អានតួអត្ថបទ
ចិន

ស្លាប់​២នាក់និង​​បាត់​ខ្លួន១២​នាក់ ក្នុង​ហេតុការណ៍​ផ្ទុះ​រោងចក្រ​ហ្គាស​នៅ​ប្រទេស​ចិន

នាល្ងាច​ថ្ងៃ​​សុក្រ​ ទី​១៩​កក្កដា​នេះ​​ ការ​ផ្ទុះ​មួយបាន​កើត​ឡើង​នៅ​រោងចក្រ​ហ្គាស​មួយ​​កន្លែង ក្នុង​ខេត្ត​ហៃណាន ប្រទេស​ចិន​។ វា​​ការ​ផ្ទុះ​ដែល​មាន​កម្លាំង​ខ្លាំង ​ជះ​ចំហាយ​ក្នុង​រង្វង់​៣​គីឡូម៉ែត្រ​ក្រឡា​។ សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​ចិន បញ្ជាក់​ថា​មាន​មនុស្ស២​នាក់​ស្លាប់ ​និង​១២​នាក់​កំពុង​បាត់​ខ្លួន​។

ទិដ្ឋភាព​ផ្ទុះ​រោងចក្រ​ហ្គាស​នៅ​ខេត្ត​ហេណាន ប្រទេស​ចិន ថ្ងៃ​ទី​១៩ កក្កដា ២០១៩
ទិដ្ឋភាព​ផ្ទុះ​រោងចក្រ​ហ្គាស​នៅ​ខេត្ត​ហេណាន ប្រទេស​ចិន ថ្ងៃ​ទី​១៩ កក្កដា ២០១៩ China Weibo
ផ្សាយពាណិជ្ជកម្ម

រោងចក្រ​ដែល​ជួប​ហេតុការណ៍អាក្រក់​នេះ គឺ រោងចក្រ​ហៃណាន​ហ្គាស​ធ្យូង​ថ្ម​។ ហើយ​ហេតុការណ៍​ផ្ទុះ​ដែល​កើត​ឡើង​នៅ​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ម៉ោង​នៅ​ក្នុង​ប្រទេស​ចិន បាន​បញ្ឈប់​សកម្មភាព​នៅ​ក្នុង​រោងចក្រ​នេះ​ទាំង​ស្រុង​​​។

នៅ​ក្នុង​រង្វង់​បី​គីឡូម៉ែត្រ​ក្រឡា ចំហាយ​នៃ​ការ​ផ្ទុះ​ចេញ​ពី​រោងចក្រ បាន​កម្ទេច​ទ្វារ​និង​បង្អួច​នៃ​អគារ​ជា​ច្រើន​កន្លែង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​គណនីសង្គម Weibo របស់​ទូរទស្សន៍ CCTV។

ចំណែក​សារព័ត៌មាន​ចិន​ស៊ីនហួរ បាន​ចុះ​ផ្សាយ​វីដេអូ បង្ហាញ​ឲ្យ​ឃើញ​​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញ​ពី​អគារ​រោងចក្រ​ហ្គាស​។ វីដេអូ​ខ្លះ​ទៀត បង្ហាញ​ពី​ការ​ខូច​ខាត​នៃ​អគារនិង​ផ្ទះ​​សម្បែង​ដែល​នៅ​ក្បែរ​ៗ​រោងចក្រ​នោះ។ ទ្វារ​បង្អួច​ត្រូវ​កម្ទេច​ដោយ​សារ​ចំហាយ​នៃ​ការ​ផ្ទុះ​ ហើយ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​គេ​ថត​ឃើញ​មាន​របួស ​ឈាម​ហូរ​ស្រោច​ខ្លួន​។ អាជ្ញាធរ​ចិន​បាន​បញ្ជាក់​ថា មាន​មនុស្ស​ច្រើន​នាក់​ណាស់ ដែល​រង​របួស​ដោយ​សារ​ហេតុការណ៍​នេះ​។ ក្រុម​សង្គ្រោះ​បាន​បន្ត​បញ្ជូន​អ្នក​របួស​ឲ្យ​ទៅ​ព្យាបាល​ខ្លួន​នៅ​ឯ​មន្ទីរ​ពេទ្យ​។

គួរ​កត់​សម្គាល់​ថា ឧបទ្ទវហេតុ​អាក្រក់​នៅ​តាម​បណ្ដា​រោងចក្រ​នានា មិន​មែន​ជា​រឿង​ចម្លែក​ទេ នៅ​ប្រទេស​ចិន​ ដោយ​សារ​តែ​វិធានការ​​​ការពារ​សុវត្ថិភាព ​នៅ​មិន​ទាន់ត្រូវ​បាន​​អនុវត្ត​​​ពេញ​លេញ​ត្រឹម​ត្រូវ។ ជាក់​ស្ដែង នៅ​ខែ​មីនា​ដើម​ឆ្នាំ​២០១៩​នេះ ការ​ផ្ទុះ​នៅ​រោងចក្រ​គីមី​មួយ​កន្លែង ភាគ​ខាង​ជើង​ខេត្តជាងស៊ូ បាន​សម្លាប់​មនុស្ស​អស់​៧៨​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ផ្សេង​ទៀត​រង​របួស​។

កាល​ពីខែ​វិច្ឆិកា​ឆ្នាំ​២០១៨​វិញ​។ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​២៤​នាក់​ត្រូវ​ស្លាប់ និង​២១​នាក់​ផ្សេង​ទៀត​របួស ដោយ​សារ​ឧបទ្ទវហេតុ​​ធ្លាយ​ហ្គាស​ក្នុង​រោចក្រ​មួយ​កន្លែង នៅ​ភាគ​ខាង​ជើង​ទីក្រុង សៀងជាគូ​។ ហេតុការណ៍​ធ្ងន់ធ្ងរ​មួយ​ទៀត​កើត​ឡើង​នៅ​ឆ្នាំ​២០១៥​។ កាល​ណោះ នៅភាគ​ខាង​ជើង​ទីក្រុង​ធានជីន រោងចក្រ​គីមី​មួយ​កន្លែងបាន​ផ្ទុះសម្លាប់​មនុស្ស​អស់​១៦៥​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ