អានតួអត្ថបទ
កម្ពុជា

ទិវាបុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៥៩​ឆ្នាំ​ប្រារព្ធ​ឡើង​ចំ​ពេល​ព្រះ​មហាវីរក្សត្រ​​យាង​ចូល​ទិវង្គត​

ថ្ងៃ​​៩​​វិច្ឆិកា​ឆ្នាំ​១៩៥៣-​ ថ្ងៃ​​៩​​វិច្ឆិកា​ឆ្នាំ​​២០១២ ​នៅ​​ឆ្នាំ​​នេះ​ ជា​​ខួប​​លើក​​ទី​​៥៩​ នៃ​​ទិវា​​បុណ្យ​ឯករាជ្យ​ជាតិ​ដែល​ព្រះករុណា​ព្រះមហាវីរក្សត្រ ​សម្តេចព្រះ នរោត្តម សីហនុបាន​​ធ្វើ​ព្រះរាជ​បូជនីយ​កិច្ច ដោយ​លះបង់​ទាំង​កម្លាំង​ព្រះកាយពល និង​ទាំង​កម្លាំង​ព្រះ​បញ្ញាញាណ ដើម្បី​ទាមទារ​ឯករាជ្យ​ពេញ​បូរិ​បូណ៍ពី​បារាំង ជូន​ជាតិ​មាតុភូមិ​។ ក៏ប៉ុន្តែ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​បាន​ធ្វើ​​ឡើង​នៅ​វិមាន​ឯករាជ្យ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​មិញ មិន​មាន​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហ​មុនី ដូច​រៀងរាល់​ឆ្នាំ​ទេ​។ មូលហេតុ មក​ពី​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ទើបតែ​យាង​ចូល​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥​តុលា ។ យ៉ាងណាក៏ដោយ ពិធីបុណ្យ​ឯករាជ្យ​ជាតិ នៅ​ព្រឹក​មិញ បាន​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​របស់​លោក ហេង សំរិន ប្រធានរដ្ឋសភា និង​មន្ត្រី​អ្នកមុខអ្នកការ សិស្សានុសិស្ស រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​នាក់​ផ្សេងទៀត​។

ទិវាបុណ្យឯករាជ្យជាតិ​ខួបលើកទី៥៩
ទិវាបុណ្យឯករាជ្យជាតិ​ខួបលើកទី៥៩ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

​​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​ជា​រៀងរាល់ឆ្នាំ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ និង​វត្តមាន​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា នាហ្មឺន​សព្វ​មុខមន្ត្រី ព្រមទាំង​មហាជន​យ៉ាងច្រើន​កុះករ នៅ​វិមាន​ឯករាជ្យ ក្នុង​ទីក្រុង​ភ្នំពេញ​។​

 
​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ស្នា​ព្រះហស្ដ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ដឹកនាំ​ធ្វើ​ព្រះរាជ​បូជនីយ​កិច្ច ដណ្តើម​ឯករាជ្យភាព​ពេញ​លេញ​​ពី​ប្រទេស​បារាំង​។ បារាំង បាន​ធ្វើ​ជា​អាណាព្យាបាល​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៨៦៣ ដល់​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣​។​

​ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​៩​វិច្ឆិកា ថ្ងៃនេះ គម្រប់​ខួប ៥៩ ឆ្នាំ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ប្រារព្ធ​ឡើង​រាង​សោះកក្រោះ​។ នោះ​ក៏​មក​ពី​អតីត​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ទើបតែ​យាង​ចូល​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥​តុលា ឆ្នាំ​២០១២ ក្នុង​ព្រះជន្ម ៩០ ព្រះវស្សា​។​

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា នៅ​ព្រឹក​មិញ បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​របស់​លោក ហេង សំរិន ប្រធានរដ្ឋសភា ដែលជា​ព្រះរាជ​តំណាង​របស់​ព្រះមហាក្សត្រ​។ លោក​បាន​អុជ​ទៀន​ជ័យ ជាមួយនឹង​សម្តេច​ព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ និង​មន្ត្រីជាន់ខ្ពស់ សិស្សា​នុសិស្ស​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់​។

​ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ពុំ​មាន​វត្តមាន ក្នុង​ពិធី​ជួបជុំ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅ​វិមាន​ឯករាជ្យ នា​ព្រឹក​មិញ​ឡើយ​។ ​យ៉ាងណាក៏ដោយ ពិធីបុណ្យ​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​៩​វិច្ឆិកា​នេះ មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ និង​វិទ្យុ ដូច​រៀងរាល់ឆ្នាំ​។

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​៩​វិច្ឆិកា​នេះ មិន​មាន​សេចក្តីថ្លែងការណ៍​អ្វី​ទេ ក្រៅ​តែ​ពី​ការ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ការស្រែក​ជយឃោស សាទរ អម​ដោយ​សំឡេង​ត្រែ​ទ័ព​។ ភ្លើង​ជ័យ នៅ​វិមាន​ឯករាជ្យ ត្រូវ​រក្សា​ទុក​រយៈពេល ៣ ថ្ងៃ រហូត​ដល់​រសៀល​ថ្ងៃ​ទី​១១​វិច្ឆិកា ឆ្នាំ​២០១២ ទើប​មាន​ពិធី​ពន្លត់ភ្លើង​ជ័យ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ