អានតួអត្ថបទ
ភូមា

​អាមេរិក​​ត្រៀម​រៀប​ចំ​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​ភូមា​​​​បន្ទាប់​ពី​​​អ្នក​ទោស​​​​ថ្មីៗ​នៅភូមា​​​ត្រូវ​បាន​ដោះលែង​​​

រដ្ឋាភិបាល​ភូមាទើប​បាន​ដោះលែង​អ្នក​ទោស​ចំនួន​៦៥១​នាក់​ឲ្យ​មាន​សេរីភាព។ នៅ​ក្នុង​ចំណោម​​អ្នក​ទោស​ទាំង​នោះ មាន​អ្នកទោស​នយោបាយ​​ខ្លះ ​ជា​មេ​ដឹកនាំ​ការ​បះបោរ​និស្សិត​ភូមា​កាលពី​ឆ្នាំ ១៩៨៨ ដែល​ត្រូវ​របបសឹក​វាយ​បង្ក្រាប​យ៉ាង​ហិង្សា​បំផុត។ការ​លើក​លែង​ទោស​​​​នេះ ត្រូវ​បាន មេ​ដឹក​នាំ​នៅ​លោក​ខាង​លិច​ទាមទារ​ជា​យូរ​ឆ្នាំ​មក​ហើយ។​ឆ្លើយ​តប​ចំពោះ​​ជំហរ​ថ្មី​នៃ​ការ​បើក​ចំហ​របស់​រដ្ឋាភិបាល​ភូមា​នេះ ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា អាមេរិក​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បីផ្តោះ​ប្តូរ​ការទូត​ជា​មួយ​ភូមាដោយ​ពុំទាន់​និយាយ​អំពីការ​លើក​ទណ្ឌកម្ម​​ណា​មួយ​របស់​ខ្លួន​នៅ​ឡើយ។

ក្រុម​គ្រួសារ​ធ្វើសញ្ញា​លើកដៃ​អបអរសាទរ​នៅ​ពេលដែល​ពួកអ្នកទោស​នយោបាយ​ត្រូវ​បាន​ដោះលែង​ពីពន្ធនាគារ​នៅ​Pa-anនៅ​ថ្ងៃ​អាទិត្យ​ទី​១៣​មករា​២០១២
ក្រុម​គ្រួសារ​ធ្វើសញ្ញា​លើកដៃ​អបអរសាទរ​នៅ​ពេលដែល​ពួកអ្នកទោស​នយោបាយ​ត្រូវ​បាន​ដោះលែង​ពីពន្ធនាគារ​នៅ​Pa-anនៅ​ថ្ងៃ​អាទិត្យ​ទី​១៣​មករា​២០១២ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ការ​ដោះលែង​អ្នក​ទោស​ជា​ច្រើន​រយ​នាក់​​​នៅ​ភូមា បាន​ទទួល​ការ​អបអរ​​សាទរ​ភ្លាម​ពី​សំណាក់​មេ​ដឹកនាំធំៗនៅលោកខាងលិច ​ជាអាទិ៍ ប្រធានាធិបតីបារាំង​ នីកូឡាសាកូហ្ស៊ី​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​ដាវីឌកាំមឺរ៉ុន​ ​និង​លោក​បារ៉ាក​អូបាម៉ា ប្រធានាធិបតី​អាមេរិក។ លោកបារ៉ាក​​អូបាម៉ា​  នៅក្នុងសេ​ច​ក្តី​ជូន​ដំណឹង​មួយ​របស់​ខ្លួន បាន​ថ្លែង​សរសើរ​ចំពោះ​​សេចក្តី​សំរេចចិត្ត​របស់​លោក​​ប្រធានាធិបតី​ថេនសេននៅក្នុង​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយភូមាជា​ច្រើន​រយ​នាក់​ថែម​ទៀត​នៅ​ថ្ងៃ​សុក្រ១៣មករា​​ម្សិលមិញ​ដោយលោក​បានវាយតម្លៃថាកាយវិការ​ថ្មី​នេះ  ​ជា​​ការ​​បោះ​ជំហាន​មួយ​​ដ៏​សំខាន់​ដើម្បី​ដឹកនាំ​ប្រទេស​ភូមា​​​ឆ្ពោះ​ទៅ​រក​មាគ៌ា​លទ្ធិ​ប្រជា​ធិបតេយ្យ។

“ក្រោយពី​ស្ថិត​ក្នុង​ភាព​ខ្មៅ​ងងឹត​អស់​ជា​ច្រើន​ឆ្នាំក​ន្លង​មក​ យើង​​បាន​ឃើញ​ពន្លឺ​ព្រឹមៗ ​នៃ​ការ​រីក​ចំរើនមួយ​នៅ​ភូមា​ តាំងពី ជាច្រើនសប្តាហ៍កន្លងមក ហើយ​ពន្លឺ​នេះ​​ កាន់​តែ​​​​លេចភ្លឺ​​​ច្បាស់​ជាង​មុន​នៅ​ពេល​នេះ”។ នេះជា​សេចក្តី​ថ្លែង​របស់​លោក​​អូបាម៉ា ​នៅថ្ងៃសុក្រម្សិលមិញ​ ដោយ​លោកបន្ថែម​​ទៀតថា “ លោក បាន​សុំ​​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ​លោកស្រី Hillary Clinton ​ចាត់ចែង​វិធានការចាំបាច់​​នានា​ ដើម្បី​ ចាប់​ច្បិច​យក​ឱកាស​​ដ៏​កម្រ​​​ជា​​ប្រវត្តិសាស្រ្តមួយ​​នេះ​​​ដែល​​​ពោរ​ពេញ​ទៅ​ដោយក្តីសង្ឃឹម” ។

លោកស្រី​គ្លីនតុន​វិញ ក៏បាន​ជូនដំណឹង​ភា្លមៗ​ដែរ ថា “អាមេរិក​នឹង​ចាប់​ផ្តើម​រៀប​ចំ​និតិវិធី​មួយ​ដើម្បី​ធ្វើ​ការ​ផ្តោះប្តូរ​ឯក​អគ្គ​រដ្ឋទូត​រវាង​អាមេរិក​និង​ភូមា-ដែល​ជា​​ដំណាក់កាល​​លើក​ដំបូង​បង្អស់ ​នៅ​មុន​ពេល​រៀប​ចំ​​ទំនាក់​ទំនង​ការ​ទូត​ទាំង​ស្រុង​មួយ ​ជាយថាហេតុ​ រវាង​ប្រទេស​ទាំង​ពីរ។

គួរបញ្ជាក់ថា អាមេរិកនិងភូមា បាន​រក្សា​ទំនាក់​ទំនងការទូតរវាងគ្នា ក៏ប៉ុន្តែ អ្នក​តំណាង​​របស់​អាមេរិក​នៅ​ភូមា គឺ​មានឋានៈត្រឹមតែ ភារធារី​ប៉ុណ្ណោះ ចាប់​តាំង​ពី​ឆ្នាំ​​១៩៩០ ​ដែល​ជា​ឋានៈមួ​យ​មាន​កំរិត​ទាប​ជាង​ឋានៈ ឯកអគ្គរដ្ឋទូត។

 លោកស្រី គ្លីនតុន បានអបអរសាទរយ៉ាងជ្រាលជ្រៅ​ផងដែរចំពោះកិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលម្ង៉ៃ​ ​រវាង​​រដ្ឋាភិបាល​​​ភូមា​​និង​ចលនា​ឧទ្ទាម​ការ៉ែនក្នុងការ ផ្សះផ្សាជាតិ។ ក៏ប៉ុន្តែ​ទាំង​លោក​​បារ៉ាកអូបាម៉ា ទាំង​លោកស្រី​គ្លីនតុន ពុំ​បាន​និយាយ​មួយ​ម៉ាត់​សោះ​ឡើយ​​អំពី​ ការ​​លើក​ទណ្ឌកម្មរបស់​​អាមេរិកដែលបាន​ដាក់​ទៅ​លើ​របប​ភូមានោះ ដូចជា ការ​ហាម​​មិន​ឲ្យ​សហគ្រាស​អាមេរិក​ទៅ​ធ្វើ​វិនិយោគ​នៅ​ប្រទេសភូមា -ហាម​​នាំ​​ធនធាន​​ភូមា ​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​និង​ធ្វើការ​រឹត​បន្តឹង​នៅលើ ការ​​ចេញ​លិខិត​​ឆ្លង​ដែនឲ្យដល់សមាជិក​​រដ្ឋាភិបាលភូមាដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ