អានតួអត្ថបទ
បច្ចេកវិទ្យា-បញ្ញាសិប្បនិម្មិត

អ្នកជំនាញ​​ថា​ត្រូវ​មាន​វិធាន​ច្បាប់​តឹងតែង ចំពោះ​ការ​ប្រើ​បច្ចេកវិទ្យា​បញ្​ញាសិប្បនិម្មិត

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងតែធ្វើឲ្យកាន់តែរីកធំ នូវបញ្ហាវិសមភាព នៅទូទាំងពិភពលោក។ នេះគឺជាការសន្និដ្ឋានរួម របស់អ្នកស្រាវជ្រាវ នៅ AI Now Institute នៅសកលវិទ្យាល័យញូយ៉ក។ អ្នកជំនាញបានសម្តែងការព្រួយបារម្ភ និងបានអំពាវនាវ ឲ្យមានវិធានការប្រុងប្រយ័ត្នម៉ដ្ឋចត់ មុននឹងដាក់ឲ្យប្រើនូវបច្ចេកវិទ្យា​ទំនើបនេះ។

ការបង្ហាញ​នូវវិសាលភាពនៃ បច្ចេកវិទ្យា​ចាប់ស្គាល់​មុខ​មនុស្ស ដោយ​ប្រើ​បញ្ញា​សិប្បនិម្មិត​ ​នៅក្នុង​ការតាំងពិពណ៌ Horizon Robotics ទីក្រុង​ Las Vegas ថ្ងៃទី​១០ មករា ២០១៩​
ការបង្ហាញ​នូវវិសាលភាពនៃ បច្ចេកវិទ្យា​ចាប់ស្គាល់​មុខ​មនុស្ស ដោយ​ប្រើ​បញ្ញា​សិប្បនិម្មិត​ ​នៅក្នុង​ការតាំងពិពណ៌ Horizon Robotics ទីក្រុង​ Las Vegas ថ្ងៃទី​១០ មករា ២០១៩​ DAVID MCNEW / AFP
ផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត បានរីកសាយភាព ​និងត្រូវបាន​គេ​ប្រើប្រាស់សឹងតែគ្រប់កាលៈទេសៈ គ្រប់វិស័យ ទាំងក្នុងវិស័យ​​ការងារ ឬ​ជីវិតឯកជនប្រចាំថ្ងៃ របស់មនុស្ស​សម័យទំនើប។ ក៏ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យានេះជ្រុលហួសពេក អាចបង្កើតឲ្យមានផល​វិបាកមួយចំនួន​ មកលើសង្គមមនុស្ស។ នេះបើផ្អែកតាមការសន្និដ្ឋាន របស់ក្រុមអ្នកស្រាវជ្រាវ នៃ AI Now Institute នៅសកលវិទ្យាល័យញូយ៉ក។

រាប់ចាប់ពីទូរស័ព្ទដៃទៅ បច្ចេកវិទ្យាសិប្បនិម្មិត ក៏ត្រូវគេប្រើផងដែរ នៅក្នុងម៉ាស៊ីនកុំព្យូទ័រ ប្រើប្រាស់ក្នុងវិស័យសុខាភិបាល វិស័យអប់រំ វិស័យយុត្តិធម៌ និងវិស័យការងារជាដើម ទាំងដោយគ្មាន​ការកំណត់បទដ្ឋានវិធានណាមួយ ដើម្បី​ទប់ស្កាត់ផលជ្រុលជ្រួស ឬផលវិបាក។ អ្នកជំនាញ បានបង្ហាញការព្រួយបារម្ភ អំពីការរីកធំនូវបញ្ហាវិសមភាព ជាពិសេស នៅក្នុងវិស័យគ្រប់គ្រងធនធានមនុស្ស នៅតាមក្រុមហ៊ុននានា និងក្នុងស្ថាប័នគ្រប់គ្រង​អន្តោប្រវេសន៍ ឬសេវាសង្គមជាដើម។

អ្នកជំនាញ បាន​លើកឡើងថា ការដាក់ឲ្យប្រើនូវ បច្ចេកវិទ្យា​ចាប់ស្គាល់មុខ និងបច្ចេកវិទ្យា​ចាប់ស្គាល់ អារម្មណ៍មនុស្ស ត្រូវបានធ្វើដោយឆាប់រហ័សជ្រុលពេក ដោយគ្មានការត្រួតពិនិត្យម៉ដ្ឋ​ចត់។ ក្នុងវិស័យខ្លះ ឧទាហរណ៍ដូចជាក្នុងពេលសម្ភាសន៍រើសបុគ្គលិក ឬការពិគ្រោះជំងឺជាដើម គែមិនអាចពឹងផ្អែកតែទៅលើម៉ាស៊ីនបច្ចេកវិទ្យាប្រើបញ្ញាសិប្បនិម្មិតបានទេ។ ការសម្រេចខ្លះ​ គឺត្រូវមនុស្សជាអ្នកធ្វើ​ ដោយផ្អែកលើកត្តា​ជាក់ស្តែងជាច្រើនបញ្ចូលគ្នា។

ជាមួយនឹងទិន្នន័យដែលប្រមូលបាន​ដោយបច្ចេកវិទ្យា Algorithme បញ្ញាសិប្បនិម្មិតនឹងបង្កើត​ឲ្យមាន​​បុរេវិនិច្ឆ័យ​ទៅ​លើមនុស្ស ហើយ​ធ្វើឲ្យ​មាន​ការរើសអើស​ប្រកាន់​ពូជសាសន៍​ ការខ្វះនូវភាពពហុវប្បធម៌ និងភាពចម្រុះ។ អ្នកជំនាញនៃ​សកលវិទ្យាល័យ​ញ៉ូយ៉ក​ បានអំពាវនាវ ថាត្រូវតែមាន​ការបញ្ជ្រាបផ្សព្វផ្សាយ ជាពិសេសទៅដល់ អ្នកជំនាញ​ផលិតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទាំងនោះ ឲ្យពួកគេបានស្វែងយល់​នឹងដឹង អំពីផលវិបាកផ្សេងទៅលើសង្គម មុននឹងផលិតចេញ​នូវបច្ចេកវិទ្យាណាមួយ។ អ្វីៗ គឺវាអាស្រ័យថា តើប្រព័ន្ធ Algorithme នីមួយៗ ត្រូវបាន​ស្ថាបនាឡើយដោយរបៀបណា និងដើម្បីបំរើប្រយោជន៍ឲ្យក្រុមហ៊ុនណា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ