អានតួអត្ថបទ
ប្រជាសាស្ត្រ

ការស្រាវជ្រាវមួយ​ព្យាករ​ថា ចំនួន​មនុស្ស​​​នឹង​ថយចុះ​ខ្លាំង នៅ​ដំណាច់​សតវត្ស​ទី​២១

ចំនួន​ប្រជាជន​ទូទាំងពិភពលោក នឹងចុះថយនៅរវាងពាក់កណ្តាលសតវត្សទី២១ រហូតដល់ឆ្នាំ២១០០។ នេះបើផ្អែកតាមការសិក្សាព្យាករ របស់អ្នកជំនាញ​ នៅវិទ្យាស្ថាន Health Metrics and Evaluation នៅទីក្រុង​Seattle សហរដ្ឋអាមេរិក។ អ្នកជំនាញ​ លើកឡើងថា ការថយចុះនៃចំនួន​ប្រជាជននេះ អាចអាចជះផលវិជ្ជមាន ​ទៅលើ​វិស័យ​បរិស្ថានធម្មជាតិ និង​ប្រព័ន្ធផលិតចំណីអាហារ ក៏ប៉ុន្តទន្ទឹមនឹងនេះ ចំនួន​មនុស្សពេញកម្លាំងធ្វើការនឹងថយចុះ ខណៈដែលមនុស្ស​ចាស់នឹងមានចំនួន​ច្រើន។ ប្រការនេះ តម្រូវឲ្យ​មានគោលនយោបាយ​ ដើម្បី​ត្រៀមរៀបចំគម្រូសង្គមថ្មី ព្រោះការប្រែប្រួលនេះ នឹងប៉ះពាល់ដល់កក្តាសេដ្ឋកិច្ច សង្គម និងគ្រួសារ តាមប្រទេសនីមួយៗ។

នៅរវាងឆ្នាំ២១០០ មនុស្សចាស់ជរាអាយុលើសពី​៨០ឆ្នាំ នឹងឡើងពី ១៤១លាននាក់ ដល់ ៨៦៦លាននាក់ នៅទូទាំងពិភពលោក។
នៅរវាងឆ្នាំ២១០០ មនុស្សចាស់ជរាអាយុលើសពី​៨០ឆ្នាំ នឹងឡើងពី ១៤១លាននាក់ ដល់ ៨៦៦លាននាក់ នៅទូទាំងពិភពលោក។ REUTERS - Hannah Mckay
ផ្សាយពាណិជ្ជកម្ម

អង្គការសហប្រជាជាតិធ្លាប់បានព្យាករថា នៅរវាងឆ្នាំ២១០០ ចំនួន​មនុស្ស​នឹងឡើងដល់​១០៩០០លាននាក់។ ក៏ប៉ុន្តែ យោងតាមការសិក្សាព្យាករថ្មីមួយ ធ្វើឡើងដោយ​អ្នកជំនាញ​នៃ Institute for Health Metrics and Evaluation បាន​បង្ហាញថា នៅដំណាច់សតវត្សទី​២១​ចំនួន​មនុស្ស​នឹងមានប្រមាណ​​៨៨០០លាននាក់ ពោលគឺវាទាបជាងការប៉ាន់ស្មាន​របស់អង្គការ​សហប្រជាជាតិ ដល់ទៅ​​២ពាន់​លាន​នាក់។

របាយការណ៍ដែលចុះផ្សាយ​នៅលើទំព័រទស្សនាវត្តី The Lancet នេះ បាន​ពន្យល់ថា កត្តាសំខាន់ ដែលធ្វើឲ្យ​ចំនួន​មនុស្ស​ធ្លាក់ចុះខ្លាំង ចាប់ពីឆ្នាំ​២០៦៤ទៅ​ គឺ​កម្រិតវប្បធម៌អប់រំរបស់ស្ត្រីកាន់តែខ្ពង់ខ្ពស់ ព្រមជាមួយនឹង​​លទ្ធភាព​ប្រើប្រាស់មធ្យោបាយ​ពន្យាកំណើត ដែលកាន់តែទូលំទូលាយនោះ គឺវា​នឹងធ្វើឲ្យអត្រាកំណើតទារក​ធ្លាក់ចុះខ្លាំង។ អត្រាអាចមានកូន​របស់ស្ត្រីនាពេលបច្ចុប្បន្ន ជាមធ្យមគឺ ២,៣៧ សម្រាប់ស្ត្រីម្នាក់ នឹងធ្លាក់មក​នៅត្រឹមតែ​ ១,៦៦ នៅរវាងឆ្នាំ២១០០។

ខណៈដែលឥណ្ឌា អាចស្ថិតនៅជាប្រទេសមានប្រជាជនលើសគេ ចិនវិញប្រជាជនអាចនឹង​ថយចុះប្រមាណ​ពាក់កណ្តាល នៅឆ្នាំ២១០០ ពោលគឺធ្លាក់ពី ១៤០០លាននាក់ មកនៅប្រមាណ​៧៣០លាននាក់។ ដូចគ្នាដែរ ចំនួន​ប្រជាជននឹងថយចុះ នៅតាម​ប្រទេសភាគច្រើននៅអាស៊ី និងអឺរ៉ុប។ ក្នុងនោះ​ប្រទេសចំនួន​២៣ ចំនួន​ប្រជាជននឹងថយចុះយ៉ាងហោចពាក់កណ្តាល ដូចជាជប៉ុន ធ្លាក់ពី​១២៨លាន មកនៅត្រឹម​៦០លាន ថៃពី៧១លានមកនៅត្រឹម៣៥លាន​ កូរ៉េខាងត្បូង​៥៣លាន ថយមកត្រឹម​២៧លាន អេស្ប៉ាញ​ពី​៤៦លាន មកនៅត្រឹម​២៣លាន អ៊ីតាលីពី​៦១លានមកនៅត្រឹម៣១លាន។

លើកលែងតែបារាំង ដែលគេព្យាករថា ចំនួន​ប្រជាជនអាចនឹងឡើងបន្តិច ពី​៦៥លានទៅ៦៧លាន នៅរវាងឆ្នាំ២១០០។ ដោយឡែកតំបន់ដែលនឹងមានប្រជាជនកើនឡើងខ្លាំង គឺតំបន់​អាហ្វ្រិកខាងត្បូងសមុទ្រខ្សាច់សាហារ៉ា។ ជាក់ស្តែងប្រទេសនីហ្សេរីយ៉ា នឹងឡើងពី​២០០លាន ដល់​៧៩០លាននាក់ ក្លាយជាប្រទេសមានប្រជាជនលើសគេ​លំដាប់ទី​២ បន្ទាប់ពីឥណ្ឌា​។

អ្នកជំនាញលើកឡើងថា ចំនួន​មនុស្សថយចុះ វាជា​ដំណឹងល្អមួយ​សម្រាប់បរិស្ថានធម្មជាតិ និងប្រព័ន្ធជីវចម្រុះ។ តម្រូវការផលិតចំណីអាហារនឹងថយចុះ ការបញ្ចេញឥស្ម័នពុលក៏មានកម្រិតទាប។ ក៏ប៉ុន្តែ​ការប្រែប្រួលនៃចំនួន​ប្រជាជន ពីប្រទេសមួយទៅប្រទេសមួយ នឹងធ្វើឲ្យ​ប្រែប្រួលទាំងស្រុង ដល់​​បរិបទកម្លាំងសេដ្ឋកិច្ច និងសុខមាលភាពសង្គម។ ឥទ្ធិពលសេដ្ឋកិច្ច និងភូមិសាស្រ្ត​នយោបាយ​ អាច​នឹងប្រែប្រួលទាំងស្រុង។ លោក ​Richard Horton និពន្ធនាយកនៃទស្សនាវត្តី The Lancet  បានលើកឡើងថា យើងត្រូវត្រៀមខ្លួនរស់នៅ ប្រឈមនឹងពិភពលោកថ្មី ចាប់ពីពេលនេះទៅ។

លោក Christopher Murray អ្នកដឹកនាំការសិក្សាព្យាករនេះ លើកឡើងថា យើងត្រូវត្រៀម ព្រោះនៅចុងសតវត្សនេះ មនុស្សចាស់អាយុ៨០ឡើង នឹងកើនឡើងដក់ទៅ៦ដង ខណៈចំនួន​មនុស្ស​ពេញវ័យធ្វើការ នឹងថយចុះខ្លាំង​។ រដ្ឋត្រូវតែចាប់ផ្តើមគូសវាសគោលនយោបាយ ដើម្បី​រក្សាតុល្យភាព​សេដ្ឋកិច្ច​និង​សង្គម រវាង​មនុស្សពេញវ័យធ្វើការ និងមនុស្សចាស់ជរា ដែលត្រូវមើលថែ។ រដ្ឋត្រូវ​ជម្រុញទឹកចិត្ត ឲ្យស​្ត្រីពរពោះមានកូនឲ្យ​បានច្រើន​ តាមរយៈជំនួយឧបត្ថម្ភសង្គមនានា។ គោល​នយោបាយ​​បើក​ទូលាយអន​្តោប្រវេសន៍ គឺជាជម្រើសមួយគួរពិចារណាដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ