អានតួអត្ថបទ
ហុងកុង

ហុងកុង៖ក្រោយ​អំពើហិង្សា រដ្ឋាភិបាល​ចេញ​មុខ​ព្រមាន​ចលនា​គំាទ្រ​លទ្ធិប្រជាធិបតេយ្យ

នៅ​ថ្ងៃ​ចន្ទ ទី១ ធ្នូ​នេះ មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុមបាតុករ​អ្នកគំាទ្រ​លទ្ធិ​ប្រជាធិបតេយ្យ និង​កម្លំាង​ប៉ូលីស។ កម្លំាង​ប៉ូលីស​បាន​ចេញ​អន្តរាគមន៍​រារំាង​ក្រុមបាតុករ​ដែល​ព្យាយាម​ឡោមព័ទ្ធ​វិមាន​រដ្ឋាភិបាល។ អំពើហិង្សា​ថ្មី​នេះ​បាន​កើត​មាន​ឡើង ជាង ២ខែ​បន្ទាប់​ពី​អំពើហិង្សា​កាល​ពី​ថ្ងៃទី២៨ កញ្ញា​ដែល​បាន​បង្ខំ​កម្លំាង​ប៉ូលីស​ឲ្យ​ប្រើ​ដំបង និង​គ្រាប់បែប​បង្ហូរទឹកភ្នែក​លើ​ហ្វូង​បាតុករ។ លោក​ប្រមុខ​រដ្ឋាភិបាល​ហុងកុង​លឿង ជុនយីង​បាន​ប្រកាស​ព្រមាន​នៅ​ថ្ងៃ​នេះ​ថា លោក​មិន​អាច​ទុក​បណ្តោយ​ឲ្យ​ស្ថានការណ៍​របៀប​នេះ​ចេះ​តែ​បន្ត​ទៅ​មុខ​បាន​ឡើយ។

ការ​ប៉ះទង្គិច​គ្នា​រវាង​កម្លំាង​ប៉ូលីស និង​ហ្វូង​បាតករ​សិស្ស និស្សិត​នៅ​ហុងកុង ១ ធ្នូ ២០១៤
ការ​ប៉ះទង្គិច​គ្នា​រវាង​កម្លំាង​ប៉ូលីស និង​ហ្វូង​បាតករ​សិស្ស និស្សិត​នៅ​ហុងកុង ១ ធ្នូ ២០១៤ Reuters
ផ្សាយពាណិជ្ជកម្ម

 

ជាង ២ខែ​កន្លង​មក​ហើយ​ដែល​គេ​មិន​ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​ហិង្សា​កើត​មាន​នៅ​ហុងកុង​ដូច​នៅ​រាត្រី​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​ចូល​ថ្ងៃ​ចន្ទ ទី១ ធ្នូ​នេះ​ទេ។ គឺ​ជា​អំពើហិង្សា​ដ៏​ធ្ងន់ធ្ងរ​ទី១ បើ​គិត​តំាង​ពី​ថ្ងៃ​ទី២៨ កញ្ញា​កន្លង​ទៅ​ដែល​កាល​ណោះ កម្លំាង​ប៉ូលីស​ក៏​បាន​ចាត់​វិធានការ​ចាស់ដៃ​ដើម្បី​វាយបង្រ្កាប​លើ​ហ្វូងបាតុករ​ដែរ។ លោក​ប្រមុខ​រដ្ឋាភិបាល​ហុងកុង​លឿង ជុនយីង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី១ ធ្នូ​នេះ​ថា កម្លំាងប៉ូលីស​អាច​នឹង​ចេញ​ប្រតិបត្តិការ​វាយបង្រ្កាប​ជា​ថ្មី​នា​ពេល​ឆាប់ៗ​នេះ និង​បាន​បញ្ជាក់​ជា​ថ្មី​ថា ចលនា​គំាទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « Occupy Central » ជា​ចលនា​មួយ​ខុស​ច្បាប់ និង​ដែល​ពួក​នេះ​ធ្លាប់​ទទួល​បរាជ័យ​នា​ពេល​កន្លង​មក។ លោក​លឿង ជុនយីង​បាន​បន្ថែម​ថា ការ​បន្ត​ព្យាយាម​ឡោមព័ន្ធ​វិមាន​រដ្ឋាភិបាល ក៏​ដូច​ជា​ការ​បន្ត​កាន់កាប់​តំបន់​ពាណិជ្ជកម្ម​មួយ​ចំនួន​ពី​សំណាក់​ពួក​បាតុករ​គំាទ្រ​លទ្ធិប្រជាធិបតេយ្យ គឺ​ជា​ទង្វើ​មួយ​ដែល​រដ្ឋអំណាច​មិន​អាច​អត់ឱន​ឲ្យ​បាន​ទៀត​ឡើយ។

យ៉ាង​ណា​ក៏​ដោយ ការ​ព្រមាន​របស់​លោក​លឿង ជុនយីង​មិន​បាន​ធ្វើ​ឲ្យ​ក្រុមបាតុករ​ខ្វល់ខ្វាយ​ប៉ុន្មាន​ទេ ផ្ទុយ​ទៅ​វិញ មេដឹកនំា​បាតុករ​សិស្ស និស្សិត​ថែម​បាន​ចាត់​ទុក​ទង្វើ​នៅ​យប់​មិញ​របស់​ពួក​គេ​ថា ជា​ជោគជ័យ​ទៀត​ផង នោះ​បើ​ទោះបី​ជា​ត្រូវ​បញ្ចប់​ដោយ​ប្រឈម​មុខ​យ៉ាង​ហិង្សា​ជាមួយ​កម្លំាង​ប៉ូលីស​ក៏​ដោយ​ក្តី។ ព្រឹត្តិការណ៍​វាយបង្រ្កាប​ដោយ​បណ្តាល​ឲ្យ​របួស​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​ប៉ូលីស ១១នាក់ ព្រម​ទំាង​មាន​ការ​ចាប់​ខ្លួន​បាតុករ​ប្រមាណ​ជា ៤០នាក់។ គួរ​​រម្លឹក​ជូន​ឡើង​វិញ​ថា វិបត្តិ​អូសបន្លាយ​នៅ​ហុងកុង​បាន​កើត​មាន​ឡើង ក្រោយ​ពី​ចិនប៉េកំាង​បាន​ប្រកាស​កាល​ពី​ខែ​សីហា​ដែល​ថា ចិន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​សកល​នៅ​ហុងកុង​ចាប់​ពី​ឆ្នំា ២០១៧ ទៅ។ តែ​ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​ត្រូវ​បាន​ចិន​កំណត់​ឲ្យ​មាន ២ ឬ ៣នាក់ និង​ដែល​ចិន​ជា​អ្នក​ជ្រើសរើស​បេក្ខជន​ដោយ​ខ្លួន​ឯង។

មក​ដល់​ពេល​នេះ មេបាតុករ​សិស្ស និស្សិត និង​រដ្ឋអំណាច​ហុងកុង​ធ្លាប់​បាន​ជួប​ចរចា​គ្នា​ម្តង​ហើយ តែ​គ្មាន​ទទួល​បាន​លទ្ធផល​អ្វី​ទំាង​អស់។ រីឯ​រដ្ឋអំណាច​នៅ​ប៉េកំាង​ក៏​នៅ​មិន​ទាន់​បាន​ចាត់វិធានការ​អ្វី​ចំពោះ​ក្បួនបាតុកម្ម​នៅ​ពេល​នេះ​ដែរ តែ​ក៏​គ្មាន​អ្នកណា​ម្នាក់​គិត​ថា រដ្ឋាភិបាល​ប៉េកំាង​នឹង​យល់ព្រម​តាម​ការ​ទាមទារ​របស់​ពួកបាតុករ​ហុងកុង​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ