អានតួអត្ថបទ
ឥណ្ឌា

សាកសព​នារី​រងគ្រោះ​ដោយ​ក្រុម​ជនពាល​រំលោភ​ត្រូវបាន​បូជា​នៅ​ឥណ្ឌា

សាកសព​យុវ​នារី​ឥណ្ឌា ដែល​​រងគ្រោះ​ដោយ​ត្រូវ​ក្រុមជនពាល​រំលោភ​លើ​រថយន្តក្រុង ហើយ​ដែល​បាន​ទទួលមរណភាព​ក្នុង​មន្ទីរពេទ្យ​សិង្ហបុរី កាល​ពីព្រឹកព្រលឹម​ថ្ងៃ​សៅរ៍ ម្សិលមិញ ត្រូវ​បាន​គេ​ធ្វើ​ពិធី​បូជា នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ទីក្រុង​ញូវដេលី។ ប៉ូលិស​រាប់ពាន់នាក់ នៅតែ​ស្ថិត​ក្នុង​សភាព​ប្រុងជើងការ ហើយ​​ក្រុមបាតុករ​​នៅ​តែ​បន្ត​ប្រមូលផ្តុំ​គ្នា នៅ​ក្នុង​ទីក្រុង​ញូវដេលី ក៏ដូចជា នៅតាម​បណ្តា​ក្រុង​មួយចំនួន​ផ្សេងទៀត ដើម្បី​ដាក់សម្ពាធ​ដល់​រដ្ឋាភិបាល​ឲ្យ​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​បទឧក្រិដ្ឋ ដែល​ប្រព្រឹត្ត​លើ​ស្រ្តី​ឥណ្ឌា។

បាតុករ​រាប់ពាន់​នាក់​ប្រមូលផ្តុំ​គ្នា នៅ​ញូវដេលី កាល​ពី​យប់ថ្ងៃ​សៅរ៍ ដើម្បីកាន់ទុក្ខ​នារី​រងគ្រោះ​ដោយ​ក្រុមជនពាល​រំលោភ
បាតុករ​រាប់ពាន់​នាក់​ប្រមូលផ្តុំ​គ្នា នៅ​ញូវដេលី កាល​ពី​យប់ថ្ងៃ​សៅរ៍ ដើម្បីកាន់ទុក្ខ​នារី​រងគ្រោះ​ដោយ​ក្រុមជនពាល​រំលោភ REUTERS/Danish Siddiqui
ផ្សាយពាណិជ្ជកម្ម

សព​យុវនារី​រងគ្រោះ ដោយ​បទឧក្រិដ្ឋ​រំលោភ​ជា​ក្រុម យ៉ាងព្រៃផ្សៃ ដែល​បណ្តាលឲ្យ​កក្រើក​រញ្ជួយ​ពេញ​ប្រទេស​ឥណ្ឌា​ប៉ុន្មាន​ថ្ងៃ​មកហើយ​នោះ ត្រូវ​បាន​គេ​បូជា​ នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ពិធី​​ដែល​ស្ថិត​ក្រោម​ការ​រក្សា​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​បំផុត។

នារី​រងគ្រោះ ដែល​ជា​និស្សិត​ពេទ្យ វ័យ ២៣ឆ្នាំ ប៉ុន្តែ មិនត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ពិត ហើយ​ផ្តល់​រហស្សនាម​ថា “បុត្រី​ឥណ្ឌា” បាន​ទទួល​មរណភាព នៅ​ក្នុង​មន្ទីរពេទ្យ​ប្រទេស​សិង្ហបុរី កាល​ពី​ព្រឹកព្រលឹម​ថ្ងៃ​សៅរ៍ ហើយ​សាកសព​របស់​​នាង​ត្រូវ​បាន​ដឹក​តាម​យន្តហោះ​ពិសេស​របស់​រដ្ឋាភិបាល​ឥណ្ឌា មក​ដល់​ទីក្រុង​ញូវដេលី នៅ​ព្រឹកព្រលឹម​ថ្ងៃ​អាទិត្យ។ ​មេដឹកនាំ​កំពូល​ៗ​របស់​ឥណ្ឌា ​រួមមាន​លោក​នាយករដ្ឋមន្រ្តី ​ម៉ាន់ម៉ូហាន់ ស៊ិង និង​លោកស្រី សូនីញ៉ា គន្ធី (Sonia Gandhi) ដែល​ជា​ប្រធាន​គណបក្ស​កាន់អំណាច​ឥណ្ឌា មាន​វត្តមាន​នៅ​ឯ​ព្រលាន​យន្តហោះ​ញូវដេលី ដើម្បី​ទទួល​សាកសព​នារី​រងគ្រោះ និង​ជួប​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ។

ពិធីបូជា​សព​ត្រូវ​បាន​ធ្វើឡើង​ជា​លក្ខណៈ​ឯកជន ដោយ​អនុញ្ញាត​ឲ្យ​​មាន​តែ​​ក្រុមគ្រួសារ មិត្តភ័ក្តិ និង​មន្រ្តី​អាជ្ញាធរ​ប៉ុណ្ណោះ​ ដែល​អាច​ចូលរួម​ក្នុង​ពិធី​នេះ​បាន។ ក៏ប៉ុន្តែ ក្រុម​បាតុករ​រាប់ពាន់​នាក់​​នៅ​តែ​បាន​ជម្នះ​បម្រាម​របស់​អាជ្ញាធរ ហើយ​ប្រមូល​ផ្តុំ​គ្នា នៅ​កណ្តាល​ក្រុង​ញូវដេលី ក៏ប៉ុន្តែ ជា​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយសន្តិវិធី ដើម្បី​ចូលរួម​កាន់ទុក្ខ​យុវនារី​រងគ្រោះ។ ក្នុងពេល​ជាមួយ​គ្នា កំហឹង​របស់​បណ្តា​ជន​ឥណ្ឌា​ចំពោះ​អាជ្ញាធរ​នៅ​តែ​ឆាបឆេះ ដោយ​ពួកគេ​ចោទ​អាជ្ញាធរ​ថា មិន​គិតគូរ​ពី​សុវត្ថិភាព​របស់​ស្រ្តី​ឥណ្ឌា។ ​ក្រុម​បាតុករ​ខ្លះ​​បាន​លើក​​បដា​ និង​ស្រែក​ទាមទារ​​ឲ្យ​រដ្ឋាភិបាល​​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​អំពើ​រំលោភ​សេពសន្ថវៈ ដោយ​ខ្លះ​ទាមទារ​ឲ្យ​ដាក់​ទោស​ប្រហារ​ជីវិត​លើ​ជនល្មើស។

នៅ​ឥណ្ឌា អំពើ​រំលោភ​សេពសន្ថវៈ​តែងតែ​កើតមាន​ជា​ញឹកញាប់ ហើយ​ភាគច្រើន ជនល្មើស​មិន​ត្រូវ​បាន​គេ​យក​មក​ផ្តន្ទាទោស​នោះទេ។ សម្ពាធ​ពី​អាជ្ញាធរ ពី​ក្រុមគ្រួសារ និង​ពី​សង្គម ធ្វើ​ឲ្យ​ស្រ្តីរងគ្រោះ​ដោយ​អំពើ​រំលោភ ត្រូវ​បង្ខំ​ចិត្ត​នៅ​ស្ងៀម មិន​ដាក់​ពាក្យ​បណ្តឹង ដោយ​ខ្លាច​ទទួល​ភាព​អាម៉ាស និង​ប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ។ ក៏ប៉ុន្តែ ភាព​ព្រៃផ្សៃ នៃ​អំពើ​រំលោភ​ ដែល​ក្រុមជនពាល​ទាំង ៦នាក់ បាន​ប្រព្រឹត្ត​ទៅលើ​យុវនារី​​និស្សិត​ពេទ្យ កាល​ពី​ថ្ងៃ​ទី១៦ ធ្នូ នេះ បាន​ធ្វើ​ឲ្យ​បណ្តា​ជន​ឥណ្ឌា​ផ្ទុះ​កំហឹង ទប់លែង​បាន ហើយ​ចេញមុខ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​ដ៏​ចាស់គំរឹល​នេះ​ចេញ។

ស្ថិត​ក្រោម​សម្ពាធ​របស់​ក្រុម​បាតុករ លោក​នាយករដ្ឋមន្រ្តី​ម៉ាន់ម៉ូហាន់ ស៊ិង បាន​សន្យាថា​នឹង​បង្កើន​ទម្ងន់ទោស​លើ​ជនល្មើស​ ដែល​ប្រព្រឹត្ត​អំពើ​រំលោភសេពសន្ថវៈ។ ចាប់ពីពេល​នេះ​ទៅ ឧក្រិដ្ឋជន​ណា ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ពីបទ​​រំលោភ​សេពសន្ថវៈ ក្រៅ​ពី​ការ​ទទួលទោស​ដែល​មាន​ចែង​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ រូបថត ឈ្មោះ និង​អាសយដ្ឋាន​របស់​ពួកគេ​នឹង​ត្រូវ​ចុះផ្សាយ​ជា​សាធារណៈ លើ​ទំព័រ​វិបសៃត៍​របស់​រដ្ឋ។

គួរបញ្ជាក់​ផងដែរ​ថា ឧក្រិដ្ឋជន​ទាំង ៦រូប ដែល​បាន​រំលោភ​យុវនារី​និស្សិត​ពេទ្យ​ សុទ្ធតែ​ត្រូវ​បាន​ចាប់ខ្លួន ហើយ​​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម។ ក្នុង​ចំណោម​ជនល្មើស​ទាំង ៦នាក់ មាន ៣នាក់ បាន​ឆ្លើយ​សារភាព​ទទួល​កំហុស ក្នុងនោះ មានម្នាក់​បាន​ស្នើសុំ​ទទួល​ទោស​ប្រហារ​ជីវិត ដោយ​ព្យួរ ក ដើម្បី​ឲ្យ​សក្តិសម​នឹង​កំហុសរបស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ