អានតួអត្ថបទ
កម្ពុជា

នាយករដ្ឋមន្ត្រី​កម្ពុជា​រិះគន់​គណបក្ស​ប្រឆាំង​លើ​ការ​សន្យា​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ

នៅ​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​លើ​គណបក្ស​ប្រឆាំង ដែលជា​គូប្រជែង​របស់​លោក ចំពោះ​នយោបាយ​ឃោសនា សន្យា​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ គ្រូបង្រៀន និង​កងកម្លាំងប្រដាប់អាវុធ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រដូច​នយោបាយ​របស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា លើ​ការ​ដំឡើង​មន្ត្រីរាជការ ថា​អាច​នឹង​បង្ក​ជា​វិបត្តិ នា​ពេល​សព្វថ្ងៃ ដូច​នៅ​ប្រទេសក្រិក និង​ប្រទេសអេ​ស្ប៉ា​ញ ជាដើម​។​

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ©channa/rfi
ផ្សាយពាណិជ្ជកម្ម

​ការបោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ នឹង​ចូលមក​ដល់ នា​ថ្ងៃ​ទី​២៨ ខែកក្កដា​។ តែ​ពេល​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដូវ​សន្យា​ឃោសនា ស្តីពី ការ​ដំឡើង​ប្រាក់ខែ គ្រូបង្រៀន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាន​មក​ដល់​ទៀតហើយ​។​

​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ គម្រោង​ស្តា និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ស្ពាន​ជ្រោយចង្វារ រហូតដល់​ស្ពាន​ព្រែក​ក្តាម ប្រវែង ៣០ គីឡូម៉ែត្រ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា កម្ពុជា​សព្វថ្ងៃ មិន​បាន​ខ្ចី​លុយ​គេ យក​មក​បើក​ប្រាក់ខែ ដូច​ប្រទេសក្រិក ដែល​កំពុង​មាន​វិបត្តិ​ប្រាក់​បំណុល​ទេ​។

​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា បើសិនជា​ដូច​នយោបាយ​ឃោសនា​ដំឡើង​ប្រាក់ខែ​របស់​គណបក្សប្រឆាំង នោះ​កម្ពុជា នឹង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ប្រាក់​បំណុល ដូច​ប្រទេស​ក្រិក នៅ​សហភាព​អឺរ៉ុប ជាមិនខាន​។ ម្យ៉ាងទៀត បើតាម​លោកនាយក​រដ្ឋមន្ត្រី នយោបាយ​ដំឡើង​ប្រាក់ខែ​លើ​មន្ត្រីរាជការ​របស់​គណ​បក្សប្រឆាំង គឺ​មិន​គិត​ពី​ការអភិវឌ្ឍន៍​ផ្លូវ​ស្ពាន និង​ប្រឡាយទឹក ដែល​ជា​តម្រូវការ​របស់​ពលរដ្ឋ​កម្ពុជា ១៤ លាន​នាក់​ឡើយ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖ “​ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ជម្រាប​បងប្អូន​! បើសិនជា​ដំឡើង​ត្រឹមតែ​ប្រាក់ខែ សម្រាប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ប៉ុន្មាន​សិប​នាក់​នេះ​! ហើយ​បោះបង់​ប្រជាពលរដ្ឋ ១៤ លាន​នាក់ ដែល​កំពុង​ត្រូវការ​ផ្លូវ ដែល​កំពុង​ត្រូវការ​ស្ពាន កំពុង​ត្រូវការ​ប្រឡាយទឹក តើ​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច​?​ ដំឡើង​បាន ថែម​បន្តិចទៀត​។ ប៉ុន្តែ​កាលណា​ដំឡើង​ហើយ ថយ​មិន​បាន​ទេ​។ បាតុកម្ម​នៅក្រិក បាតុកម្ម​នៅអេ​ស្ប៉ាញ ហើយ​បាតុកម្ម​នៅ​ប្រទេស​នានា​ជាច្រើន​ទៀត​នោះ ដោយសារ​អី​? គឺ​មកពី ទី​១-​កាត់​ប្រាក់ខែ និង​ទី​២-​ដំឡើង​ពន្ធ​ បានជា​មាន​បាតុកម្ម​នៅ​អឺរ៉ុប​រាល់ថ្ងៃនេះ​"​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បន្ថែមថា បើសិនជា​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ គណបក្សប្រឆាំង ត្រូវយកពន្ធ​ដី​ពី​កសិករ​។ ចំណែក​ការលើកឡើង​ថា ត្រូវ​បំបាត់​អំពើពុករលួយ ដើម្បី​ដំឡើង​ប្រាក់ខែ​នោះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី លើកឡើងថា មិន​អាច​ទៅរួច​ទេ ព្រោះ​សូម្បី​តែ​គណបក្សប្រឆាំង ក៏​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​បក្ស ដោយ​ប្រើប្រាស់​ជំនួយ ដែល​បានមកពី​ខ្មែរ​នៅ​បរទេស​។​

​យ៉ាងណាក៏ដោយ លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី នៅតែ​មាន​ជំនឿ​ថា គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក​សម​រង្ស៊ី ជា​អ្នកជំនាញ​សេដ្ឋកិច្ច   បាន​សិក្សា​គ្រប់​ជ្រុងជ្រោយ​ពី​ប្រភព សម្រាប់​ការ​ដំឡើង​ប្រាក់ខែ​កម្មករ និង​មន្ត្រីរាជការ​។​

​លោក គង់ គាំ បានបញ្ជាក់​ថា "​យើង​ដឹង​ទាំងអស់គ្នា​ថា នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន មិន​អាច​ធ្វើទៅកើត​ទេ ( ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ )​។ ដូច្នេះ​យើង​នឹង​ធ្វើកើត​។ យើង​មាន​ប្រភព​ច្រើន​។ ការបំបាត់​អំពើពុករលួយ ជា​ប្រភព​មួយ​។ តែ​ប្រភព​គ្រប់គ្រង​ផ្សេងៗ​ទៀត ក៏​អាច​នឹង​រួមចំណែក​ដល់​ការដោះស្រាយ​គោលនយោបាយ​ទាំងឡាយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ដែរ"។​

​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ​៥​តុលា ក្រុម​គ្រូបង្រៀន​របស់​លោក រ៉ុង ឈុន បាន​ជួបជុំ​លើក​បដា និង​ដើ​រហែ​ក្បួន ទាមទារ​ឲ្យ​រដ្ឋាភិបាល ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ ពិសេស​គ្រូបង្រៀន ឲ្យបាន ១ លាន​រៀល ឬ​ស្មើ​ប្រមាណ ២៥០ ដុល្លារ​អាមេរិក​។​

​គ្រូបង្រៀន​សព្វថ្ងៃ ចាប់​ពី​សាលា​បឋមសិក្សា រហូត​ដល់​វិទ្យាល័យ ទទួលបាន​ប្រាក់ខែ​គោល ជាមធ្យម ចាប់ពី ២៤ ម៉ឺន​រៀល ស្មើ​ប្រមាណ ៦០ ដុល្លារ រហូតដល់ ៤៤០.០០០ រៀល ស្មើ​ប្រមាណ ១១០ ដុល្លា​អាមេរិក​។ រីឯ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ឡើងថ្លៃ​សព្វសារពើ ដែល​មិន​អាច​ឲ្យ​មន្ត្រីរាជការ គ្រូបង្រៀន និង​កងកម្លាំងប្រដាប់អាវុធ យកប្រាក់​ខែ​នោះ ទៅ​ចំណាយ សម្រាប់​ជីវភាព​ប្រចាំថ្ងៃ បាន​សមរម្យ​ឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ