ចំនួន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​និង​ចំនួន​អ្នក​ប្រមាញ់​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​កាន់​តែ​ច្រើន​យ៉ាង​ដូច្នេះ​បង្ក​អោយ​មាន​សំណួរ​ជាច្រើន​លើក​ឡើង​ថា តើ​ការ​ទទួល​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​តាម​គេហទំព័រ​ព័ត៌មានអាច​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នកបោះឆ្នោត​ដែរ​ឬ​ទេ ?

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ និង​ជា​អ្នក​គាំទ្រ​បណ្តាញ​សង្គម​ម្នាក់​យ៉ាង​សកម្ម​ដែរ​នោះ បាន​និយាយ​ដោយ​ត្រង់​ៗ​ថា ការ​ចែករំលែក​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​តាម​គេហទំព័រ​ព័ត៌មាន​ពិតជា​មាន​ឥទ្ធិពល​លើ​ការ​សម្រេចចិត្ត​របស់​អ្នកបោះ​ឆ្នោតនៅ​ឆ្នាំ​២០១៣​ខាង​មុខ ហើយ​វា​នឹង​មាន​ឥទ្ធិពល​កាន់តែខ្លាំង​បន្ថែម​ទៀត​សម្រាប់​ការ​បោះឆ្នោត​តំណាងរាស្រ្ត​នៅឆ្នាំ​២០១៨​។ មូលហេតុ​គឺ​ដោយសារ​ យុវជន​មាន​ចំនួន​កាន់តែ​ច្រើន​ឡើងៗ​នាំគ្នា​ប្រមាញ់​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​តាម​គេហទំព័រ​ព័ត៌មាន។

លោក អ៊ូ វីរៈ បាន​បញ្ជាក់​ថា គណបក្ស​នយោបាយ​វៃឆ្លាត​អាច​ទាញ​សំឡេង​ឆ្នោត​បាន​ពី​៣​ទៅ​៤​%​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​អាចច្រើន​ជាង​នេះ​ពី​បណ្តាញ​គេហទំព័រ​ព័ត៌មាន​បន្ថែម​ទៀត។ លោក អ៊ូ វីរៈ បាន​បន្ត​ទៀត​ថា គេហទំព័រ​ព័ត៌មា​ន និង​បណ្តាញ​ហ្វេសប៊ុក​បាន​និង​កំពុង​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​បន្ទាប់​ពី​វិទ្យុ​និង​ទូរទស្សន៍។

លោក អ៊ឹង ចំរើន អ្នក​កាសែត​ដែល​មាន​បទ​ពិសោធន៍​ខ្ពស់​ម្នាក់​នៅ​ក្នុងប្រទេស​កម្ពុជា​និង​ជា​អ្នក​បង្កើត​ blog ម្នាក់​យ៉ាង​សកម្ម​ដែរ​នោះ បាន​កត់សម្គាល់​ឃើញ​ថា ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នកនយោបាយ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​នាំគ្នា​បង្កើត​ទំព័រ​គាំទ្រ​​នៅ​លើហ្វេសប៊ុក​ដើម្បី​បញ្ចេញ​ទស្សនៈ​នយោយ​របស់​ពួកគេ​ដោយ​មិន​សូវ​ភ័យខ្លាច​ដូចពីមុន​ទៀតឡើយ។ បើយោង​តាម​ការ​កត់​សម្គាល់ អ្នក​នយោបាយ​កាន់តែច្រើន​ឡើង​ហ៊ាន​បង្ហាញ​សារ​នយោបាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​មែន ​ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​សូវហ៊ាន​បង្ហាញ​មុខ​ពិត​ប្រាកដ​នៅឡើយ​ទេ។

លោក អ៊ឹង ចំរើន បាន​បន្ត​ទៀត​ថា ចង់​មិន​ចង់​ នៅ​ពេល​ដែល​ព័ត៌មាន​មាន​លំហូរ​កាន់​តែ​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​នោះ ពេល​នោះ ​វា​ពិត​ជា​មាន​ឥទ្ធិពល​តិច​ឬ​ច្រើន​​ទៅលើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះឆ្នោត​ជាក់ជាពុំខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ