អានតួអត្ថបទ
កូវីដ១៩

កូវីដ១៩ ​កំពុងតែ​ឈាន​ទៅ​សម្លាប់​មនុស្សក្នុងឆ្នាំ​​២០២១ ច្រើន​ជាង​ឆ្នាំ​​២០២០

កូវីដ​១៩ មិនទាន់ទៅណាឆ្ងាយ​ទេ ថ្វីបើ​ប្រទេសអ្នកមាន​បាន​ចាក់វ៉ាក់សាំងទៅឲ្យ​ប្រជាជន​ បានកាន់តែច្រើនក្តី។ លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក បាន​លើកឡើងថា បើ​មើល​តាម​របត់​បច្ចុប្បន្ននេះ គឺក្នុងឆ្នាំ​២០២១ កូវីដ​១៩ កំពុងតែឈានទៅសម្លាប់មនុស្ស​ ច្រើនជាង​នៅក្នុងឆ្នាំ​២០២០ទៅទៀត។ លោក​បានអំពាវនាវ ឲ្យ​គ្រប់គ្នាបន្តប្រុងប្រយ័ត្ន និងជាពិសេស​ គឺត្រូវជួយ​ចែករំលែកវ៉ាក់សាំង ដល់​ប្រទេសក្រីក្រ។

ក្រុមស្ម័គ្រចិត្ត និងសាច់ញាតិអ្នកជំងឺ កំពុងព្យាយាមជួយសង្រ្គោះអ្នកជំងឺកូវីដ​១៩ ទៅតាមលទ្ធភាព។ ញូដេលី ថ្ងៃទី ១៤ ឧសភា ២០២១
ក្រុមស្ម័គ្រចិត្ត និងសាច់ញាតិអ្នកជំងឺ កំពុងព្យាយាមជួយសង្រ្គោះអ្នកជំងឺកូវីដ​១៩ ទៅតាមលទ្ធភាព។ ញូដេលី ថ្ងៃទី ១៤ ឧសភា ២០២១ AP - Ishant Chauhan
ផ្សាយពាណិជ្ជកម្ម

ខណៈប្រទេសកាន់តែច្រើន នៅអឺរ៉ុប និងអាេមរិក បានចាប់ផ្តើមបើកចំហរឡើងវិញ ជាបណ្តើៗលោកអគ្គលេខាធិការអង្គការសុខភាព​ពិភពលោក បាន​ថ្លែងថា ឆ្នាំ២០២១នេះ ចំនួន​មនុស្ស​ស្លាប់ដោយ​កូវីដ​១៩ អាចនឹងមានច្រើនជាង​ក្នុងឆ្នាំ​២០២០។ បើគិត ពីចាប់ផ្តើម មានកូវីដ​១៩ គឺមនុស្ស​យ៉ាងហោច ៣លាន៣សែននាក់ហើយ ដែលបានស្លាប់។ អ្វីដែលអ្នកជំនាញ កំពុងតែព្រួយ​បារម្ភបំផុតនោះ គឺ ការលេចរូបរាង្គ នូវទម្រង់មេរោគបំប្លែងខ្លួនថ្មីៗ ដែលទំនងជាមានកម្រិតឆ្លងរាលដាលខ្លាំង និងអាចបង្កជំងឺកាន់តែធ្ងន់ធ្ងរផងដែរ។

នៅក្នុងបរិបទនេះ លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក បាន​អំពាវនាវថា សូមប្រទេសអ្នកមាន មេត្តា​បោះបង់ចោលគំនិតយកវ៉ាក់សាំង ទៅចាក់ឲ្យ​កុមារ និងក្មេងជំទង់។ សូមប្រទេសអ្នកមាន មេត្តាទុកវ៉ាក់សាំងនេះ ធ្វើជាវិភាគទាន ជួយ​ប្រទេសក្រីក្រវិញ តាមរយៈយន្តការ Covax។

គួរកត់សំគាល់ថា ស្ថានការណ៍​នៅប្រទេសឥណ្ឌា កំពុងតែធ្វើឲ្យ​មានការព្រួយបារម្ភជាខ្លាំង។ ប្រមាណ​២សប្តាហ៍មកហើយ ដែលមនុស្ស​ស្លាប់ដោយ​កូវីដ​១៩ ប្រមាណខ្ទង់​៤ពាន់នាក់ សឹងជារៀងរាល់ថ្ងៃ។ អ្នកជំងឺកូវីដ១៩ ដេករងចាំសេចក្តីស្លាប់ ដោយ​មិនអាចទទួលបាន​ការព្យាបាល។ សាកសពមនុស្សច្រើនសន្ធឹក បូជាមិនទាន់ អ្នកខ្លះ បានយកសព ទៅ​បោះបង់ចោលនៅ​ក្នុងទន្លេគង្គារ។ ជាមួយ​នឹងប្រជាជនពេញវ័យ​ ប្រមាណ​៦០០លាននាក់ ឥណ្ឌាគ្មានវ៉ាក់សាំងចាក់ឲ្យ​គ្រប់គ្នាទេ។

ដោយឡែក នៅសហរដ្ឋអាេមរិកវិញ ការចាក់វ៉ាក់សាំង បានប្រព្រឹត្តិធ្វើទៅយ៉ាងលឿនរហ័ស ដោយគិតមកត្រឹមពេលនេះ ៣៥%នៃប្រជាជនអាេមរិក បានទទួលវ៉ាក់សាំង បាន២ដូសគ្រប់​គ្រាន់អស់​ហើយ។ នេះ គឺមកពីគោលនយោបាយបិទទ្វារជិត ដោយរដ្ឋាភិបាលអាេមរិក ហាមដាច់ខាត មិនឲ្យ​នាំចេញវ៉ាក់សាំង ដែលផលិតលើដីអាេមរិក ទៅលក់ឲ្យ​ប្រទេសផ្សេងទេ។ កាលពីថ្ងៃសុក្រទី​១៤​ឧសភា លោកចូ បៃដិន បានអះអាងថា អ្នកដែលចាក់វ៉ាក់សាំងហើយ មិនបាច់ពាក់ម៉ាសទៀតទេ។ តែការលើកឡើងនេះ បានធ្វើមានការយល់ច្រលំ និងដេញដោល ចោទសួរជាខ្លាំង។ តើធ្វើម្តេច ដឹងថាមនុស្សណា បានទទួលវ៉ាក់សាំងគ្រប់ មនុស្សណាមិនទាន់បានទទួល? ប្រជាជនអាមេរិក​​ខ្លះ បានលើកឡើងថា ការដកវិធានការពាក់ម៉ាសនេះ មិនគួរធ្វើដោយតក់​ក្រហល់ពេលទេ។

ចំណែកនៅអឺរ៉ុប ប្រទេសភាគច្រើន បានចាប់ផ្តើមដកចេញ​វិធានការរិតបន្តឹង ក្នុងកម្មវត្ថុស្រោចស្រង់​សេដ្ឋកិច្ច ខណៈដែល​ រដូវកាលវិស្សមកាលទេសចរណ៍ កាន់តែខិតជិតមកដល់។ ទោះយ៉ាងនេះក្តី អ្នកជំនាញខ្លះបញ្ជាក់ថា ការឆ្លងរាលដាលកូវីដ១៩ នៅតែមិនទាន់ចុះថយគ្រប់គ្រាន់នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ