អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោក​ កឹម សុខា​ បន្ត​ជួប​អង្គទូត​ប្រទេស​លោកសេរី ​មុន​តុលាការ​ប្រកាស​សាលក្រម​សំណុំ​រឿង​ក្បត់​ជាតិ

ជាង២ខែមុន​តុលាការ​ប្រកាស​សាលក្រម​ជុំវិញ​សំណុំរឿង​ក្បត់ជាតិ​ និង​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល ​លោក កឹម សុខា​ បាន​ចាប់ផ្តើម​ជួប​ជាមួយ​បណ្តាទូត​លោកសេរី​ចំនួន២ប្រទេស ​ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​ប្រជាធិបតេយ្យ ​សិទ្ធិមនុស្ស ​និង​នីតិរដ្ឋ​នៅកម្ពុជា។​ បើតាម​ លោក កឹម សុខា ​ការ​ជួប​ជាមួយ​ប្រមុខ​ការ​ទូត​បរទេស​នាពេលនេះ ​គឺដើម្បី​តែផល​ប្រយោជន៍​ជាតិខ្មែរ​ ដោយ​មិនមែន​ជាការ​ឃុបឃឹត​គ្នា​ដោយ​សម្ងាត់​ ដែល​បង្ក​ឱ្យមាន​អំពើ​ប្រទូសរ៉ាយ ​ឬសកម្មភាព​ឈ្លានពាន​មក​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​ឡើយ។​

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១០ ខែមករា បានបន្តមានជំនួបទ្វេរភាគីជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក បាទ្រីក ម័រហ្វីវី  (Patrick Murphy) និងជួបជាមួយលោក ហ្សាក់ ប៉ឺឡេត (Jacques PELLET) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង នៅឯស្ថានទូតបារាំង
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១០ ខែមករា បានបន្តមានជំនួបទ្វេរភាគីជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក បាទ្រីក ម័រហ្វីវី (Patrick Murphy) និងជួបជាមួយលោក ហ្សាក់ ប៉ឺឡេត (Jacques PELLET) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង នៅឯស្ថានទូតបារាំង © FB
ផ្សាយពាណិជ្ជកម្ម

ក្នុងអំឡុងពេលរង់ចាំការប្រកាសសាលក្រមលើសេចក្តីសន្និដ្ឋានចុងក្រោយរបស់តុលាការដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែមីនា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខាកាលពីថ្ងៃទី១០ ខែមករា បានបន្តមានជំនួបទ្វេរភាគីជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក បាទ្រីក ម័រហ្វីវី  (Patrick Murphy) និងជួបជាមួយលោក ហ្សាក់ ប៉ឺឡេត (Jacques PELLET) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង នៅឯស្ថានទូតបារាំង។

ក្នុងនោះ បើតាមខ្លឹមសារសំណេររបស់លោក កឹម សុខា ក្នុងជំនួបជាមួយប្រមុខការទូតនៃប្រទេសមហាអំណាចទាំងពីរ លោកបានជជែកអំពីការពង្រឹងលើកិច្ចសហប្រតិបត្តិការរវាងប្រទេសជាមិត្តកាន់តែល្អប្រសើរ។ ហើយលើសពីនេះ លោក កឹម សុខាថា លោកក៏បានជជែកអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និងនីតិរដ្ឋ ជាពិសេសបញ្ហាយុត្តិធម៌សង្គមនៅកម្ពុជាផង។

ជាជំហរដើម្បីផលប្រយោជន៍មកកម្ពុជា លោក កឹម សុខាថា ខ្លួននឹងបន្តជួបពង្រឹងទំនាក់ទំនងជាមួយតំណាងប្រទេស អ្នកការទូត ក៏ដូចជាប្រទេសលោកសេរី និងកុម្មុយនីស្ត និងមិនរើសអើងនិន្នការនយោបាយឬគណបក្សណាមួយនោះទេ ពីព្រោះលោកយល់ថា ទំនាក់ទំនង និងការសន្ទនាគ្នា គឺជារឿងដែលសំខាន់ ជាពិសេសរវាងខ្មែរនិងខ្មែរដែលជាហេតុផលចាំបាច់បំផុត ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទាំងមូល។

ក្នុងសំណេរដដែលនោះ លោក កឹម សុខាបានអះអាងថា លោកមិនមែនជាបុគ្គលហិង្សាដែលបង្កផលប៉ះពាល់ដល់សន្តិភាព ស្ថេរភាព ឯកភាព អធិបតេយ្យភាព និងវឌ្ឍនភាពជាតិឡើយ។ ត្រង់ចំណុចនេះ លោកចង់សំដៅទៅលើសំណុំរឿងដែលតុលាការចោទប្រកាន់មកលើរូបលោកពាក់ព័ន្ធនឹងករណីក្បត់ជាតិនិងចង់ផ្តួលរំលំរដ្ឋាភិបាល ដែលធ្វើឱ្យអ្នកនយោបាយរូបនេះឃាតឆ្ងាយពីសង្វៀនប្រកួតនយោបាយអស់រយៈពេលជាង៥ឆ្នាំកន្លងមកនេះ ។   

ទាក់ទិននឹងរឿងនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាចាត់ទុកថា ជំនួបរបស់លោក កឹម សុខា​មិនមែនជាការរឹតចំណងការទូតរវាងកម្ពុជា និងរដ្ឋបរទេសទេ​ តែនេះបង្ហាញថា ​រដ្ឋបរទេសកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងរំលោភលើប្រព័ន្ធច្បាប់របស់កម្ពុជាផង។

អ្នកវិភាគរូបនេះយល់ថា ការលើកពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមកជជែកគ្នាក្នុងជំនួបរវាងលោក កឹម សុខា និងអង្គទូតសហរដ្ឋអាមេរិក និងបារាំង គឺជាសេណារីយ៉ូមួយដើម្បីដាក់បន្ទុកមកលើរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេស ឬមាននិន្នាការខុសពីប្រទេសលោកសេរីទាំងអស់នោះ។ 

សូមរំឭកថា សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានឈានដល់ដំណាក់ចុងក្រោយ ដោយត្រូវរងចាំការប្រកាសសាលក្រមពីសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីសម្រេចចោទប្រកាន់ ឬទម្លាក់បទចោទប្រកាន់មកលើរូបលោក បន្ទាប់ពីរឿងនេះបានអូសបន្លាយអស់រយៈពេល៦៣លើក រឺជាង៥ឆ្នាំជុំវិញនីតិវិធីនៃការសួរដេញដោលគ្រប់អង្គហេតុរបស់តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ