អានតួអត្ថបទ
ហុងកុង

ហុងកុង​ធ្វើ​ប្រជាមតិ​បោះឆ្នោត​ មុន​ថ្ងៃ​​បាតុកម្ម​ប្រចាំ​ឆ្នាំ

បណ្តាជន​ហុងកុង​រាប់​សិប​ពាន់​នាក់​ បាន​នាំ​គ្នា​ធ្វើ​ប្រជាមតិ​ក្រៅ​ផ្លូវការ​មួយ ដើម្បី​​ទាមទារ​ឱ្យ​មាន​​ប្រព័ន្ធ​បោះឆ្នោត​សកល​និង​ដោយ​ផ្ទាល់ នៅ​ហុងកុង​ ឡើង​វិញ។ ប្រជាមតិ ដែល​បាន​ចាប់​ផ្តើម​ តាំង​ពី​១០​ថ្ងៃ​មុន ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​នេះ ពីរ​​​ថ្ងៃមុន​​ខួប​​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្មប្រចាំ​ឆ្នាំ​​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ។

អ្នក​ជំនួយ​ការ​​កំពុង​រង់ចាំ​ជួយ​បណ្តាជន​ឱ្យ​ធ្វើ​ការ​បោះឆ្នោត​ប្រជាមតិ​ពលរដ្ឋ ថ្ងៃទី ២២​មិថុនា ២០១៤
អ្នក​ជំនួយ​ការ​​កំពុង​រង់ចាំ​ជួយ​បណ្តាជន​ឱ្យ​ធ្វើ​ការ​បោះឆ្នោត​ប្រជាមតិ​ពលរដ្ឋ ថ្ងៃទី ២២​មិថុនា ២០១៤ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នក​ចូល​រួម​ធ្វើ​ប្រជាមតិ មាន​ច្រើន​ជាង​ការ​ប៉ាន់​ប្រមាណ​ឆ្ងាយ​ណាស់ ! ​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​អ៊ីនធឺណែត និង​តាម​ការិយាល័យ​ ​បាន​រង​ការ​វាយប្រហារ​និង​រំខាន​យ៉ាង​ខ្លាំង ក្នុង​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​ចោរ​អ៊ីនធឺណែត Cyber-Attack។ ​សម្រាប់​ប៉េកាំង ការ​ធ្វើ​ប្រជាមតិ​​ពលរដ្ឋ ស្តី​អំពី​របៀប​បោះឆ្នោត​​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ហុងកុង​ នៅ​ឆ្នាំ​២០១៧ គ្មាន​លក្ខណៈ​ស្រប​ច្បាប់​ឡើយ។ ប៉ុន្តែ​បណ្តាជន​ហុងកុង​​មាន​​ជំនក់​ចិត្ត​យ៉ាង​ខ្លាំងនឹង​ប្រធាន​បទ​ដ៏​រសើប​មួយ​នេះ​។

 
ដំណាក់កាលទីពីរ​​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ គឺ​ការ​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី ១ កក្កដា ថ្ងៃ​ដែល​ហុងកុង​អតីត​ដែនដី​អាណានិគម​អង់គ្លេស​បាន​ក្លាយ​មក​ជា​របស់​ចិន​។ ដូច​ជា​រៀង​រាល់​ឆ្នាំ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧​មក បាតុករ​អ្នក​សេ្នហា​លទ្ធិ​ប្រជាធិបតេយ្យ តែង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ ទាមទារ​សិទ្ធិ​សម្រេច​​ជ្រើសរើស​ប្រមុខ​ដឹកនាំ​របស់​ខ្លួន​ ដោយ​គ្មានការ​ជ្រៀតជ្រែក​ពី​ចិន​ប៉េកាំង។ នៅ​ឆ្នាំ​នេះ​ការ​ប្រមូល​ផ្តុំ​អាច​នឹង​មាន​ទ្រង់ទ្រាយ​ធំ​។ មេ​ដឹកនាំ​ចលនា​បាតុករ​ ប៉ាន់​​ប្រមាណ​ថា​មាន​យ៉ាង​ហោច​ណាស់​កន្លះ​លាន​នាក់​នឹង​នាំ​គ្នា​ចុះ​ថ្នល់​ ពោល​គឺ​ស្មើ​នឹង​ចំនួន​បាតុករ​កាលពី​ឆ្នាំ​២០០៣ ដែល​កាលណោះ​ពួក​គេ​​ទាមទារបាន​​សម្រេច​ ប្រឆាំង​នឹង​​​ច្បាប់​ស្តី​សន្តិសុខ​ដ៏​ចម្រូង​ចម្រាស។

តាំងពី​ហុងកុង​​ត្រលប់​មក​ជា​របស់​ចិន អតីត​ដែនដី​អាណានិគម​អង់គ្លេស​មួយ​​ដុំ​នេះ មាន​លក្ខន្តិកៈ​រដ្ឋាបាល​ពិសេស​ និង​ជា​គោលការណ៍​មិន​ស្វ័យភាព​ទូលំទូលាយ​ខ្លាំង តាម​គំរូ​ “ប្រទេស​មួយ​ប្រព័ន្ធ​ពីរ”។ ប្រជាពលរដ្ឋ​ហុងកុង​ មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ខុស​ពីបណ្តាជន​ចិន​ដីគោក ប៉ុន្តែ​ក្នុង​ករណី​ជាក់ស្តែង ប៉េកាំង​ត្រួត​ត្រា​ស្ទើរ​ទាំង​ស្រុង​ជីវិត​នយោបាយ​​របស់​ហុងកុង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​បរិហារ​ជាញឹកញយ។

អាជ្ញាធរ​ប៉េកាំង​បាន​សន្យា​ថា​នឹង​ស្តារ​ឱ្យ​​មាន​ប្រព័ន្ធ​​​បោះឆ្នោត ដោយ​​សកល​និង​ដោយផ្ទាល់ ជ្រើស​រើស​​អំណាច​ប្រតិបត្តិ​ នៅ​ឆ្នាំ​២០១៧ សភា​នៅ​ឆ្នាំ​២០២០។ ប៉ុន្តែ​បេក្ខជន​ឈរ​ឈ្មោះ​ទាំង​អស់​ត្រូវ​តែ​ឆ្លង​ការ​​អនុម័ត​ ពី​គណៈកម្មាធិការ​ចុះ​ឈ្មោះ​ ដែល​អ្នក​ប្រជា​ធិបតេយ្យ​មិន​អាច​ទទួល​យក​បាន។ នៅក្នុង​ប្រព័ន្ធ​បច្ចុប្បន្ន​ មេដឹកនាំ​រដ្ឋាភិបាល​ហុងកុង ត្រូវ​​បាន​បោះឆ្នោត​ជ្រើស​តាំង​ដោយ​ គណៈកម្មាធិការ​មួយ មាន​តំណាង​១១៩៣​រូប ដែល​សុទ្ធ​សឹង​ជា​​មនុស្ស​ជំនិត​នឹង​ប៉េកាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ