អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ដើម្បី​ប្រយោជន៍​សន្តិសុខ​ផ្ទាល់​ខ្លួន អ៊ីស្រាអែល​ធ្វើគ ធ្វើ​ថ្លង់​មិន​លឺ​ការអំពាវនាវ​របស់​អន្តរជាតិ

ការវាយប្រហារ​ទៅលើ​សាលារៀន​របស់​អង្គការ​សហប្រជាជាតិ​នៅ​តំបន់ហ្កាហ្សា​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១០​នាក់ កាលពី​ថ្ងៃ​អាទិត្យ ទី ៣​សីហា បាន​ជំរុញ​ឲ្យ​មាន​សហគមន៍​អន្តរជាតិ​​មិនពេញចិត្តជាថ្មី។ បារាំង និង​អង់គ្លេស​បាន​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់​បន្ទាន់មួយ ចំណែក​ប្រទេស​ចិន​វិញ​បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ការវាយប្រហារ​​ទៅលើ​តំបន់​ហា្កហ្សា។ 

គេកំពុងជយ​សង្រ្គោះ​កុមារ​ដែលនៅកប់​ក្រោម​ថ្ម​បាក់បែក បន្ទាប់​ពី​អ៊ីស្រាអែល​បាញ់​គ្រាប់​កម្ទេច​សាលារៀន​ដែល​ប្រមូលផ្តុំ​ដោយ​ជនភៀសខ្លួន​ប៉ាឡេស្ទីន កាលពី​ថ្ងៃ​ អាទិត្យ ទី៣​សីហា
គេកំពុងជយ​សង្រ្គោះ​កុមារ​ដែលនៅកប់​ក្រោម​ថ្ម​បាក់បែក បន្ទាប់​ពី​អ៊ីស្រាអែល​បាញ់​គ្រាប់​កម្ទេច​សាលារៀន​ដែល​ប្រមូលផ្តុំ​ដោយ​ជនភៀសខ្លួន​ប៉ាឡេស្ទីន កាលពី​ថ្ងៃ​ អាទិត្យ ទី៣​សីហា ©REUTERS/Ibraheem Abu Mustafa
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប ជាទី​ដែល​មាន​កិច្ចប្រជុំ​ដើម្បី​បទឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា លោកវ៉ាង យី​រដ្ឋមន្រ្តីការបរទេស​ ដែល​​បាន​ចូលជួប​រដ្ឋមន្រ្តីការបរទេស​អេហ្ស៊ីប បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​ឈប់​ជា​បន្ទាន់ ការវាយប្រហារ​តាម​ផ្លូវ​អាកាស និង​ជើងគោក ដែល​រហូតមក​ដល់​ពេលនេះ​បាន​សម្លាប់​មនុស្ស​ភាគច្រើន​ជា​ជន​ស៊ីវិល។ ថ្លែង​នៅក្នុង​ឱកាស​សន្និសីត​កាសែត ប្រមុខ​ការបរទេស​ចិន​បាន​ប្រាប់​ទៅ​អ៊ីស្រាអែល​ឲ្យ​ដកចេញ​បម្រាម បិទខ្ទប់​ដែល​អ៊ីស្រាអែល​ដាក់​ទៅលើ​តំបន់​ហ្កាហ្សា តំាងពី​ឆ្នាំ​២០០៦។ សម្រាប់​ភាគី​ហាម៉ាស​វិញ រដ្ឋមន្រ្តី​ការបរទេស​ចិន​បានអំពាវនាវ​ឲ្យ​​ពួកគេ​ឈប់​បាញ់​គ្រាប់​រ៉ុកកែត ដែល​ជា​មូលហេតុ​ញុះញង់​ឲ្យ​អ៊ីស្រាអែល​វាយប្រហារ​ទៅលើ​តំបន់​ហ្កាហ្សា។

 
លោក​ប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់​ដែល​ចូលរួម​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​ថ្ងៃ​អាល្លឺម៉ង់​ប្រកាស​សង្រ្គាម​ជាមួយ​បារាំង បាន​អំពាវនាវ​ផងដែរ​ឲ្យ​ភាគី​ជម្លោះ​ទាំង​ពីរ​បង្កើត​បទ​ឈប់បាញ់​មួយ​ជា​បន្ទាន់។ ដោយ​លើក​ឧទាហរណ៍​សង្រ្គាម​បារាំង​និង​អាល្លឺម៉ង់ លោក​ប្រធានាធិបតី​បារាំង​បាន​បញ្ជាក់ថា ឆន្ទៈ​អាច​ធ្វើ​ឲ្យ​ប្រទេស​ពីរ​ធ្លាប់​ជា​សត្រូវ​នឹង​គ្នានោះ អាច​ក្លាយ​ជា​មិត្ត​នឹង​គ្នាវិញ។

តាម​រដ្ឋមន្រ្តី​ការបរទេស​ថ្មី​របស់​អង់គ្លេស ការវាយប្រហារ​ទៅលើ​សាលារៀន​ដែលជា​ជំរកភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​អាទិត្យ​បាន​ធ្វើ​ឲ្យ​មាន​មតិ​​ជាច្រើន​ប្រឆាំង​នឹង​អ៊ីស្រាអែល។ លោក​ហ្វីលីព ហាម៉ុន ​បារម្ភថា សង្រ្គាម​វាយប្រហារ​របស់​អ៊ីស្រាអែល​ដែល​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា​នឹង​ធ្វើ​ឲ្យ​ចលនា​ស្អប់​ប្រជាជន​ជ្វីហ្វ​កើន​ឡើង នៅក្នុង​ប្រទេស​អង់គ្លេស។

អ៊ីស្រាអែល​ដែល​មិន​ខ្វល់​នឹង​ការអំពាវនាវ​របស់​អន្តរជាតិ បាន​បដិសេធ មិន​បញ្ជូន​អ្នកតំណាង​របស់ខ្លួន​ទៅ​ចូលរួម​នៅក្នុង​កិច្ចពិភាក្សា​ស្វែងរក​បទឈប់បាញ់ នៅក្នុង​​ប្រទេស​អេហ្ស៊ីប។ នៅថ្ងៃ​អាទិត្យ អ៊ីស្រាអែល​ដែល​ប្រកាសដក​ទ័ព​មួយ​ចំនួន​ពីភាគខាងជើង​ហ្កាហ្សា ចាប់ផ្តើម​ពង្រាយ​ទ័ព​របស់ខ្លួន​នៅក្នុង​តំបន់​ភាគខាងកើត​ហ្កាហ្សា ដែល​ស្ថិត​ក្បែរ​ទៅព្រំដែន​អ៊ីស្រាអែល។

កាល​ពីថ្ងៃ​សៅរ៍ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​លើកឡើងថា នៅក្នុង​រយៈពេល​វែង តំបន់​(ភាគខាងជើង)ហ្កាហ្សា ដែល​ត្រូវ​ទាហាន​អ៊ីស្រាអែល​បោសសម្អាត​រួចហើយនោះ នឹង​គ្មាន​សិទ្ធិសាងសង់​ផ្ទះសម្បែង​ឡើងវិញ ដរាប​ណា​គ្មាន​កិច្ចព្រមព្រៀង​អន្តរជាតិ ដែល​បញ្ជាក់​ពី​ការដក​អាវុធ ដក​ទាហាន​ពី​តំបន់​ហ្កាហ្សា។ បើតំបន់​ហ្កាហ្សា​នៅតែ​ចចេស មាន​ការតស៊ូ​អាវុធ នោះ​អ៊ីស្រាអែល​នឹង​ហាម​មិន​ឲ្យ​គេ​ដឹក​ស៊ីម៉ង់ និង​ដែក​ចូល​ហ្កាហ្សា ដែល​ពួក​ហាម៉ាស​អាច​យក​ទៅប្រើ​ដើម្បី​សង់​រូងក្រោមដី ដើម្បី​វាយប្រហារ​អ៊ីស្រាអែលទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ