ទីផ្សារជួញដូរអាវុធមានការកើនឡើងខ្ពស់នៅអាស៊ីប៉ាស៊ីហ្វិក
ការជួញដូរគ្រឿងសព្វាវុធនៅក្នុងពិភពលោក បានកើនឡើងចំនួន ៣០%ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ហើយវានឹងមានការកើនឡើងទ្វេដងនៅឆ្នាំ២០២០។ ជាទូទៅគេសង្កេតឃើញថា វាមានសន្ទុះខ្លាំងក្លា នៅក្នុងបណ្តាប្រទេសអាស៊ី ប៉ាស៊ីហ្វិក ដែលនេះជាការគម្រាមមួយដល់ ឥទ្ធិពលទីផ្សារអាវុធរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០០
ថវិការបស់ក្រសួងការពារជាតិនៃបណ្តាប្រទេសដែលផលិតគ្រឿងសព្វាវុធ ធំៗបានកើនឡើងគួរឱ្យកត់សម្គាល់។ ហើយការប្រគួតប្រជែងទីផ្សារលក់ដូរអាវុធនៅក្នុងពិភពលោក ក៏កំពុងតែសន្ទុះផងដែរ ជាពិសេសសម្រាប់បណ្ដាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមរបាយការណ៍វិភាគមួយ ដែលចេញដោយទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ ទី២៥ មិថុនា កន្លងទៅនេះ។
បើគិតជាទឹកប្រាក់ ការនាំចេញ និងនាំចូលគ្រឿងសព្វាវុធនៅក្នុងទីផ្សារពិភពលោកបានកើនពីប្រមាណ ៥ ៧០០០លាន ដល់ជិត៧ ៤០០០លានដុល្លាអាមេរិក បើគិតចាប់ពីឆ្នាំ២០០៨ មកទល់នឹងឆ្នាំ២០១២។ ហើយដល់ឆ្នាំ២០២០ខាងមុខ ថវិការខាងលើនឹងកើនឡើងទ្វេដង។
នៅឆ្នាំ២០១២ គេឃើញទីផ្សារលក់គ្រឿងសព្វាវុធរបស់អឺរ៉ុបបានធ្លាក់ចុះមកត្រឹម ប្រមាណ ២៨%បើធៀបទៅនឹងឆ្នាំ២០០៨ ដែលមានរហូតដល់ ៣៥%។ តែផ្ទុយទៅវិញ វាបានចាប់ផ្ដើមមានកំណើន នៅផ្សារអាស៊ីប៉ាស៊ីហ្វិក ជាពិសេសប្រទេសចិន ដែលមានការកើនឡើង ពី៣,៧% ទៅ៥,៤%។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះខាងលើបានធ្វើឱ្យប្រទេសចិន មានការប្រសើរឡើងនូវសមត្ថភាពក្នុងការផលិតគ្រឿងសព្វាវុធរបស់ខ្លួន។ ក្នុងនោះ ចិនឡើងចំណាត់ថ្នាក់ ពីលេខ១០ មកត្រឹមលេខ៨ ក្នុងចំណោមប្រទេសដែលនាំចេញអាវុធច្រើនជាងគេក្នុងពិភពលោក។
របាយការណ៍ដដែលបានបញ្ជាក់ថា ចិនមានអតិថិជន ជាអ្នកជិតខាងរបស់ខ្លួនជាច្រើន ក៏ប៉ុន្តែរ នៅក្នុងទីផ្សារមជ្ឈឹមបូព៌ាវិញ ចិនមិនសូវជាមានកេរ្តិ៍ឈ្មោះល្អប៉ុន្មានទេទាក់ទងនឹងគុណភាពសព្វាវុធ។ ជាក់ស្ដែងកាលពីថ្មីៗនេះ មានប្រទេសមួយ នៅទ្វីបអាមេរិកខាងត្បូង បានបញ្ជូនប្រព័ន្ធរ៉ាដាមកឱ្យប្រទេសចិនវិញ ដោយសារតែវាមានបញ្ហាបច្ចេកទេស។
នៅក្នុងឆ្នាំ២០២១ខាងមុខ ថវិកាដែលបានមកពីការជួញដូរអាវុធ របស់ប្រទេសអាស៊ីប៉ាស៊ីហ្វិក ដែលមានដូចជា ចិន ឥណ្ឌា ជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង នឹងមានការកើនឡើង រហូតដល់ប្រមាណជាង ៥០០ ០០០លានដុល្លា ឈានមុខសហរដ្ឋអាមេរិក និងកាណាដា។
បច្ចុប្បន្ន អាមេរិកជាប់ចំណាត់ថ្នាក់ទីមួយ ក្នុងការនាំចេញអាវុធច្រើនជាងគេនៅក្នុងពិភពលោក ដែលឈានមុខរុស្ស៊ី និងប្រទេសបារាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ