អានតួអត្ថបទ
អាកាសធាតុ-ថាមពល

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ អំពាវនាវ​ឲ្យ​វិនិយោគ​លើ​វិស័យ​ថាមពល​ស្អាតស្អំ នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍

ពិភពលោក​ ត្រូវតែចូលរួមពង្រឹង និង​វិនិយោគឲ្យ​បានច្រើនបំផុត ទៅលើវិស័យ​ផលិតថាមពលស្អាតស្អំ នៅតាម​ប្រទេសកំពុងអភិវឌ្ឍន៍។ នេះគឺជាការលើកឡើង របស់​ទីភ្នាក់ងារថាមពលអន្តរជាតិ នៅក្នុងរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃពុធទី ៩មិថុនា។ លើកកំពស់ ការផលិតថាមពល​ ដែលមិនបញ្ចេញឧស្ម័នពុល នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ គឺជាគន្លិះក្នុងការឈានទៅ ប្រយុទ្ធប្រឆាំង នឹងការកើនឡើងកំដៅផែនដី។

ផ្ទាំងសូឡាផលិតចរន្តអគ្គិសនី នៅតំបន់ Ningxia Hui ភាគពាយ័ព្យ​ប្រទេសចិន។
ផ្ទាំងសូឡាផលិតចរន្តអគ្គិសនី នៅតំបន់ Ningxia Hui ភាគពាយ័ព្យ​ប្រទេសចិន។ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

ទំហំទឹកប្រាក់វិនិយោគ នៅក្នុងវិស័យផលិតថាមពលស្អាតស្អំ នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ ក្រៅពីចិន គឺបាន​ចុះថយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាងនេះទៀត វិបត្តិសេដ្ឋកិច្ចបង្កឡើងដោយ កូវីដ១៩ មិនបានធ្វើឲ្យ​ទំនោរនេះផ្លាស់ប្តូរទេ។

យោងតាមរបាយការណ៍ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ AIE បច្ចុប្បន្ននេះ ទំហំវិនិយោគ ក្នុងវិស័យផលិតថាមពលស្អាតស្អំ គឺមានប្រមាណ​​​តែ​ ១៥០ពាន់លានដុល្លារ តែប៉ុណ្ណោះ ក្នុងមួយឆ្នាំ​។ ទីភ្នាក់ងារនេះ បានអំពាវនាវថា ត្រូវតែបន្ថែមល្បឿន ផ្តល់សន្ទុះដល់ការវិនិយោគ ក្នុងវិស័យនេះ ឲ្យ​បាន​១០០ម៉ឺនលានដុល្លារ ក្នុងមួយឆ្នាំ ពីនេះរហូតដល់ឆ្នាំ ២០៣០។ ធ្វើបែបនេះ ទើបពិភព​លោកយើង អាចមានសង្ឃឹម សម្រេចកម្មវត្ថុ « អព្យាក្រិត្យភាព​កាបូន » នៅឆ្នាំ ២០៥០។

លោក Fatih Birol អគ្គនាយកទីភ្នាក់ងារ​ថាមពលអន្តរជាតិ បានលើកឡើងថា កម្មវត្ថុអព្យាក្រិត្យភាពកាបូន វាមិនមែនជារឿងប្រកួតប្រជែង រវាងប្រទេសនីមួយៗទេ តែវាគឺជាតួនាទីរបស់គ្រប់គ្នា ដែលត្រូវរួមកម្លាំងគ្នា ឈានទៅសម្រេចគោលដៅនេះ សម្រាប់ពិភពលោកយើង។ លោក​បញ្ជាក់ថា នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ ដែល​​មានចំណែកប្រជាជន​នៃភពផែនដី ប្រមាណ​២ភាគ​៣​នោះ គឺមានចំណែក​ចូលរួម ក្នុងកំណើនឧស្ម័នពុលក្នុងបរិយាកាស ដល់ទៅ​៩០%។ តែផ្ទុយ​ទៅ​វិញ ប្រទេស​កំពុងអភិវឌ្ឍន៍ បានទទួលការវិនិយោគ ក្នុងវិស័យផលិត​​ថាមពល ដែលមិនបញ្ចេញឧស្ម័នពុល បាន​ត្រឹមតែ​​២០%ប៉ុណ្ណោះ។ ដូច្នេះ បើយើងមិនជំរុញ ឲ្យ​ប្រទេសកំពុងអភិវឌ្ឍន៍ អាចទទួល​បាន​ការវិនិយោគ ឲ្យ​បានច្រើនទេនោះ នោះបញ្ហានេះ នឹងក្លាយ​ជាចំណុចប្រេះស្រាំ មកបំផ្លាញការប្រឹងប្រែងទាំងស្រុង ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។

សូមបញ្ជាក់ យោងតាមតួលេខនៃផែន​ការថាមពល​ ទំហំនៃការបញ្ចេញឧស្ម័នពុល នៅតាមប្រទេសអាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង នឹងកើនឡើងជាលំដាប់ ពីនេះរហូតដល់​២០ឆ្នាំទៀត។ សម្រាប់ចិន ការបញ្ចេញឧស្ម័នពុល អាចនៅនឹង​ថ្កល់ ខណៈដែលប្រទេស​សេដ្ឋកិច្ចនាំមុខផ្សេងទៀត មានកម្រិតបញ្ចេញឧស្ម័នពុលចុះថយ។

របាយការណ៍ ដែលសហការចងក្រង ជាមួយ​ធនាគារ​ពិភពលោក និងវេទិកាសេដ្ឋកិច្ចពិភពលោកនេះ បាន​គូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃ ទឹកប្រាក់ហិរញ្ញវត្ថុឯកជន។ លោក Fatih Birol លើកឡើងថា ប្រាក់វិនិយោគមិនខ្វះទេ តែគ្រាន់តែថា ប្រើមិនចំគោលដៅ។ មានឧបសគ្គជាច្រើន ដែលរារាំងការវិនិយោគ ដូចជាកង្វះហេដ្ឋារចនាសម្ព័ន្ធ គ្មាន​តម្លាភាព អស្ថិរភាពហិរញ្ញវត្ថុ និងខ្វះ​ការ​ប្រមើរមើល​វែងឆ្ងាយ​ នៃ​គម្រោងនីមួយៗ។ ទីភ្នាក់ងារថាមពលអន្តរជាតិ អំពាវនាវ ឲ្យរដ្ឋាភិបាល​​​ប្រទេសទាំងអស់ ត្រូវបើកផ្លូវ ផ្តល់សិទ្ធិជាយុទ្ធសាស្ត្រ ទៅឲ្យ​​​ស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិ ក្នុងការ​​បញ្ចេញ​ប្រាក់​វិនិយោគ លើ​​ផែនការ​អន្តរកម្ម​​​ថាមពល ពី​​ថាមពល​ដែល​បញ្ចេញ​ឧស្ម័នពុល​ មកប្រើ​​ថាមពល​​​ដែល​​ស្អាតស្អំវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ