អានតួអត្ថបទ
កូរ៉េ​ខាង​ជើង-CPI

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ការ​ស៊ើបអង្កេត​លើ​កូរ៉េ​ខាង​ជើង

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ប្រកាស​​ឲ្យដឹង កាល​ពីថ្ងៃ​ចន្ទ ៦ធ្នូ ២០១០នេះ​​ ថា តុលាការ​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ករណី​បាញ់​ពន្លិចនាវាចម្បាំង​កូរ៉េ​ខាង ​ត្បូង​ និង​ការ​បាញ់ផ្លោង​លើ​កោះ Yeonpyeong ពីសំណាក់​កូរ៉េ​ខាងជើង ដើម្បី​ពិនិត្យ​មើលថា តើ​ទង្វើ​នេះ​គឺ​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដែរ​ឬ​ក៏យ៉ាងណា?

ផ្ទះជនស៊ីវិល នៅ Yeonpyeong ​ដែល​ត្រូវ​រងការ​បាញ់ផ្លោង​ពីសំណាក់​កូរ៉េ​ខាង​ជើង
ផ្ទះជនស៊ីវិល នៅ Yeonpyeong ​ដែល​ត្រូវ​រងការ​បាញ់ផ្លោង​ពីសំណាក់​កូរ៉េ​ខាង​ជើង ©REUTERS/Park Ji-ho/Yonhap
ផ្សាយពាណិជ្ជកម្ម

សមត្ថកិច្ច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
04:47

ការពន្យល់​របស់​សេង ឌីណា

លោក​ល្វីស ម៉ូរេណូ-អូកាំប៉ូ (Luis Moreno-Ocampo) រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ហៅកាត់​តាមភាសា​បារាំង​ថា CPI) បាន​បញ្ជាក់ថា លោក​ពិត​ជា​បាន​បើក​ការ​ស៊ើបអង្កេតបឋម​ទៅលើ​​​កូរ៉េ​ខាងជើង​មែន។ ការ​ស៊ើបអង្កេត​បឋម​នេះ បាន​ធ្វើ​ឡើង​ទៅលើ​អង្គហេតុ​ពីរ៖

  • ការបាញ់ពន្លិច​នាវាចម្បាំង​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី២៦ មីនា ២០១០ ដែល​បណ្តាល​ឲ្យ​នាវិក ៤៦​នាក់​បាត់បង់ជីវិត។
  •   ការបាញ់ផ្លោង​លើ​កោះ Yeonpyeong កាល​ពីថ្ងៃ​ទី​២៣ វិច្ឆិកា ២០១០ ដែល​បណ្តាល​ឲ្យ​​ទាហាន​កូរ៉េ​ខាង​ត្បូង​២រូប និង​ជនស៊ីវិល​ ២​រូប​បាត់បង់ជីវិត ព្រមទាំង​របួស​ជាច្រើន​នាក់ផ្សេង​ទៀត។

ការស៊ើបអង្កេត​ជា​បឋម​នេះ ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ពិនិត្យ​មើលថា តើ​ទង្វើ​ទាំងពីរ​ខាងលើនេះ អាច​ចូល​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម ដែល​ជា​សមត្ថកិច្ច​របស់​ CPI ដែរ​ឬ​ក៏យ៉ាងណា។ យោងតាម​ច្បាប់​សង្រ្គាម (អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩) ការ​វាយប្រហារ​ទៅលើ​ជនស៊ីវិល ក្នុង​ពេល​មាន​ជម្លោះប្រដាប់អាវុធ​​អន្តរជាតិ ត្រូវ​ចាត់ទុក​ថា​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។

គួរ​បញ្ជាក់ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​បង្កើត​ឡើង​​តាមរយៈ​សន្ធិសញ្ញា​ក្រុងរ៉ូម ឆ្នាំ​១៩៩៨ (ចូលជាធរមាន​ ឆ្នាំ​២០០២) មាន​សមត្ថកិច្ច​ជំនុំជម្រះ​បទឧក្រិដ្ឋ​ធំៗ​ចំនួន ៣៖ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម។

ថ្វីដ្បិត​តែ​កូរ៉េ​ខាងជើង​មិនមែន​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ក្រុង​ រ៉ូម​ក៏ដោយ ក៏​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​​អាច​យក​ករណី​កូរ៉េ​ខាងជើង​នេះ​ មកជំនុំជម្រះ​បានដែរ ពីព្រោះ​ថា បទល្មើស​ត្រូវ​បានប្រព្រឹត្ត​នៅលើ​ទឹកដីកូរ៉េ​ខាងត្បូង ដែល​ជាប្រទេស​ហត្ថលេខី។

ក៏ប៉ុន្តែ សំណួរ​ចោទឡើង​ថា ប្រសិន​បើ​ការស៊ើបអង្កេត​រកឃើញ​ថា​ពិតជាមាន​ឧក្រិដ្ឋកម្ម​សង្រ្គាមមែន តើ​នឹង​មាន​អ្វី​កើតឡើង? តើ​​ CPI ​អាច​នាំ​ខ្លួន​​មេដឹកនាំ​​កូរ៉េ​ខាង​ជើង​មក​កាត់ទោស​ដែរ​ឬទេ?

CPI មាន​តែ​អំណាច​តុលាការ​ប៉ុណ្ណោះ មិនមាន​កងកម្លាំង​ប៉ូលិស ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​​របស់​តុលាការ​នោះទេ។ CPI ចាំបាច់​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ប្រទេស​ជា​ហត្ថលេខី ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ បញ្ជូន​ទៅ​​កាត់ទោស នៅ​​ឡាអេ។

កាល​ពី​ខែមីនា ឆ្នាំ​២០០៩ CPI បាន​ចេញដីកា​ចាប់ខ្លួន​លោក​អូម៉ា អាល់-បាស្ហៀរ ប្រធានាធិបតី​ស៊ូដង់ ដោយ​ចោទប្រកាន់​ពីបទឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ ក៏ប៉ុន្តែ រហូត​មកទល់ពេលនេះ តុលាការ​នៅតែ​មិនអាច​នាំខ្លួន​លោក​បាស្ហៀរ​មកកាត់ទោស​បាន​នៅឡើយទេ។ កាល​ពី​ខែ​កក្កដា​កន្លងទៅនេះ លោក​បាស្ហៀរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​ឆាដ ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ក្រុងរ៉ូម។ ក៏ប៉ុន្តែ ឆាដ​បាន​បដិសេធ​មិនព្រម​ចាប់ខ្លួន​លោក​បាស្ហៀរ​ ទៅតាម​សំណើ​របស់​ CPI នោះទេ។

ករណី​កូរ៉េ​ខាងជើង​ គឺ​កាន់តែ​មានភាព​ស្មុគស្មាញ​ទៅទៀត ពីព្រោះ​ថា ប្រទេស​ ដែល​មន្រ្តី​កូរ៉េ​ខាង​ជើង​​ធ្វើដំណើរ​ចេញចូល​ញឹកញាប់ គឺ​ចិន ដែល​មិនមែន​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ក្រុងរ៉ូម។ សហរដ្ឋ​អាមេរិក​​ ថ្វីដ្បិត​តែ​បាន​ចុះហត្ថលេខា​ ក៏ប៉ុន្តែ មិន​បាន​ផ្តល់​សច្ចាប័ន​​លើ​សន្ធិសញ្ញា​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ