អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖ បារាំង​នឹង​កោះប្រជុំ​បន្ទាន់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.

លោក​ឡូរ៉ង់ ហ្វាប៊្យូស (Laurent Fabius) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង បាន​ប្រកាស​ នៅ​ថ្ងៃ​ចន្ទ​នេះ ថា បារាំង​នឹង​កោះ​ប្រជុំ​បន្ទាន់​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ជជែក​ពី​វិបត្តិ​នៅ​ស៊ីរី។ ការ​កោះប្រជុំនេះ​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​ការ​វាយប្រយុទ្ធគ្នា​រវាង​កងកម្លាំង​រដ្ឋាភិបាល និង​កម្លាំង​ឧទ្ទាម​ស៊ីរី នៅ​ទីក្រុង Alep បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី៣ ហើយ​ទីភ្នាក់ងារ​អ.ស.ប.​បាន​រាយការណ៍​ថា ជនស៊ីវិល​ស៊ីរី​ប្រមាណ ២០ម៉ឺននាក់ បាន​បង្ខំ​ចិត្ត​រត់​ភៀស​ចោល​ផ្ទះ​សម្បែង ដើម្បី​គេច​ចេញ​ពី​ការវាយប្រយុទ្ធគ្នា​នេះ។

លោក​ឡូរ៉ង់ ហ្វាប៊្យូស (Laurent Fabius) រដ្ឋមន្រ្តី​ការបរទេស​បារាំង ក្នុង​អំឡុង​កិច្ចប្រជុំ​​នៅ​ហ្សឺណែវ ស្តីពី​ស្តីពី​វិបត្តិ​ស៊ីរី
លោក​ឡូរ៉ង់ ហ្វាប៊្យូស (Laurent Fabius) រដ្ឋមន្រ្តី​ការបរទេស​បារាំង ក្នុង​អំឡុង​កិច្ចប្រជុំ​​នៅ​ហ្សឺណែវ ស្តីពី​ស្តីពី​វិបត្តិ​ស៊ីរី Reuters/路透社
ផ្សាយពាណិជ្ជកម្ម

លោក​ហ្វាប៊្យូស​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​មួយ នៅ​ព្រឹកថ្ងៃ​ចន្ទ​នេះ​ថា ក្នុង​ឋានៈ​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ប្រចាំ​ខែ​សីហានេះ លោក​នឹង​កោះប្រជុំ​បន្ទាន់​ក្រុមប្រឹក្សា ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​ស៊ីរី។ ការកោះប្រជុំនេះ​នឹង​ត្រូវ​ធ្វើ​នៅមុន​ចុងសប្តាហ៍​នេះ ហើយ​ទំនង​ជា​នឹង​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស ដោយ​មាន​រូបលោក​ផ្ទាល់​ធ្វើ​ជា​ប្រធាន​អង្គប្រជុំ។

រដ្ឋមន្រ្តី​ការបរទេស​បារាំង​បាន​បញ្ជាក់​បន្ថែម​ថា បើទោះជា​រុស្ស៊ី និង​ចិន​ ធ្លាប់​បាន​ប្រើសិទ្ធិវ៉េតូ​ ចំនួន ៣លើក​រួចមកហើយ​ក៏ដោយ ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវ​តែបន្ត​ប្រជុំ​ពិភាក្សាគ្នា ស្វះស្វែងរក​គ្រប់វិធី​ទាំងអស់​​ ដើម្បី​​បញ្ចប់​វិបត្តិ​ស៊ីរី​ ពីព្រោះ​ថា បញ្ហា​នេះ​មិនមែន​ជា​បញ្ហា​ផ្ទៃក្នុង​ស៊ីរី​តែ​ម្នាក់​ឯង​ទេ គឺ​វា​អាច​បង្ក​ផល​វិបាក​ទៅដល់​ប្រទេស​ជិតខាង​នៅក្នុង​តំបន់។

លោកស្រី Valerie Amos អគ្គលេខាធិការ​រង​អ.ស.ប.​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​បាន​​ប្រកាស​ថា គ្រាន់តែ​ក្នុងរយៈពេល ២ថ្ងៃ​កន្លងទៅនេះ មាន​ជនស៊ីវិល​ប្រមាណ ២០ម៉ឺននាក់ បាន​រត់ភៀសខ្លួន​ចេញ​ពី​ទីក្រុង Alep ហើយ​មិនដឹង​ជា​មាន​ប៉ុន្មាន​នាក់​ទៀត ដែលកំពុង​ជាប់​ក្នុងក្រុង កណ្តាល​សមរភូមិ ហើយ​កំពុង​តែត្រូវការ​ទឹកស្អាត ចំណីអាហារ និង​ថ្នាំ​សង្កូវ​ជា​ចាំបាច់។ លោកស្រី​ Amos ក៏​បាន​សំដែង​នូវ​ក្តីបារម្ភ​យ៉ាងខ្លាំង​ផងដែរ ចំពោះ​ផលប៉ះពាល់​កើតឡើង​ពីការ​ដែល​កងកម្លាំង​របស់​លោក​អាសាដ ​ប្រើ​កាំភ្លើងធំ រថក្រោះ ព្រមទាំង​អាវុធ​ធុនធ្ងន់ផ្សេងទៀត​បាញ់ផ្លោង​ទៅលើ​ទីក្រុង Alep ដែល​មាន​ប្រជាជន​ស៊ីវិល​រស់នៅ​ប្រមាណ​ជា ២,៥​លាន​នាក់។

កាលពី​ម្សិលមិញ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក ដែល​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ បាន​លើកឡើង​ថា លោក​បាស្ហា អាល់អាសាដ​ ដែល​ប្រើ​កម្លាំង​ទ័ព និង​អាវុធ​ធុនធ្ងន់ ​វាយលុក​លើ​​ទីក្រុង Alep គឺ​មានន័យថា​កំពុង​តែ​វាយ​ដែកគោល​លើ​ក្តាមឈូស​របស់​ខ្លួនឯង។

ចំណែក​លោក​ហ្វាប៊្យូស​វិញ បាន​ហៅ​លោក​អាសាដ​ថា​ជា “ពេជ្ឈឃាត” ដែល​កំពុង​តែ​កាប់​សម្លាប់​ប្រជាជន​ខ្លួនឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ