អានតួអត្ថបទ
រុស្ស៊ី-វៀតណាម

អគ្គិភ័យ​ផ្តាច់​ជីវិត​កម្មករ​វៀតណាម​អស់​១៤នាក់

អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​នៅ​ម៉ោង​៥ល្ងាច​មិញ ក្នុង​រោងជាង​កាត់ដេរ​មួយ តំបន់​ជាយ​ក្រុង​ម៉ូស្គូ។ ជាតិ​វៀតណាម​ដែល​អភ័ព្វ​ស្លាប់​ទៅ​នោះ សុទ្ធ​តែ​ជា​កម្មករ​ចំណាកស្រុក​ដែល​បាន​ជ្រៀត​ចូល​មក​ស៊ីឈ្នួល​កាត់ដេរ​សំលៀកបំពាក់ ទាំង​ខុសច្បាប់​នៅ​លើ​ទឹកដី​រុស្ស៊ី។

អគ្គិភ័យ​ផ្តាច់​ជីវិត​កម្មករ​វៀតណាម​អស់​១៤នាក់
អគ្គិភ័យ​ផ្តាច់​ជីវិត​កម្មករ​វៀតណាម​អស់​១៤នាក់
ផ្សាយពាណិជ្ជកម្ម

ជា​បឋម​គួរ​និយាយ​ថា រោងជាង​កាត់ដេរ​នេះ​ស្ថិត​នៅ​ក្រុង Egorievsk ចម្ងាយ១០០គ.ម. ភាគ​អគ្នេយ៍ ពី​រដ្ឋធានី​ម៉ូស្គូ។ នៅ​វេលា​ម៉ោង​៥ល្ងាច​ម្សិលមិញ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ស្តីអំពី​អាសន្នអន្ធក្រ​នោះ មាន​ឡានទឹក​ចំនួន​ដល់​ទៅ​១០គ្រឿង​បាន​អន្តរាគមន៍​ជា​បន្ទាន់។ តាម​សំដី​ប្រធាន​ក្រុម​លត់ភ្លើង​នោះ អគ្គិភ័យ​បាន​ឆាបឆេះ​លើ​ផ្ទៃក្រឡា​ប្រមាណ​តែ ៤០ ម៉ែត្រការ៉េ​ប៉ុណ្ណោះ។ ប៉ុន្តែ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កម្មករ សុទ្ធតែ​ជា​ជាតិ​វៀតណាម​ធ្លាក់​ខ្លួន​ស្លាប់​ច្រើន​ម្លឹងៗ ដល់​ទៅ​១៤នាក់​តែ​ម្តង គឺ​មក​ពី​គេ​ទាំង​នោះ​មិន​អាច​រត់​ចេញ​រួច​ពី​កន្លែង​ធ្វើការ នៅ​ពេល​ដែល​គេ​ស្លន់ស្លោ ត្រូវ​លេប​ត្របាក់​ដោយ​អណ្តាតភ្លើង មក​ពី​ថៅកែ​បាន​ចាក់សោ​បិទទ្វារ​ពី​ក្រៅ ដើម្បី​ការពារ​កុំ​ឲ្យ​សមត្ថកិច្ច​រុស្ស៊ី​ចូល​ទៅ​ឆែកឆេរ ពីព្រោះ​អ្នកកាត់ដេរ​ទាំង​នោះ ធ្វើការ​ដោយ​លួចលាក់ ទាំង​ខុសច្បាប់ គ្មាន​ក្រដាសស្នាម​អ្វី​ណា​ទេ។

ម៉្លោះ​ហើយ​បាន​ជា​ពេល​ឡានទឹក​ទៅ​ដល់​ក្រុម​អ្នកលត់ភ្លើង បាន​បង្ខំចិត្ត​គាស់​ទ្វារ​ដ៏​ធំ​នោះ​សិន​ ដើម្បី​មាន​លទ្ធភាព​ចូល​ទៅ​បាញ់​ទឹក បង្ក្រាប​ភ្លើង​នោះ ឲ្យ​វា​រលត់​ទៅ​រំលង ២ម៉ោង​ក្រោយ​មក។ បន្ទាប់​មក សព​កម្មករ​វៀតណាម​ទាំង​១៤នាក់​នោះ ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​ក្រុម​ស៊ើបអង្កេត ទាំង​វែកញែក​បំភ្លឺ​អំពី​មូលហេតុ​នៃ​អគ្គិភ័យ​ផ្ទាល់។ មក​ទល់​ព្រឹក​ថ្ងៃ​នេះ ស្ថាប័ន​អន្តោប្រវេសន៍​រុស្ស៊ី ហៅ​កាត់​ថា FMS បាន​ប្រកាស​ឲ្យ​ដឹង​ថា នៅ​តំបន់​ជុំវិញ​រោងជាង​កាត់ដេរ​នោះ មាន​វាត​ប្រតិបត្តិការ ឃាត់ខ្លួន​កម្មករ​វៀតណាម​បាន​ចំនួន ៦០នាក់​ហើយ ដែល​ស្ថិត​នៅ​លើ​ទឹដី​រុស្ស៊ី ទាំង​ខុស​ច្បាប់​ដែរ។

គ្មាន​ទេ តួលេខ​ពិតប្រាកដ​នៃ​ចំនួន​កម្មករ​ចំណាកស្រុក​ជាតិ​វៀតណាម​ដែល​ធ្វើការ​នៅ​រុស្ស៊ី ។ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​នៃ​ស្ថាប័ន​អន្តោប្រវេសន៍​រុស្ស៊ី FMS សព្វថ្ងៃ ស្នាក់នៅ​ធ្វើការ​តាម​ច្រកល្ហក​ប្លែកៗ​នៃ​ប្រទេស​រុស្ស៊ី គឺ​មាន​កម្មករ​វៀតណាម​បែប​នេះ ដល់​ទៅ​រាប់ម៉ឺននាក់។ ទាក់ទង​នឹង​ជីវិត​អ្នកកាត់ដេរ​វៀតណាម​នៅ​រុស្ស៊ី ក្រុមហ៊ុន​វិទ្យុ​ទូរទស្សន៍​អង់គ្លេស BBC ធ្លាប់​បាន​លើក​យក​មក​ផ្សាយ ជា​ឧទាហរណ៍ គឺ​ការ​ដំណាល​របស់​កម្មករ​ម្នាក់​ឈ្មោះ Quong ធ្វើការ​នៅ​ឯ​ក្រុង​រុស្ស៊ី Toula ចម្ងាយ២០០គ.ម. ខាង​ត្បូង​ពី​រដ្ឋធានី​ម៉ូស្គូ ដែល​ត្អូញ​ថា គេ​ត្រូវ​ដេរ​ក្នុង​១ថ្ងៃៗ ដល់​ទៅ ២០ម៉ោង ប៉ុន្តែ ៣ឆ្នាំ​ក្រោយ​មក គេ​បែរ​ទៅ​ជា​ជំពាក់​ថៅកែ ១៦៥ដុល្លារ​ទៅ​វិញ លុះ​ទាល់​តែ​នៅ​ទីបំផុត គេ​បាន​សុំ​ឲ្យ​ស្ថានទូត​វៀតណាម​នៅ​រុស្ស៊ី ជួយ​ចេញ​ក្រដាសស្នាម​ទៅ​គេ និង​ជួយ​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​គេ​បាន​ត្រឡប់​ទៅស្រុក​វិញ​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ