អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

សហគ្រាស​កូរ៉េ​ខាងត្បូង​​បាតុកម្ម​ទាមទារ​អោយ​បើក​តំបន់​ឧស្សាហកម្ម​ Kaesong​

នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ នៅ​ថ្ងៃ​ពុធ​នេះ ប្រធាន​សហគ្រាស​កូរ៉េខាងត្បូង​​រាប់រយ​នាក់​​​ បាន​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ នៅ​ជិត​ព្រំដែន​ជាមួយ​កូរ៉េ​ខាង​ជើង​ ​ទាមទារ​អោយ​ក្រុងព្យុងយ៉ាង​បើក​ដំណើរការ​តំបន់​ឧស្សាហកម្ម​រួម កែស៊ុង ឡើងវិញ។ កិច្ច​ចរចាចុងក្រោយ​ ស្តី​ពី​​តំបន់ឧស្សាហកម្ម​កែស៊ុង​ រវាង​ប្រទេស​ទាំងពីរ​ បាន​ជួបបរាជ័យ ដោយសារ​តែ​ប្រទេសកូរ៉េ​​ទាំងពីរ​​ចោទគ្នា​ទៅវិញទៅមក​ថា ជា​អ្នក​បង្ក​អោយ​តំបន់ឧស្សាហកម្ម​កែស៊ុង បិទទ្វារ​។

ប្រធាន​សហគ្រាស​កូរ៉េ​ខាងត្បូង​រាប់រយ​នាក់ នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ពុធ​នេះ ទាមទារ​អោយ​បើកទ្វារ​តំបន់​ឧស្សាហកម្ម​កែស៊ុងឡើងវិញ។
ប្រធាន​សហគ្រាស​កូរ៉េ​ខាងត្បូង​រាប់រយ​នាក់ នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ពុធ​នេះ ទាមទារ​អោយ​បើកទ្វារ​តំបន់​ឧស្សាហកម្ម​កែស៊ុងឡើងវិញ។ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

នៅ​ជិត​ព្រំប្រទល់​ជាមួយ​កូរ៉េ​ខាង​ជើង នៅ​ថ្ងៃ​ពុធ​នេះ ប្រធានសហគ្រាស​កូរ៉េ​ខាងត្បូង​ប្រមាណ​៥០០​នាក់​ បាន​បាតុកម្ម​ទាមទារអោយរដ្ឋាភិបាល​​​ក្រុង​ព្យុងយ៉ាង ​យល់ព្រម​​តាម​សំណើ​ក្រុងសេអ៊ូល ដោយបើក​​ទ្វា​រ​ដំណើរការ​តំបន់ឧស្សាហកម្ម​រួម​ កែស៊ុង ឡើងវិញ។ ប្រធាន​សហគ្រាស​ទាំងនេះ សុំអោយ​ក្រុងព្យុងយ៉ាង​​សន្យាថា នឹង​មិន​បិទ​ទ្វារ​តំបន់​នេះ​ទៀតទេ ទោះ​ជា​មាន​ស្ថានភាព​អ្វី​កើតឡើង​ក៏ដោយ។ ទន្ទឹម​នេះ​ដែរ ពួកគេ​ក៏បាន​សុំអោយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង បន្ទន់​ឥរិយាបថ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​​ដៃគូ​កូរ៉េខាង​ជើង​ផងដែរ។

គួរបញ្ជាក់ថា តំបន់​ឧស្សាហកម្ម​​កែស៊ុង ជាតំបន់​​តំណាង​ការទូត​រវាង​​បងប្អូន​កូរ៉េទាំងពីរ​ ស្ថិត​​​ក្នុង​ទឹកដី​​កូរ៉េ​ខាង​ជើង ​ចំងាយ​​​​​ជាង​១០គីឡូម៉ែត្រ​ពី​ព្រំប្រទល់​​រវាង​កូរ៉េ​ទាំងពីរ។ ​តំបន់​នេះ​បាន​បិទទ្វារ​ កាលពី​ខែ​មេសា បន្ទាប់​ពី​នយោបាយ​​​​​ឧបទ្វីបកូរ៉េ​ជួប​ភាពតានតឹង​ ដែល​បង្កឡើង​ដោយ​ការសាកល្បង​នុយក្លេអ៊ែរលើកទីបី​ របស់​ក្រុងព្យុងយ៉ាង។ ចាប់​ពី​ពេល​បិទទ្វារ​មក​​​ ​សហគ្រាស​កូរ៉េ​ខាង​ត្បូង​​បាត់បង់​ប្រាក់ចំណូល​ប្រមាណ​​​ជាង​មួយ​ពាន់​លាន​​ដុល្លារ។ ​

រដ្ឋាភិបាល​ក្រុងសេអ៊ូល ត្រៀម​​ខ្លួន​​សងប្រាក់កាស​ដល់​​សហគ្រាស​ខ្លួន ចំនួន១២៣ ដែល​ធ្លាប់​ដំណើរការ​នៅ​តំបន់កែស៊ុង។ នេះសបញ្ជាក់​ថា ​​កូរ៉េខាងត្បូង​គ្មាន​សង្ឃឹម​ថា តំបន់កែស៊ុង​​នឹង​បើក​ដំណើរការ​ឡើងវិញ​នោះទេ។

គួរ​រំលឹក​ថា កិច្ច​ចរចា​​រវាង​កូរ៉េ​ទាំងពីរ​ស្តី​ពី​តំបន់​​កែស៊ុង​នេះ កន្លងមក​ តែងជួបបរាជ័យ។ កូរ៉េទាំងពីរតែង​​​ចោទគ្នា​ទៅវិញទៅមក​ថា ជាអ្នក​បង្ក​ការបិទទ្វារ​តំបន់​ឧស្សាហកម្ម​​នេះ។ ហើយ​កូរ៉េខាង​ជើង​បាន​ព្រមាន​ថា ខ្លួន​នឹង​វិនិយោគ​តំបន់​នេះ​ឡើងវិញ ប្រសិន​បើ​ការចរចា​​ដាច់ស្រេច​ ជាមួយ​កូរ៉េ​ខាង​ត្បូង​ត្រូវ​បរាជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ