អានតួអត្ថបទ
ហុងកុង

រដ្ឋអំណាច​ហុងកុង​កំពុង​បើក​ការស៊ើបអង្កេត​លើ​ប្រេង ឆា ដែល​នំា​ចូល​ពី​តៃវ៉ាន់

នៅ​ថ្ងៃ​ចន្ទ ទី៨ កញ្ញា​នេះ រដ្ឋអំណាច​សុខាភិបាល​នៅ​កោះ​ហុងកុង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ស៊ើបអង្កេត​លើ​ព័ត៌មាន​មួយ​ជុំវិញ​វត្តមាន​ប្រេង ឆា ពុល​ដែល​នំា​ចូល​ពី​តៃវ៉ាន់។ ការ​ស៊ើបអង្កេត​ដំបូង​នឹង​ត្រូវ​ធ្វើ​ឡើង តាម​រយៈ​ការ​ប្រមូល​ប្រេង ឆា ដែល​កំពុង​លក់​នៅ​តាម​ទីផ្សារ​នានា​ដើម្បី​ធ្វើ​ការ​វិភាគ។ រដ្ឋអំណាច​តៃវ៉ាន់​បាន​បញ្ជាក់​ថា ប្រេង ឆា ពុល​នោះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​រោងចក្រ​ខុសច្បាប់​មួយ​នៅ​តៃវ៉ាន់ រួច​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ផលិត​ប្រេង ឆា ដ៏​ល្បី​មួយ​នៅ​តៃវ៉ាន់។

សង្កាត់ជំនួញ​មួយ​នៅ​កោះកុង
សង្កាត់ជំនួញ​មួយ​នៅ​កោះកុង REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

 

ការ​ដែល​គេ​នំា​គ្នា​ហៅ​ថា ប្រេង ឆា ពុល​នោះ មិនមែន​ជា​ប្រេង ឆា​ដែល​មាន​លាយ​ជាតិគីមី​ពុល​ទេ តែ​ជា​ប្រេង ឆា​ម្យ៉ាង​ដែល​បាន​មក​ពី​ការ​យក​ប្រេង ឆា ប្រើ​ហើយ និង​ចំរ៉ាញ់​រួច​ហើយ​ទៅ​លាយ​ជាមួយ​នឹង​ប្រេង ឆា​ផលិត​ថ្មី។ យោង​តាម​រដ្ឋអំណាច​តៃវ៉ាន់ ទង្វើ​នេះ​មិនមែន​ជា​ទង្វើ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ឈ្មោះ Chang Guann Co ដែល​ល្បី​ឈ្មោះ​ខាង​ផលិត​ប្រេង ឆា នោះ​ទេ តែ​ជា​ទង្វើ​របស់​រោងចក្រ​តៃវ៉ាន់​ខុស​ច្បាប់​មួយ​ដែល​បាន​យក​ប្រេង ឆា លាយ​នោះ​ទៅ​លក់​ឲ្យ​របស់​ក្រុមហ៊ុន Chang Guann Co។ ជា​សរុប ក្រុមហ៊ុន Chang Guann Co បាន​ទិញ​ប្រេង ឆា​លាយ​ពី​រោងចក្រ​ខុស​ច្បាប់​នោះ​ចំនួន ២៤៣តោន និង​ដែល​ជា​ទូទៅ សុទ្ធសឹង​ជា​សំណល់​ប្រេង ឆា​សល់​ពី​ការ​ចំអិន​ម្ហូបអាហារ ឬ​មួយ​ក៏​សំណល់​ខ្លាញ់​ផ្សេងៗ​ទៀត​ដែល​រោងចក្រ​ប្រមូល​យក​ទៅ​លាយ​ជាមួយ​ប្រេង ឆា​ថ្មី រួច​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន Chang Guann Co។

កន្លង​មក មាន​ភោជនីយដ្ឋាន និង​ហាងធ្វើ​នំប៉័ង​យ៉ាង​តិច ៩០០ បាន​ទិញ​ប្រេង ឆា នោះ​ទៅ​ប្រើ ហើយ​ក្រុមហ៊ុន Chang Guann Co បាន​ថ្លែង​សុំ​ទោស​ជា​ផ្លូវការ​ដោយ​អះអាង​ថា ក្រុមហ៊ុន​មិន​បាន​ដឹង​ពី​ប្រភេទ និង​ប្រភព​វត្ថុធាតុដើម​ដែល​រោងចក្រ​យក​ទៅ​ផលិត។ យ៉ាង​ណា​ក៏​ដោយ ថៅកែ​រោងចក្រ​តៃវ៉ាន់​ខុសច្បាប់​ត្រូវ​បាន​ឃាត់ខ្លួន ហើយ​រដ្ឋអំណាច​តៃវ៉ាន់​បាន​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ចង់​ដឹង​ថា តើ​ប្រេង ឆា ប្រភេទ​នោះ​មាន​លក់​នៅ​តាម​ទីផ្សារ ឬ​អត់?។ មួយ​វិញ​ទៀត ការ​វិភាគ​ក៏​នឹង​ត្រូវ​ធ្វើ​នៅ​លើ​នំ​មួយ​ចំនួន​ដែល​បាន​ចំអិន​ដោយ​ប្រេង ឆា ដើម្បី​ចង់​ដឹង​ថា តើ​ជា​ប្រេង ឆា ប្រភេទ​ណា។

គួរ​រម្លឹក​ជូន​ថា នេះ​ជា​ការ​ផ្ទុះ​រឿងអាស្រូវ​ចំណីអាហារ​​លើក​ទី២ ហើយ​នៅ​ហុងកុង​តំាង​ពី​ការ​ផ្តើម​រដូវក្តៅ​មក។ នៅ​ដើម​ខែ​កក្កដា​កន្លង​ទៅ ភោជនីយដ្ឋាន​អាមេរិកំាង McDonald’s បាន​សម្រេច​ផ្អាក​លក់​សាច់មាន់ដុំ និង​សាច់​ផ្សេងៗ​ទៀត​ដែល​ខ្លួន​បាន​ទិញ​ពី​ក្រុមហ៊ុន​អាមេរិកំាង​មួយ​ក្នុង​ពេល​ផ្ទុះ​រឿងអាស្រូវ​ជុំវិញ​ប្រភេទ​សាច់​ដែល​ក្រុមហ៊ុន​នោះ​បាន​ទិញ​ពី​ក្រុមហ៊ុន​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ