អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាលសន្យាថានឹង​បើក​ឲ្យ​មានការ​​សុំ​កូន​ចិញ្ចឹម​ឡើងវិញ នៅ​ឆ្នាំ២០១៤

មន្ត្រីជាន់ខ្ពស់ បានប្រកាស​សន្យា​ជាថ្មី នៅ​ថ្ងៃ​ពុធ​នេះ​ថា រដ្ឋាភិបាល នឹង​បើក​ឲ្យ​មានការ​សុំ​កូនកំព្រា​កម្ពុជា យកទៅ​ចិញ្ចឹម​ឡើងវិញ នៅក្នុង​ឆ្នាំ២០១៤។ ការហាមឃាត់​ការ​សុំ​កូនចិញ្ចឹម ត្រូវបាន​ធ្វើឡើង ចាប់តាំងពី​មានការ​អនុម័ត​ច្បាប់ ស្តីពី​ការ​សុំកូនចិញ្ចឹម​​ឆ្លង​ប្រទេស របស់​កម្ពុជា កាលពី​ខែធ្នូ ឆ្នាំ២០០៩។ ការពន្យារពេល មិន​ឲ្យ​​ស្មុំ​កូនចិញ្ចឹម រយៈពេល ៤ ឆ្នាំ​មកនេះ ត្រូវបាន​គេ​ផ្តល់​ហេតុផល​ថា ដើម្បី​ផ្តល់​ពេលវេលា​ឲ្យ​អាជ្ញាធរ រៀបចំ​ក្របខណ្ឌ លិខិតបទដ្ឋាន​គតិយុត្តិ ដែល​ចាំបាច់​នានា បង្កើត​នូវ​យន្ត​ការដែល​ចាំបាច់ និង​បណ្តុះបណ្តាល​អ្នកពាក់ព័ន្ធ​នានា ដើម្បី​ឲ្យ​ច្បាប់​ស្មុំ​កូន អាចអនុវត្ត​ទៅបាន និង​ការពារ​ដល់​កុមារកំព្រា​កម្ពុជា។

កុមារ​ដែលគ្រោង​នឹងផ្តើមឱ្យមានការ​សុំយក​ទៅចិញ្ចឹម​ នៅឆ្នាំ២០១៤
កុមារ​ដែលគ្រោង​នឹងផ្តើមឱ្យមានការ​សុំយក​ទៅចិញ្ចឹម​ នៅឆ្នាំ២០១៤ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ក្រោយពេល​មានការ​អនុម័ត បង្កើត​ច្បាប់​ស្តីពី​ការ​ស្មុំ​កូន​ឆ្លង​ប្រទេស នៅក្នុង​ខែធ្នូ ឆ្នាំ២០០៩ គឺ​ចាប់តាំងពី​ពេល​នោះមក ការ​សុំ​កូនចិញ្ចឹម​កម្ពុជា ត្រូវបាន​ផ្អាក។ រហូតដល់​ខែធ្នូ​នេះ មាន​ពេល ៤ ឆ្នាំ​ហើយ។ គឺជា​ការចាំបាច់ ត្រូវតែមាន​កិច្ចការពារសំខាន់ៗ ដើម្បី​ធានា​ឲ្យ​មានការ​គ្រប់គ្រង​ករណី​មាន​ការ​សុំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​មានការ​បើក​ឲ្យ​មានការ​សុំ​កូន​ចិញ្ចឹម​សាជាថ្មី។

នៅក្រៅ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី ការ​សុំ​កូន នៅក្នុង​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី៤ធ្នូ លោក នឹម ថូត រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ការពន្យារពេល មិន​ឲ្យ​មានការ​សុំ​កូនចិញ្ចឹម​ពី​កម្ពុជា នឹង​បន្ត​រហូតដល់​ឆ្នាំ២០១៤។ មូលហេតុ​នៃ​ការផ្អាក​ការ​សុំ​កូន ចាប់តាំងពី​ច្បាប់​ស្តីពីការ​សុំ​កូនចិញ្ចឹម​ ត្រូវបាន​អនុម័ត កាលពី​ខែធ្នូ ឆ្នាំ២០០៩ មកដល់ពេលនេះ ដើម្បី​ទុកពេល​ឲ្យ​មានការ​រៀបចំ​ក្របខណ្ឌ លិខិតបទដ្ឋាន​គតិយុត្តិ យន្ត​ការដែល​ចាំបាច់ និង​បណ្តុះបណ្តាល​អ្នកពាក់ព័ន្ធ​នានា ក្នុង​បំណង​ការពារ​កុមារកំព្រា​កម្ពុជា ពី​ការជួញដូរ ជាដើម។

រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​បើក​ឲ្យ​មានការ​សុំកូន​ឡើងវិញ ម្តង​ជា​ពីរដង កាលពី​ខែមេសា ឆ្នាំ២០១១ និង​ម្តងទៀត នៅ​ខែមករា ដើមឆ្នាំ២០១៣នេះ។ ប៉ុន្តែ​ត្រូវ​ពន្យារពេល​រហូត​ដោយហេតុថា ការរៀបចំ​របស់​កម្ពុ​ជា មិនទាន់បាន​ល្អប្រសើរ។

សូម​រម្លឹកថា កាលពី​ឆ្នាំ២០០៩ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្អាក មិន​ឲ្យ​មានការ​សុំកូន​ពី​ប្រទេស​កម្ពុជា ដោយសារតែ​ការ​សុំ​កូន​នោះ មិនមែន​ធ្វើ​ឡើងជា​លក្ខណៈ​មនុស្សធម៌​ទេ តែ​បែរ​ទៅជា​ក្លាយជា​អំពើ​ជួញដូរ​កុមារ​កម្ពុជា​ទៅវិញ។

ក្នុងពេល​កន្លងមក មាន​ប្រទេសធំៗមួយចំនួន ដូចជា អូស្ត្រាលី កាណាដា និង​ប្រទេស​អង់គ្លេស ជាដើម បានដាក់​បម្រាម មិន​ឲ្យ​មានការ​សុំកូន​ពី​ប្រទេស​កម្ពុជា​ទេ ពីព្រោះ​មានការ​បែកធ្លាយ​នៃ​ការជួញដូរ​កុមារ​កម្ពុជា តាមរយៈ​ការ​សុំ​កូន។ ប្រទេស​ទាំងនោះ បាន​រកឃើញថា កុមារកំព្រា​នៅ​កម្ពុជា ដែល​គេ​សុំ​យកទៅ​ចិញ្ចឹម សុទ្ធ​តែមាន​ម្តាយ ឬ​ឪពុក នៅរស់ ហើយ​ត្រូវបាន​គេ​លក់​កូន​នោះ ក្នុងតម្លៃ​ចាប់ពី ២០០ ទៅ ៥០០ ដុល្លារ​អាមេរិក។

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី៤ធ្នូ​នេះ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក នឹម ថូត បដិសេធថា មិនមាន​ការទិញ​ដូរ​កុមារ​កម្ពុជា​ទេ ផ្ទុយទៅវិញ​កុមារកំព្រា ដែលមាន​ចំនួន​ជិត ៤០០០ នាក់ ដែល​ជនបរទេស​បាន​សុំពី​កម្ពុជា ចាប់តាំងពី​ឆ្នាំ១៩៨៧ ដល់​ឆ្នាំ២០០៩ គឺមាន​វាសនា​ល្អ មិនមាន​ការរំលោភបំពាន ដូច​ការលើកឡើង​ទេ។ កុមារ​កម្ពុជា ត្រូវបាន​គេ​សុំ​យកទៅ​ចិញ្ចឹម​ច្រើនជាងគេ​នៅ​អ៊ីតាលី បារាំង អាមេរិក និង​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ