អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​បាន​រៀបចំ​ទីតាំង​ចាក់វ៉ាក់សាំងបន្ថែមរួចរាល់

អាជ្ញាធរ​ខេត្ត​នីមួយៗ​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​បន្ថែម​នូវ​ទីតាំង​ចាក់​វ៉ាក់​សាំង​បង្ការ​កូវីដ១៩​ ក្នុង​ឱកាស​ឈប់​សម្រាក​៤​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចាប់​ពី​ថ្ងៃ​ទី​១៣-១៧មេសា។ យន្តការរយៈពេល​ខ្លីនេះ ធ្វើ​ឡើង​តប​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ឲ្យ​អាជ្ញាធរ​ខេត្ត-ក្រុង​ទាំង​២៥​  ត្រូ​វត្រៀម​លក្ខណៈ​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​ឲ្យ​នៅ​កៀក​ជិត​ពលរដ្ឋ ជាពិសេស​អ្នក​ធ្វើ​ដំណើរ​កំសាន្ត​ កម្មករ កម្ម​ការិនី ងាយ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ទាំងដូស​មូលដ្ឋាន និង​ដូស​ជម្រុញ ដើម្បី​បង្កើន​ភាព​ស៊ាំ​នៅ​ក្នុង​សហគមន៍​ឱ្យ​កាន់​តែ​ខ្លាំង។ 

វ៉ាក់សាំងកូវីដ១៩
វ៉ាក់សាំងកូវីដ១៩ AP - Esteban Felix
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់​មាន​ទីតាំង​វ៉ាក់សាំងថ្មី​ចំនួន​១៦​កន្លែង​ត្រូវបាន​រៀបចំ​រួចរាល់​សម្រាប់​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ ដែល​ស្ថិត​ក្នុង​ទី​អារ៉ាម​នៃ ខណ្ឌពោធិ៍​សែនជ័យ កំបូល ព្រែកព្នៅ បឹងកេងកង  ៧មករា សែនសុខ ដូនពេញជាដើម។ រីឯខេត្តតាកែវវិញ ទីអារ៉ាម​មិន​ក្រោម​១០០​កន្លែង​ឡើយ​បំរើ​ឲ្យ​ដំណើរ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩​ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជម្រុញ  ខណៈ​ខេត្ត​សៀមរាប​ទីរ៉ាម​ជិត​២០​កន្លែង​ក្នុងស្រុក​ចំនួន​១២​ត្រូវបាន​រៀប​ចំ​រួចរាល់​សម្រាប់​ដំណើរការ​ចាក់​វ៉ាក់​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ។ ក្រៅ​ពី​ខេត្ត​ទាំងបី ខេត្ត​ដទៃ​ទៀត​ក៏​បាន​ត្រៀម​ខ្លួន​រាល់​ក្នុង​ការ​បន្ថែម​ទីតាំង​ចាក់វ៉ាក់​សាំងរួចហើយដែរ គិត​មក​ដល់​ថ្ងៃ​ទី​៩មេសា​នេះ ដូចជាៈ ខេត្តកែប កោះកុង ឧត្តរមានជ័យ បន្ទាយមានជ័យជាដើម។  

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​លើក​ឡើងថា ប្រជាពលរដ្ឋ​អាចអញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ នៅ​តាម​កន្លែង​ទេសចរណ៍ និង​នៅ​តាម​ទីវត្ត​អារាម​នានា ចាប់​ពីថ្ងៃទី​១៣ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ​ដើម្បី​ជំរុញ​ដល់​ការងារ​ចាក់​វ៉ាក់​សាំង​បង្ការជំងឺ​កូវីដ១៩ និង​ដើម្បី​បង្កើន​ភាព​ស៊ាំ​នៅ​ក្នុង​សហគមន៍​ឱ្យ​កាន់​តែ​ខ្លាំង។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​សៅរ៍​ទី​៩​មេសានេះ ​លោក នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម​ នៃ​រាជបណ្ឌិត​សភា​កម្ពុជា​មើល​ឃើញ​ថា ការ​បង្កើន​ទីតាំង​ចាក់​វ៉ាក់​សាំងដែល​ជ្រើស​យក​ទីធ្លា​វត្ត​អារ៉ាម​ឈរ​ជើង ជា​រឿង​ល្អ​ពោល​ងាយ​ស្រួល​ដល់​ពលរដ្ឋ​មិន​ចាំ​បាច់​ធ្វើ​ដំណើរទៅ​ទី​តាំង​ឆ្ងាយ​ដែល​ធ្លាប់​កំណត់​កន្លង​ដោយ​អាជ្ញាធរ​ភូមិ​ឃុំនា​ពេល​កន្លង​មក។ ការ​ធ្វើ​បែប​នេះ​ក៏​បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ភ្នំពេញ​ទៅ​លេង​ស្រុក​ដែល​គ្នា​គ្មាន​ពេល​ចាក់​វ៉ាក់​សាំង​ដូស​ជម្រុញ ​ដោយប្រើ​ប្រាស់​ឱកាស​ឈប់​សម្រាក​ចាក់​វ៉ាក់​សាំង​តែ​ម្ដង។

តែយ៉ាងមិញ​អ្នកជំនាញ​រូបនេះ​បាន​ព្រមាន​ទុក​ជា​មុន​ថា ផល​រំខាន​ខ្លះៗ​របស់​វ៉ាក់សាំង​អាច​ធ្វើ​ឲ្យ​ពលរដ្ឋរារែក​ចិត្ត​ទទួល​ចាក់​វ៉ាក់​អំឡុង​ពេល​សប្បាយ​នឹង​បុណ្យទាន​ផង​ក៏​ថា​បាន ​ហើយ​ភាព​ក្រែង​រអាល​ឬ​មិនទុក​ចិត្ត​លើ​គុណភាព​វ៉ាក់សាំង​ក៏​នៅ​តែ​ជាឧបសគ្គ​មួយ​ដែល​ពលរដ្ឋ​មិន​ប្រើប្រាស់​ឱកាស​ឈប់​សម្រាកទៅ​ចាក់​វ៉ាក់សាំង​ដែរ។  តែបើ​តាម​លោក នុត សម្បត្តិ អាជ្ញាធរ​គួរ​តែ​បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទ្វេ​ដងពី​ប្រយោជន៍​របស់​វ៉ាក់សាំង​និង​ធ្វើការ​អំពាវនាវ​តាម​គ្នា​ឲ្យ​ពលរដ្ឋ​មក​ស្វែងរក​សេវា​ចាក់​វ៉ាក់សាំង ​ក្នុង​វត្តអារ៉ាម​ដែល​មាន​ទីតាំង​នៅ​ក្បែរ​ផ្ទះ​ស្រាប់។

សូមជម្រាបជូន​ថា អត្រា​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នៅ​កម្ពុជា  គិត​ត្រឹម​ថ្ងៃ​ទី​០៨ ខែ​មេសា​មាន​ចំនួន ៩២,៧៧%​នៃ​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ