អានតួអត្ថបទ
កម្ពុជា-ថៃ

ប្រមុខ​ការទូត​កម្ពុជា​ថៃ​នឹង​ជជែក​អំពី​សហប្រតិបត្តិការ​ទ្វេភាគី​

រដ្ឋមន្ត្រី​​ការ​បរទេស​​កម្ពុជា​​និង​​ថៃ​នឹង​​ជួប​​គ្នា​​រយៈ​​ពេល​​២​​ថ្ងៃ​​នៅ​​សប្តាហ៍​​ក្រោយ​​នេះ​​ដើម្បី​​ពិនិត្យ​​ឡើង​​វិញ​​នូវ​​កិច្ច​​សហប្រតិបត្តិការ​​ទ្វេភាគី​​រវាង​​ប្រទេស​​ជិត​ខាង​​ទាំង​ពីរ​​ដែល​​កំពុង​​រកាំ​​រកូស​​គ្នា​​ក្នុង​​បញ្ហា​​បន្ទាត់​​ព្រំដែន។​ សេចក្តី​ជូន​​ដំណឹង​​របស់​​ក្រសួង​​ការបរទេស​​កម្ពុជា​​នៅ​​ថ្ងៃ​​នេះ​​បញ្ជាក់ថា ​ភាគី​​ទាំង​ពីរ​​នឹង​​ជជែក​គ្នា​លើ​​បញ្ហា​​ជា​ច្រើន​​ដែល​​នឹង​ផ្តល់​​ប្រយោជន៍​​អោយ​​គ្នា​​ទៅ​វិញ​ទៅ​មក។

លោកហោ ណាំហុង
លោកហោ ណាំហុង RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ការ​ទូត​នៃប្រទេស​កម្ពុជា និង​ថៃ​គ្រោង​ជួបគ្នា​២​ថ្ងៃ​នៅសប្តាហ៍​ក្រោយ​នេះ​ ដើម្បី​ពិនិត្យ​ឡើង​វិញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​។ ការ​ជួប​គ្នា​នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៥ និង​ទី​២៦​ខែ​ធ្នូ​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ក្នុងក្របខណ្ឌ​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​ទ្វេភាគី​លើក​ទី៨ សម្រាប់​កិច្ច​ប្រតិបត្តិការ​រវាង​កម្ពុជានិង​ថៃ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការបរទេស​កម្ពុជាដែ​ល​ត្រូវបាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ហោ ណាំហុង និង​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ ស៊ូរ៉ាពង្ស តូវីចក្រ​ឆៃគល់ នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​ជា​ច្រើនដែល​ផ្តល់​ផល​ប្រយោជន៍​អោយ​គ្នា​ទៅវិញ​ទៅ​មក។ លោក​កុយ គួង​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ពន្យល់​​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​បន្ថែម​ថា តំណាង​រដ្ឋាភិបាល​ទាំង​ពីរ​អាច​នឹង​ជជែក​អំពី​ចំនុច​ណា​ដែល​មិន​ទាន់​​បានបង្ហាញអំពី​កិច្ច​សហប្រតិបត្តិការល្អ ដើម្បី​ជំរុញ​អោយ​មាន​ការ​សហការ​គ្នា​ល្អ។

បើតាម​ការ​បញ្ជាក់​របស់​លោក​កុយ គួង​កិច្ច​ប្រជុំ​រវាង​ប្រមុខ​ការ​ទូត​កម្ពុជា​ថៃ គឺ​ជា​ការ​ជជែក​អំពី​កិច្ច​សហប្រតិការ​ទូទៅ​​លើ​គ្រប់​វិស័យ​ដូចជា​ទេសចរ កសិកម្ម វប្បធម៌​ជា​ដើម។ លោក​ថា បើទោះ​ជា​និយាយ​អំពី​បញ្ហា​ព្រំដែន ក៏​មិន​មែន​បញ្ហា​បច្ចេកទេស​លើ​បន្ទាត់​ព្រំដែន​នោះដែរ។ តែ​ជា​កិច្ច​សហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ទំនិញ​តាម​ព្រំដែន ឬ​ជា​ការ​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន​ជា​ដើម។

តាម​ពិត ជំនួប​គណៈ​កម្មការ​ចម្រុះ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេសកម្ពុជា​ថៃ ​គឺ​ជា​យន្តការ​មួយ​ក្នុង​ចំណោម​យន្តកាជំនួប​ដែល​មាន​​៣​រវាង​កម្ពុជា និង​ថៃ។ ក្រៅ​ពី​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​រវាង​ប្រមុខ​ការទូត​នេះ គឺ​នៅ​មាន​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​ដែល​ដឹកនាំ​ដោយ​សហប្រធាន​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​ដែល​ដឹកនាំដោយសហប្រធាន អ្នកជំនាញ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ដែរ។ គឺ​តាម​រយៈ​យន្តការ​ទាំងបី​នេះ​ហើយ​ដែល​កម្ពុជា​និង​ថៃ​បាន​ដោះស្រាយ​បញ្ហា​ទ្វេភាគី​ជាមួយ​គ្នា​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ