អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​សាកល្បង​មីស៊ីល​នុយក្លេអ៊ែរ​ចម្ងាយ​ឆ្ងាយ​បាន​ជោគជ័យ

នៅ​ថ្ងៃ​អាទិត្យ​ទី ១៥​ កញ្ញា ២០១៣​ ​នេះ ​ឥណ្ឌា​បាន​បាញ់​សាក​ល្បង​មីស៊ីស​ ​​នុយក្លេអ៊ែរ ប្រកប​ដោយ​ជោគជ័យ។ ជា​មីស៊ីលដែល​មាន​សមត្ថភាព​​អាច​​​បាញ់​ដល់​ក្រុង​ប៉េកាំង​និង​ ដល់​អឺរ៉ុប។ នេះ​ជា​ការ​បាញ់​សាក​ល្បង​លើក​ទីពីរ​ និង​ក៏​ជា​ដំណាក់កាល​ដែល​នាំ​ដល់​ការ​ចាប់ផ្តើមដំណើរ​ការ​ផលិត​អាវុធ​មីស៊ីល​រយៈ​ឆ្ងាយ​របស់​ឥណ្ឌា ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ ដូច​យ៉ាង​ប្រទេស​ចិន។

កាំជ្រួច​ Agni-5 បាញ់​សាក​ល្បង​ដោយ​ជោគជ័យ​ នៅ​ថ្ងៃអាទិត្យ​ទី ១៥ កញ្ញា​ ២០១៣
កាំជ្រួច​ Agni-5 បាញ់​សាក​ល្បង​ដោយ​ជោគជ័យ​ នៅ​ថ្ងៃអាទិត្យ​ទី ១៥ កញ្ញា​ ២០១៣ © Reuters
ផ្សាយពាណិជ្ជកម្ម

ពេល​នេះ​ឥណ្ឌា​កំពុង​តែ​ដេញតាម​យ៉ាង​ប្រកិត​ប្រទេស​ជិត​ខាង​ចិន​និង​ប៉ាគីស្ថាន ក្នុង​ការ​ពង្រឹង​សមត្ថភាព​និង​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ​ការ​សាក​ល្បង​មីស៊ីល​នៅ​ថ្ងៃអាទិត្យ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ! មីស៊ីស​បាន​បាញ់​ចេញ​ទៅ​ដល់​ទិសដៅ និង​តាម​ផ្លូវ​ដែល​បាន​គូស​​ទុក។ នេះ​បើ​តាម​ការ​ប្រកាស​របស់​អ្នក​នាំពាក្យ​អង្គការ​ផ្នែក​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វិស័យ​ការពារជាតិ ដែល​អះអាង​បន្ថែម​ទៀត​ថា ឥណ្ឌា​ត្រៀម​រួច​ជា​ស្រេច​នឹង​ដំណើរ​ការ​​ផលិត​មីស៊ីល​រយៈ​ឆ្ងាយ​នេះ។

បើ​តាម​វីដេអូ​ផ្សព្វផ្សាយ​ កាំជ្រួច​មីស៊ីល អាញី-៥ “Agni-V” ដែល​បាន​បាញ់​ចេញ​ពី​កោះ​​​មួយ​ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរ​ខាង​កើត​ មួយ​ភាគ​ធំ​​ផលិត​និង​ផ្គុំ​ដោយ​ម្រាម​ដៃ​ឥណ្ឌា និងមាន​សមត្ថភាព​បាញ់​បាន​ចម្ងាយ​ប្រមាណ​៥០០០គ.ម.។ ក្នុង​ការ​សាកល្បង​លើក​ទី​មួយ នៅ​ខែ​មេសា ឆ្នាំ​២០១២ កាំជ្រួច​ Agni –V អាច​បាញ់​ដល់​ត្រឹម​ប្រទេស​ប៉ាគីស្ថាន និង​ភាគ​ខាង​លិច​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ ឥណ្ឌា​បាន​បង្ហាញ​មហិច្ឆតា​យោធា​កាន់​តែ​ខ្លាំង​ឡើង និង​ចង់​បង្ហាញ​ពី​​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​នឹង​ចិន ដែល​ក៏​កំពុង​ស្ទុះ​ឡើង​ខ្លាំង​ក្នុង​វិស័យ​យោធា​ដែរ។ ដូច្នេះ​ការ​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​ អាវុធ​ដ៏​មាន​មហិទ្ធិរិទ្ធ​បំផុត​នៅលើ​លោក គឺ​ជា​ការ​ចាំ​បាច់ សម្រាប់​ប្រឈម​នឹង​ប្រទេស​ជិត​ខាង​ ដូច​យ៉ាង​ប៉ាគីស្ថាន​និង​ចិន ដែល​សុទ្ធ​តែ​មាន​គ្រាប់​បែក​នុយក្លេអ៊ែរ។

គិត​ចាប់​ពី​មាន​​ការ​ប៉ះទង្គិច​គ្នា​បន្តិច​បន្តួច​នៅ​ឆ្នាំ​១៩៦៧​ នៅ​​តំបន់​ហ៊ីម៉ាឡាយ៉ា មក ចិន​ និង​ឥណ្ឌា មាន​ទំនាក់​ទំនង​​ស្អិត​ល្មួត​នឹង​គ្នា​ណាស់​ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​។ ប៉ុន្តែ​ការ​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​បណ្តោយ​ព្រំដែន​ នៅ​តែ​ប្រភព​នៃ​ការ​ប្រទាញ​ប្រទង់ និង​សម្ពាធ​តាន​តឹង​ដាក់​គ្នា​ ជារឿយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ