អានតួអត្ថបទ
កម្ពុជា

លោកហ៊ុន​ សែន ព្រមាន​លោក​កឹម សុខា ​ដែល​ប៉ុនប៉ង​ទម្លាក់​រដ្ឋមន្ត្រី​បក្ស​កាន់​អំណាច

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​នៅ​ថ្ងៃ​នេះ​ថា​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុនប៉ង​ទម្លាក់​រដ្ឋមន្ត្រី​គណបក្ស​កាន់​អំណាច​ដោយ​ប្រើ​យន្តការ​សភា​មែន​នោះ ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បោះឆ្នោត​ទម្លាក់​លោក​ កឹម​ សុខា​ ចេញ​ពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​វិញ។​ ប្រតិកម្ម​នេះ​គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក​ កឹម សុខា​ ដែល​បាន​ព្រមាន​ថា​ នឹង​រួម​ដៃ​ជាមួយ​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​មួយ​ចំនួន​ដើម្បី​ទម្លាក់​រដ្ឋមន្ត្រី​ពុក​រលួយ​នៅ​ជុំវិញ​លោក​នាយក​រដ្ឋ​មន្ត្រី។

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សារ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​០៩ ​កញ្ញា​នេះ​ក្នុង​ឱកាស​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្បែរ​សាលា​តិច​ណូ​ក្នុង​រាជធានី​ភ្នំពេញ។ ​លោក​ ហ៊ុន សែន ​ព្រមាន​ថា​ បើ​បក្ស​ប្រឆាំង​ចង់​បោះ​ឆ្នោត​ទម្លាក់​រដ្ឋ​មន្ត្រី​ណា​មួយ ​បក្ស​កាន់​អំណាច​នឹង​បោះឆ្នោត​ទម្លាក់​លោក ​កឹម សុខា ​ចេញ​ពី​អនុ​ប្រធាន​ទី​១​រដ្ឋសភា​ដែរ​ក្រោម​ហេតុ​ផល​ថា ​ពាក្យ​ពេចន៍​ជេរ​ប្រមាថ​មិន​សម​នឹង​តំណែង​នេះ​ទេ។

នេះ​គឺ​ជា​ប្រតិកម្ម​ឆ្លើយ​តប​នឹង​លោក ​កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា។ ​នៅ​ក្នុង​ដំណើរ​ទៅ​ជួប​ជាមួយ​អ្នក​គាំទ្រ​តាម​ខេត្ត​តាម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​លោក ​កឹម សុខា ​បាន​ប្រកាស​ថា​លោក​នឹង​ប្រើប្រាស់​យន្តការ​សភា​ដើម្បី​ទម្លាក់​«រដ្ឋ​មន្ត្រី​ពុក​រលួយ»​មួយ​ចំនួន​ដែល​នៅ​ជុំវិញ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

បើ​តាម​លោក​ កឹម សុខា ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ដែល​មិន​ចូលចិត្ត​រដ្ឋ​មន្ត្រី​មុខ​ដដែល​ៗ​នោះ​អាច​ចូល​រួម​បោះឆ្នោត​គាំទ្រ​សំណើ​បក្ស​ប្រឆាំង។ ​ប៉ុន្តែ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ចាត់​ទុក​ការ​ប៉ុន​ប៉ង​ទម្លាក់​រដ្ឋ​មន្ត្រី​និង​នាយក​រដ្ឋ​មន្ត្រី​បក្ស​កាន់​អំណាច​នោះ​ថា​ជាការ​បង្ក​សង្គ្រាម​និង​បាន​ព្រមាន​បោះឆ្នោត​ទម្លាក់​លោក​កឹម សុខា ​ពី​អនុប្រធាន​ទី​១​រដ្ឋសភា​វិញ​ប្រសិន​បើ​មាន​សំណើ​សុំ​ទម្លាក់​រដ្ឋ​មន្ត្រី​ណា​ម្នាក់​មែន​នោះ។

គួរ​កត់​សម្គាល់​ដែរ​ថា ​លោក​ កឹម សុខា ​ក៏​បាន​ចោទ​ប្រកាន់​មនុស្ស​បី​ក្រុម​ថា​បាន​ព្យាយាម​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្អប់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​សារ​តែ​ការ​យល់​ព្រម​ចូល​រដ្ឋ​សភា។ ​មនុស្ស​ទាំង​បី​ក្រុម​នោះ​រួម​មាន​ ក្រុម​អ្នក​វិភាគ​ឯករាជ ​ក្រុម​អ្នក​ចង់​អូស​ទាញ​ឲ្យ​រូប​លោក​បែក​ចេញ​ពី​លោក​ សម រង្ស៊ី ​និង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្លែង​ក្លាយ។ ​ក្រុម​អ្នក​គាំទ្រ​ក្លែង​ក្លាយ​នោះ ​លោក​ កឹម សុខា ​ទំនង​ជា​ចង់​សំដៅ​ទៅ​លើ​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

នេះ​ជា​ការ​ប៉ះ​សម្តី​គ្នា​ជា​សាធារណៈ​លើក​ដំបូង​ហើយ​រវាង​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២​កក្កដា​មក​ និង​បន្ទាប់​ពី​លោក​ ហ៊ុន សែន និង​លោក ​សម រង្ស៊ី ​បាន​ថ្លែង​សារ​សន្តិភាព​នៅ​ក្នុង​រដ្ឋ​សភា។ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ចាត់​ទុក​កិច្ច​ព្រម​ព្រៀង​និង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា​ជា​«បទ​ឈប់​បាញ់»​មួយ​ហើយ​បាន​សុំ​ឲ្យ​ភាគី​ទាំង​សង​ខាង​ពិនិត្យ​មើល​«កូន​ទា​ហាន»​របស់​ខ្លួន​ឡើង​វិញ​ជា​បន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ