អានតួអត្ថបទ
កម្ពុជា

លោក​ហោ ណាំហុង ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​សវនាការ​តុលាការ​ក្រុង​ឡាអេ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ លោក ​ហោ​ ណាំហុង​ នឹងដឹកនាំ​គណៈប្រតិ​ភូ​ទៅ​ចូលរួម​សវនាការ​សាធារណៈ​ នៅតុលាការ​យុត្តិធម៌​អន្តរជាតិ ​នៅចុង​សបា្តហ៍នេះ។​ នេះគឺជា​ការបញ្ជាក់​ឲ្យដឹង​របស់​ក្រសួង​ការបរទេស។​ សវនា​ការសាធារណៈ​នេះ​នឹង​ផ្តោត​លើ​វិធានការអភិរក្ស​ប្រាសាទ​ព្រះវិហារ។

តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ ប្រទេស​ហូឡង់
តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ ប្រទេស​ហូឡង់
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ឲ្យដឹង​នៅថ្ងៃនេះ​ថា​ លោក​ឧបនាយក​រដ្ឋមន្ត្រី ​ហោ ​ណាំហុង​ នឹងដឹក​នាំ​គណៈ​ប្រតិភូ​ចូលរួម​សវនាការ​សាធារណៈ​ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ទីក្រុង​ឡាអេ ​ប្រទេស​ហូឡង់ ​ដែល​នឹងប្រព្រឹត្ត​ទៅ ចាប់​ពីថ្ងៃទី​៣០​ ដល់ ​៣១ ​ខែឧសភា​ខាង​មុខ។ ក្រសួង​ការបរទេស​បានឲ្យដឹង​ថា​ សវនា​ការ​សាធារណៈ​នេះនឹង​ត្រូវផ្តោត​លើវិធានការ​អភិរក្ស​ប្រាសាទ​ព្រះវិហារ​។

 
ប្រាសាទ​ព្រះវិហារ ​ដែល​បានចុះ​បញ្ជីជា​បេតិក​ភណ្ឌពិភព​លោក កាល​ពីថ្ងៃទី ​៧ ​កក្កដា ​ឆ្នាំ ២០០​៨ ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាង​ដំណំ​ដោយ​គ្រាប់​កាំភ្លើង​ថៃរាប់​រយគ្រាប់ ​ក្នុងអំឡុង​ពេល​ប្រយុទ្ធ​គ្នាជាច្រើន​លើក​ជាមួយ​កងទ័ព​ខ្មែរ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ កើត​ចេញពីការ​ឈ្លានពាន​របស់​កងទ័ពថៃ​មកលើ​ទឹកដីកម្ពុជា។​

តុលាការ​យុត្តិធម៌​អន្តរជាតិ​សម្រេច​បើក​សវនាការ​នៅចុង​ខែឧសភា​នេះ ​គឺធ្វើឡើង​តាម​ពាក្យ​បណ្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា ​ស្នើសុំឲ្យ​ចាត់វិធាន​កា​រ​បន្ទាន់​ ទប់ស្កាត់​ការបំផ្លាញ​ប្រាសាទ​ព្រះវិហារ​ពីសំណាក់​កងទ័ព​ថៃ។​ បណ្តឹង​ដែលចាត់​វិធានការ​នេះជា​បណ្តឹង​ទី២ ​របស់​រដ្ឋាភិបាល​កម្ពុជា​ ខណៈ​បណ្តឹង​ទី១​ ស្នើសុំឲ្យបកស្រាយ​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​មិន​ទាន់បើក​សវនា​ការនៅ​ឡើយទេ។​ លោក​កុយ គួង​ អនុរដ្ឋ​លេខាធិការ​ និងជា​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​បានថ្លែងថា​ កម្ពុជា​មាន​ប្រៀបផ្លូវច្បាប់​លើ​ប្រទេស​ថៃ ​និងមាន​ជំនឿមុត​មាំថា​នឹងទទួល​បាន​យុត្តិធម៌។

សវនាការ​លើវិធាន​ការអភិរក្ស​ប្រាសាទ​ព្រះវិហា​រនេះនឹង​ធ្វើឡើង​តែមួយ​សបា្តហ៍​ប៉ុណ្ណោះ ​ក្រោយពី​កម្ពុជា ​តំណាង​ដោយលោក​ឧបនាយក​រដ្ឋមន្ត្រី ​សុខ​ អាន​ បាន​តទល់​ជាមួយ​មន្ត្រីថៃ​ នៅអង្គការ​យូណេស្កូ​ លើ​ការ​បំផ្លិច​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​ ពីសំណាក់​កងទ័ពថៃ ​និង​លើកឡើង​ពី​ផែនការ​អភិរក្ស​ និង​អភិវឌ្ឍ​ប្រាសាទ​ព្រះវិហារ។​ មន្ត្រី​កម្ពុជា​បានអះអាង​ថា ​ថៃបាន​បាញ់គ្រាប់​កាំភ្លើង​ធំជាង​៤០០​គ្រាប់​មកលើ​ប្រាសាទ​ព្រះវិហារ​ ក្នុងពេល​ប្រយុទ្ធគ្នា​ជាច្រើន​លើក​មកនេះ៕

នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​យូនេស្កូ ក្នុង​ទីក្រុង​ប៉ារីស កិច្ចប្រជុំ​ពីរភាគី​ថៃ​កម្ពុជា ត្រូវ​បន្ត​ធ្វើ​មួយថ្ងៃ​ទៀត។ យោង​តាម​លោក​ផៃ ស៊ីផាន អ្នកនាំពាក្យ​របស់​ទីស្នាក់ការ​គណៈរដ្ឋមន្រ្តី នៅថ្ងៃ​ម្សិលមិញ ​ភាគី​ថៃ​បាន​បដិសេធ ថៃ​មិន​បាន​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះវិហារ ដូចជា​ការ​លើក​ឡើង​​របស់​កម្ពុជាទេ។ លើសពីនោះទៀត ថៃ​នៅបាន​ស្នើ​ដល់​អង្គការ​យូនេស្កូ​ឲ្យ ផ្អាក មិន​​ពិភាក្សា​លើ​បញ្ហាព្រះវិហារ ដរាប​ណា គេ​មិន​ទាន់​មាន​លទ្ធផល​ពី​សវនាការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ឬ លទ្ធផល​ប្រជុំ​របស់​គណៈកម្មការ​ព្រំដែន​រវាង​កម្ពុជាថៃ។ នៅត្រង់​ចំណុច​នេះ កម្ពុជា​បាន​ឆ្លើយ​ទៅវិញ​ថា កម្ពុជា​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដែល​បង្ហាញ​ថា គ្រាប់​កាំភ្លើង​របស់​ថៃ បាន​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះវិហារ។

បើតាម លោក​ផៃ ស៊ីផាន ក្នុង​សវនការ​នៅ ថ្ងៃ​​ទីពីរ​នៃ​កិច្ច​ប្រជុំ ភាគី​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្រ្តី​សុខ អាន កំពុង​បន្ត​ស្វែងរក​កិច្ចការពារ និង​ការអភិរក្ស​ប្រាសាទ​ព្រះវិហារ ពី​អង្គការ​យូនេស្កូ។ លោក​ផៃ ស៊ីផានបាន​ទាញ​សញ្ញា​ប្រកាស​អាសន្ន​ថា កម្ពុជា​ត្រូវការ​ចំលើយ​ភ្លាម​ពី​យូនេស្កូ ព្រោះ​ថា បើគេ​មិន​អាច​ជួសជុល​ទាន់ពេលវេលាទេ ថ្ម​ប្រាសាទ​ព្រះវិហារ ដែល​ប្រេះស្រាំ ដោយសារ​គ្រាប់កាំភ្លើង អាច​នឹង​ពុកផុយខូច បន្ថែម​ដោយសារ​ទឹកភ្លៀង និង​អាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ