អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ និស្សិត​ម្នាក់​ស្លាប់ នៅក្នុង​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ព្រហ្ម​ទណ្ឌ

នៅឥណ្ឌូណេស៊ី ពីថ្ងៃព្រហស្បតិ៍ ទី​២៦កញ្ញា  មាន​និស្សិត​ម្នាក់​ ស្លាប់ នៅក្នុង​ការ​ប៉ះទង្គិចគ្នា​ដោយ​ហិង្សា​ជាមួយ​នឹង​ប៉ូលីស​បង្ក្រាប​បាតុករ​។ នៅ​ឥណ្ឌូណេស៊ី តាម​បណ្តា​ក្រុង​ធំៗ​ ប្រជាជន​និងសិស្សនិស្សិតរាប់​រយនាក់ បាន​ក្រោកឈរ​តវ៉ា​ ប៉ុន្មា​នថ្ងៃៗជាប់គ្នា ដោយសារតែ​ការ​មិនសប្បាយ​ចិត្ត​ ចំពោះ​កំណែទម្រង់​ច្បាប់​ថ្មី ដែល«​តឹងតែងខ្លាំងជ្រុល»។ សេចក្តីព្រាង​ច្បាប់​ថ្មី គឺ​មាន​ដាក់ទោស​ព្រហ្ម​ទណ្ឌ ចាប់ដាក់គុក ចំពោះ​ជន​ណាដែលរួម​ភេទ​ដូចគ្នា និងអ្នក​ដែល​​​​រួម​ភេទ​ក្រៅ​ចំណង​អាពាហ៍​ពិពាហ៍ ហើយ​និងហាមប្រាមកុំឱ្យ​​​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំប្រទេស។

ការ​ប៉ះទង្គិច​គ្នា​រវាង​នគរបាល​និង​និស្សិតបាតុការ នៅ​ក្រុង​ហ្សាការតា កាលពីថ្ងៃទី​២៤​កញ្ញា
ការ​ប៉ះទង្គិច​គ្នា​រវាង​នគរបាល​និង​និស្សិតបាតុការ នៅ​ក្រុង​ហ្សាការតា កាលពីថ្ងៃទី​២៤​កញ្ញា Antara Foto/Aditya Pradana Putra/ via REUTERS
ផ្សាយពាណិជ្ជកម្ម

បុរស​ជនរងគ្រោះ​ គឺជា​និស្សិត​វ័យ​២១ឆ្នាំ។ នគរបាល​ឥណ្ឌូណេស៊ី បញ្ជាក់ថា យុវនិស្សិត​រូបនេះ ពិត​ជា​ស្លាប់​មែនដោយសារតែ​របួស​ដើមទ្រូង​ធ្ងន់ធ្ងរ ហូរឈាម​ខ្លាំង​ និងថា​គេ​បា​នដឹករូប​​គាត់​ដល់​មន្ទីរពេទ្យ​ដែរ តែ​ពុំ​អាច​ជួយ​សង្គ្រោះ​ទាន់ពេល​ ដ្បិត​ដង្ហើម​របស់​គាត់​ បា​នផុតរលត់​​បាត់ទៅហើយ។ ទោះយ៉ាងណា សមត្ថកិច្ច​ បាន​បដិសេធថា ការ​ស្លាប់​នេះ ពុំ​មែន​បណ្តាល​មក​ពី​ត្រូវគ្រាប់​កាំភ្លើង​នោះទេ​។ ប៉ុន្តែ តាម​សាក្សី​ខ្លះដែល​សរសេរ​នៅក្នុង​បណ្តាញសង្គម បាន​អះអាង ជន​កម្សត់​នេះ ស្លាប់ ​ដោយ​សារ​តែ​ត្រូវ​ប៉ូលីស​បាញ់។​

មរណភាព​នេះ គឺករណីទីមួយ ដែល​ប៉ូលីស​បញ្ជាក់​ថា​ស្លាប់ ប៉ុន្តែ​នៅមាន​បាតុករ​របួស ​ជាសិបច្រើន​នាក់​ផ្សេងទៀត ដោយសារតែ​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​កង​សមត្ថកិច្ច​ឥណ្ឌូណេស៊ី។ គិត​មកត្រឹម​ព្រឹកថ្ងៃ​ព្រហស្បតិ៍ មានសិស្ស​​និស្សិត​ ប្រមាណ​៥០០នាក់​ ត្រូវ​នរបាល​ចាប់​ឃាត់​ខ្លួន។ «យុវ​ជន​អ្នក​តវ៉ាខ្លះ បាន​ប្រើហិង្សា និងនាំគ្នា​ចូល​ទៅក្នុង​រដ្ឋ​​សភា​នៅតំបន់​ភាគ​អាគ្នេហ៍នៃផ្ទៃ​​ប្រទេស ហើយ​សភាជាន់​ទាបក្នុង​តំបន់នេះ​​ ត្រូវភ្លើងឆេះ»។ នេះបើ​តាម​ប្រភពពី​អាជ្ញាធរឥណ្ឌូណេស៊ី​។

នៅ​ឥណ្ឌូណេស៊ី អ្នក​ការពារ​សិទ្ធិមនុស្ស និង​សិស្ស​និស្សិត បាន​នាំគ្នា​បាតុកម្ម​ ពេញ​មួយ​សប្តាហ៍​មកហើយ​នេះ ដើម្បី​ប្រឆាំង​នឹង​កំណែ​ទម្រង់​ច្បាប់​ថ្មី និង​ការ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្ម​ទណ្ឌ។ តាម​ពង្រាង​នៃ​កំណែទម្រង់​​ច្បាប់​នេះ គឺ​មាន​ការ​ចែង​ពី​ការ​ដាក់ទោស​ព្រហ្មទណ្ឌ ចាប់​ដាក់​គុក ចំពោះ​អ្នក​រួមភេទក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ហើយ​និង​ចំពោះ​អ្នករួម​ភេទដូចគ្នា ក៏ត្រូវ​មា​នទោស​ព្រហ្មទណ្ឌ​ដែរ។ តាម​យោបល់​របស់​​ក្រុមបាតុករ ពង្រាង​ច្បាប់​ថ្មី ដូច្នេះ គឺជាការ​«សម្លាប់​សេរីភាព»។​ គួរជ្រាបថា សេចក្តីព្រាង​ច្បាប់ថ្មី ក៏​មាន​ចែង​ដែរ ពីការ​ហាម​មិន​ឱ្យ​ជេរប្រមាថ​ ប្រធានាធិបតី និង​អនុប្រធានាធិបតី។

ការ​តវ៉ាប្រឆាំង​របស់​ក្រុម​និស្សិត​ មិន​មែន​ត្រឹមតែ​រឿង​ប៉ុណ្ណេះ​ទេ គឺ​ពួក​គេ​ក៏​បាន​សម្តែង​ថ្លែង​ក្តី​មិន​សប្បាយ​ចិត្ត​​ចំពោះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​ជា​ស្ថាប័ន​ជាតិមួយ​ត្រូវ​គេ​គោរព​ តែ​អង្គភាព​នេះ​ មិន​ហ៊ាន​បើកការ​ស៊ើប​អង្គេតចំពោះ​មន្ត្រី​រដ្ឋាភិបាល​ ដែល​​ប្រព្រឹត្ត​រឿង​ពុករលួយ។

ប្រឈម​មុខ​នឹង​ការ​រិះគន់​ខ្លាំងពេក ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ​ចូកូ វីដូដូ បាន​សម្រេច​ឱ្យ​លើកពេលពិចារណា​ចំពោះ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ទៅ​ខែ​តុលាវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ