អានតួអត្ថបទ
ឥណ្ឌា

ស្លាប់យ៉ាងហោច​១២នាក់​ ក្នុង​ការបាញ់​ប្រហារ​នៅ​ផ្សារ​​ភាគ​ឦសាន​ឥណ្ឌា​

ថ្ងៃសុក្រ​នេះ មាន​មនុស្ស​យ៉ាងហោច​១២នាក់ បាន​ស្លាប់​​ក្នុង​ការ​បាញ់ប្រហារ​​នៅ​ផ្សារមួយ​កន្លែងក្នុង​រដ្ឋ អាសសាំ Assam ភាគ​ឦសានប្រទេស​​ឥណ្ឌា។ ប៉ូលិស​ប្រាប់ថា បាន​សម្លាប់​​ជនល្មើស​ម្នាក់ ហើយ​ក្រុម​ជន​ប្រដាប់​អាវុធ​ទាំងនេះ​​ជា​សកម្មជនរបស់​ក្រុម​​​ផ្តាច់ទឹកដី​​និយម​​រណសិរ្សជាតិ​បូដូ​ ហៅ​កាត់ថា​ ​NDFB។ 

ប្រជាជន​រដ្ឋ​​Assam ភៀសខ្លួន ​កាលពី​ឆ្នាំ២០១២ គេចពី​ហិង្សា​រវាង​ក្រុមបូដូ និង​ក្រុមអ្នកកាន់​សាសនា​អ៊ីស្លាម។
ប្រជាជន​រដ្ឋ​​Assam ភៀសខ្លួន ​កាលពី​ឆ្នាំ២០១២ គេចពី​ហិង្សា​រវាង​ក្រុមបូដូ និង​ក្រុមអ្នកកាន់​សាសនា​អ៊ីស្លាម។ Reuters / Stringer
ផ្សាយពាណិជ្ជកម្ម

យោងតាម​ប៉ូលិស​រដ្ឋអាសសាំ ក្រុមជ្រុលនិយម​​​បាន​បាញ់​​ប្រហារ​មនុស្ស​ម្នា ​នៅ​ផ្សារ​ក្រុង Balajan ​​​បាឡាចាន់  ក្នុង​រដ្ឋ​អាសសាំ​ ភាគឦសានប្រទេស។ ជនប្រដាប់អាវុធ​ទាំងនេះ​​បាន​គប់គ្រាប់បែក​ដៃ​មួយគ្រាប់ ​ធ្វើអោយ​​​មាន​អគ្គិភ័យ​​ នៅ​អគារ​មួយកន្លែង ​ក្នុងផ្សារ​នេះ​ដែរ។ អគារនេះ​សំបូរ​មនុស្ស​ម្នា​ណាស់។

ភ្លាមៗ ក្រោយ​ហេតុការណ៍ ​ប៉ូលិស​លើកឡើងថា ជនប្រដាប់អាវុធ​ទាំងនេះ​​ជា​សកម្មជន​ក្រុមផ្តាច់ទឹកដី​និយម​បូដូ។ ​ក្រុងបាឡាចាន់ ស្ថិត​នៅ​តំបន់មួយ​ជិតព្រំដែន​ប៊ូតង់។ ក្នុង​អតីតកាល នៅ​តំបន់​នេះ ក្រុមផ្តាច់ទឹកដី​និយម​បូដូ​ ធ្លាប់​ធ្វើសកម្មភាព​ទាមទារ​ឯករាជ្យ​សម្រាប់​​ប្រជាជនកុលសម្ព័ន្ធ​បូដូ។

រដ្ឋអាសសាំ​ឥណ្ឌា​ ក៏​ជាប់ព្រំដែន​ជាមួយ​បង់ក្លាដែស​ដែរ។ ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ​រដ្ឋអាសសាំ​ ​​បានទទួល​សុខ​សន្តិភាព​បន្តិច​មកវិញ​​​ ប៉ុន្តែ នៅ​តែ​ចៀសមិនផុត​ពី​​ភាពតានតឹង​​បង្កឡើង​​ដោយ​​​ក្រុម កុល សម្ព័ន្ធ​​​បូដូ​ ក្រុម​អ្នកកាន់​​សាសនា​អ៊ីស្លាម និង​ក្រុម​កុលសម្ព័ន្ធ​អាឌីវ៉ាស៊ី។ សហគមន៍ ទាំង​៣ នេះ​​ មាន​ជម្លោះ​ធ្ងន់ធ្ងរ​នឹងគ្នា ​ដោយសារ​​​បញ្ហា​​ដីធ្លី។ ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ​ក្រុមបូដូ ​បាន​ធ្វើការ​វាយប្រហារ​​បង្ហូរឈាម​ ប្រឆាំង​ក្រុមអ្នកកាន់​សាសនា​អ៊ីស្លាម​ ​និង​ក្រុមកុលសម្ព័ន្ធ​អាឌីវ៉ាស៊ី។

កាលពីឆ្នាំ​២០១៤ ក្រុមបះបោរ​ប្រដាប់​អាវុធ​ បាន​បើក​ការវាយប្រហារ​ជាច្រើន សម្លាប់​មនុស្ស​ប្រមាណ​៦៩នាក់ ក្នុង​នោះ​មាន​កុមារ​១៨នាក់។ ដោយសារ​ហិង្សា ​​​មនុស្ស​រាប់ពាន់នាក់​​បាន​ភៀសខ្លួន​ពីតំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ