អានតួអត្ថបទ
កម្ពុជា

កម្ពុជា ក្នុង​នាម​ប្រធាន​អាស៊ាន​ប្រកាស​សាទរ​នូវ​បទឈប់បាញ់​នៅ​មជ្ឈិមបូព៌ា

នៅ​ព្រឹក​មិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​សូម​អបអរសាទរ និង​ស្វាគម​នូវ​បទ​ឈប់​បាញ់​នៅ​តំបន់​កាហ្សា នៅ​មជ្ឈិមបូព៌ា ដែល​ជា​ជម្លោះ​រវាង​ប្រទេស​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ក្រោម​ការ​សម្របសម្រួល​របស់​​​សហរដ្ឋអាមេរិក ពិសេស​ពី​លោកប្រធានាធិបតី អូ​បា​ម៉ា​។​ តាម​លោក​នាយក​រដ្ឋមន្ត្រី បញ្ហា​ជម្លោះ​នៅ​តំបន់​កាហ្សា ក៏​ត្រូវ​បាន​លោក អូបាម៉ា លើកឡើង​ជាមួយ​រូប​លោក ក្នុង​ពេល​ពិធី​ជប់លៀង កាល​ពី​យប់​ថ្ងៃទី១៩ វិច្ឆិកា នៅ​ពេល​ដែល​លោក អូបាម៉ា​មក​ចូលរួម​កិច្ចប្រជុំកំពូល ជាមួយ​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​នៅ​ភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី​ហ៊ុន​ សែន
លោកនាយករដ្ឋមន្រ្តី​ហ៊ុន​ សែន ©គី​ សុខ​លីម
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៨ នៅ​ខេត្ត​ព្រៃវែង ក្រោម​ឥណទាន​ប្រាក់កម្ចី​របស់​​ប្រទេស​ចិន កាល​ពី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ក្នុង​ពេល​អាស៊ាន​បើក​កិច្ចប្រជុំ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃចន្ទ​កន្លង​មក អំពើហិង្សា​បាន​កើត​ឡើង​យ៉ាង​ធ្ងន់ធ្ងរ នៅ​តំបន់​កាហ្សា រវាង​ក្រុម​ហាម៉ាស់​របស់​ប៉ាឡេស្ទីន ជាមួយ​នឹង​អ៊ីស្រាអែល ដែល​ពេល​នោះ អាស៊ាន​ចាំ​បាច់​ត្រូវ​មាន​ជំហរ​​រួម​មួយ ដើម្បី​ចេញ​សេចក្តីប្រកាស​របស់​ប្រធាន​។ ​អាស៊ាន​ក៏បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក ក្នុង​ជំនួប​អាស៊ាន និង​សហរដ្ឋអាមេរិក​ដែល​មាន​លោក​ប្រធានាធិបតី អូ​បា​ម៉ា​ចូលរួម ដើម្បី​ធ្វើ​អន្តរាគមន៍​ឲ្យ​ទាន់​ពេល លើ​ជម្លោះ​នៅ​តំបន់​កាហ្សា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​បន្ថែម​ថា ក្នុង​ពេល​ជប់លៀង​កាល​ពី​យប់​ថ្ងៃទី១៩ វិច្ឆិកា លោក​បាន​សន្ទនា​យ៉ាង​ច្រើន ជាមួយ​នឹង​លោក​ប្រធានាធិបតី អូ​បា​ម៉ា ក្នុង​នោះ ក៏​មាន​ប្រធានបទ​សំខាន់​មួយ គឺ​បញ្ហា​នៅ​មជ្ឈិមបូព៌ា នៅ​តំបន់​កាហ្សា ដែល​កំពុង​មាន​ការ​តានតឹង​។

លោក ហ៊ុន សែន៖ “ពេល​នោះ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ឥឡូវ​នេះ​ គាត់​បាន​ប្រាប់​ខ្ញុំ​ថា នៅ ២០​នាទី​ទៀត គាត់​សុំ​ចេញ​ទៅ​មុន ព្រោះ​មន្ត្រី​របស់​គាត់​បាន​ប្រាប់​មក​ថា អាច​ទំនាក់ទំនង​បាន​នៅ​ប៉ុន្មាន​នាទី​ខាង​ក្រោយ​នេះ​។ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ប្រសិន​បើ​មិន​មាន​ការ​ឈប់​បាញ់​ក្នុង​រយៈពេល​ពីរ ឬ​បី​ថ្ងៃ​ទៀត សភាពការណ៍​អាក្រក់​ណាស់​អាច​នឹង​មាន​ អន្តរាគមន៍​ជើងគោក​ចូល ដែល​សភាពការណ៍​នេះ វា​នឹង​ធ្ងន់ធ្ងរ ហើយ​អូស​បន្លាយ​។ ដូច្នេះ គាត់​មាន​ការ​ចាំ​បាច់ ដើម្បី​ធ្វើ​ទំនាក់ទំនង​នឹង​ប្រធានាធិបតី ជាមួយ​នាយក​រដ្ឋមន្ត្រី​របស់​អ៊ីស្រាអែល និង​ប្រធានាធិបតី​​របស់​អេ​ហ្ស៊ី​ប​។ ទន្ទឹម​គ្នា គាត់​ក៏​បាន​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ទៅ​កាន់​មជ្ឈិម​បូព៌ា​ភ្លាម​"​។​

ជាមួយ​នឹង​ប្រសាសន៍​ដូច្នេះ ក្នុង​នាម​កម្ពុជា ជា​ប្រធាន​អាស៊ាន​ជិត​ផុតអាណត្តិ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ ដោយ​អបអរ​សាទ​រ​នឹង​ការ​ប្រកាស​បទ​ឈប់​បាញ់ ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​យប់ថ្ងៃទី២១ វិច្ឆិកា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ថា “យើង​សូម​យក​ឱកាស​នេះ សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​បទ​ឈប់​បាញ់​មួយ ដែល​បាន​កើត​ឡើង នៅ​មជ្ឈិមបូព៌ា រវាង​ក្រុម​ហា​ម៉ាស់​របស់​ប៉ាឡេ​ស្ទីន ជាមួយ​នឹង​អ៊ីស្រាអែល​។ ហើយ​យើង​សូម​អបអរសាទរ​ចំពោះ​តួនាទី​ស្ថាបនា​របស់​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា និង​រដ្ឋមន្ត្រី​ការបរទេស ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដែល​បាន​ធ្វើ​ការសម្របសម្រួល​ឲ្យ​មាន​បទ​ឈប់​បាញ់ ព្រោះ​សភាពការណ៍ វា​តានតឹង​ខ្លាំង​ណាស់ ប៉ាឡេ​ស្ទីន ក៏​ស្លាប់ អ៊ីស្រាអែល ក៏​ស្លាប់​”។

ការ​ឈឺឆ្អាល​របស់​មហាអំណាច​ចិន អំឡុង​ពេល​កិច្ចប្រជុំកំពូល​អាស៊ាន​ក្នុង​រឿង​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ក្នុង​តំបន់​​កាហ្សា ក៏​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ផង​ដែរ នៅ​​ព្រឹក​មិញ។ ជាមួយគ្នា​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ពន្យល់​បំភ្លឺ​ដល់​​មហាជន​ថា តើ​ហេតុអ្វី បាន​​ជា​កម្ពុជា មិន​មាន​រៀបចំ​ពិធី​ត្រួតពល អម​ដោយ​ត្រែទ័ព​ដើម្បី​ទទួល​ដំណើរ​មក​ដល់​របស់​លោក អូ​បា​ម៉ា ឲ្យ​ដូច​ដំណើរ​មក​កាន់​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ចិន វេន ជា​ប៉ាវ​ ក្នុង​ពេល​​ចូលរួម​ប្រជុំ​រួម​គ្នា ជាមួយ​មេដឹកនាំ​កំពូល​អាស៊ាន កាល​ពី​ដើម​សប្តាហ៍​នេះ​។

តាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ហេតុផល​សំខាន់ៗ​ជា​ច្រើន ដូច​ជា៖ ទី១ មក​ពី​កម្មវិធី​មមា​ញឹក​របស់​មេដឹកនាំ​ពិភពលោក ទី​២ មក​ពី​ដំណើរ​មក​កាន់​កម្ពុជា​របស់​លោក​ប្រធានា​ធិបតី អូ​បា​ម៉ា មិនមែន​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ដូច​នាយក​រដ្ឋមន្ត្រី​ចិន​ឡើយ និង​មូលហេតុ​មួយទៀត មក​ពី​ការ​រឹតបន្តឹង​លើ​បញ្ហា​សន្តិសុខ​សម្រាប់​មេដឹកនាំ​ពិភពលោក​ខ្លាំងក្លា​ពេក​ ដោយ​សូម្បី​តែ​ឡាន​ដឹក​លោក អូបាម៉ា ក៏​ត្រូវ​អាមេរិក​យក​មក​ជាមួយ​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ