អានតួអត្ថបទ
បារាំង​-រុស្ស៊ី

លោក ពូទីន​លួង​លោក ហូឡង់ ឱ្យ​បង្រួម​ហានិភ័យ​ដើម្បី​ប្រយោជន៍​រុស្ស៊ី​និង​បារាំង

នាឱកាស​បើ​ក​ជំនួប​ទ្វេ​ភាគី នៅ​ក្រុង​Brisbane ប្រទេស​អូស្ត្រាលី​ ថ្ងៃ​សៅរ៍​ទី ១៥​វិច្ឆិកា​​នេះ​ ប្រធានាធិបតី​រុស្ស៊ី លោក វ្លាដេមៀ​ ពូទីន បាន​អំពាវនាវ​ឱ្យ​សមភាគី​បារាំង លោក ហ្វ្រង់ស័រ​ហូឡង់ បង្រួម​​ហានិភ័យ ​និង​ផលវិបាកនៃ​បរិបទ​តាន​តឹង​អន្តរជាតិ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ទ្វេ​ភាគី​បារាំង​រុស្ស៊ី។ ប៉ុន្តែ​ប្រធាន​បទ​ដ៏​រសើប និង​ដែល​គេ​រង់​ចាំ​បំផុត​មិន​ត្រូវ​បាន​លើក​យក​ពិភាក្សា​គ្នា​ទេ។

លោក​ប្រធានាធិបតី​បារាំង​និង​សមភាគី​រុស្ស៊ី  ក្នុង​ជំនួប​ទ្វេ​ភាគី​នៅ​ក្រុង​Brisbane ប្រទេស​អូស្ត្រាលី ថ្ងៃ​ទី ១៥ វិច្ឆកា ២០១៤
លោក​ប្រធានាធិបតី​បារាំង​និង​សមភាគី​រុស្ស៊ី ក្នុង​ជំនួប​ទ្វេ​ភាគី​នៅ​ក្រុង​Brisbane ប្រទេស​អូស្ត្រាលី ថ្ងៃ​ទី ១៥ វិច្ឆកា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

គ្មាន​ការ​បង្ហាញ​មនោសញ្ចេតនា គ្មាន​ទេស្នាម​ញញឹម ថ្នាក់​ដឹកនាំ​ទាំង​ពីរ បារាំង និង​រុស្ស៊ី បាន​ត្រឹម​តែ​ចាប់​ដៃ​គ្នា ដើម្បី​ឱ្យ​អ្នក​កាសែត​ថត​រូប។ ក្នុង​ចំណោម​គម្រោង​ជំនួប​ទ្វេ​ភាគី ចំនួន​៧​ជា​មួយ​សមភាគី​អន្តរជាតិ ការជួប​ប្រាស្រ័យ​ដែល​តាន​តឹង​និង​​ទទួល​ការ​តាមដាន​ខ្លាំង​គឺ​ជំនួប​ទ្វេ​ភាគី ពូទីន-ហូឡង់ !

 
 “ត្រូវ​ប្រឹង​​​ឱ្យ​អស់​ពី​សមត្ថភាព​ បង្រួម​ឱ្យ​តូច​​​ហានិភ័យ​ និង​ផលវិបាក​​អវិជ្ជមាន​បង្ក​ឡើង​បរិបទ​តាន​តឹង​អន្តរជាតិ​ ដើម្បី​ទំនាក់ទំនង​ល្អ​ទ្វេភាគី!” នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក វ្លាដេមៀ​ ពូទីន ទៅ​កាន់​សមភាគី បារាំង​ នា​ឱកា​ស​ជំនួប​ទ្វេ​ភាគី នៅ​ប្រទេស​អូស្ត្រាលី ក្រៅ​ក្របខ័ណ្ឌ​ជំនួប​កំពូល​G២០។ ចំណែក​លោក​ហ្វ្រង់ស័រ​ហូឡង់​វិញ បាន​ត្រឹម​អះអាងថា ទំនាក់ទំនង​បារាំង​រុស្ស៊ី​ មិន​ត្រូវ​រង​គ្រោះ​ ពី​ព្យុះ​ភ្លៀង​យូរ​ទៀត​ទេ។

ប៉ុន្តែ​បញ្ហា​ដ៏​ក្តៅ​គគុក ទាក់ទង​នឹង​នាវា​ផ្ទុក​យន្តហោះ​Mistral មិន​ត្រូវ​បាន​លើក​យក​មក​និយាយ​នា​ឱកាស​ជំនួប​បឋម​ ដែល​មាន​អ្នក​កាសែត​​ចូល​រួម​ទេ។ មុន​នឹង​ឈាន​ដល់​ការ​ពិភាក្សា​មួយ​ទល់​នឹង​មួយ កំបាំង​មុខ​អ្នក​កាសែត ប្រមុខ​ដឹកនាំ​ទាំង​ពីរ បាន​ត្រឹម​តែ​បង្ហាញ​ឆន្ទៈ​ ដោះ​ស្រាយ​វិបត្តិ​រួម​គ្នា​ មិន​ថា​​​​វិបត្តិ​អ៊ុយក្រែន ឬ​វិបត្តិ​នៅ​ទី​ផ្សេង​ទៀត​នៅលើ​លោក​ទេ ព្រោះ​ទាំង​បារាំង​ ទាំង​រុស្ស៊ី សុទ្ធ​តែ​ចំណែក​ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា។

ទំនាក់ទំនង​បារាំង​រុស្ស៊ី ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយ​ហេតុ​តែ​ប្រទេស​ពី​រ​នេះ​មាន​ការ​ដោះដូរ​ផ្នែក​បច្ចេកវិទ្យាយោធា រុស្ស៊ី​រង់ចាំ​ជានិច្ច​ការ​ប្រគល់​នាវា​ផ្ទុក​យន្តហោះ​​ទិញ​បារាំង។ នាវា​ដែល​រុស្ស៊ី​គ្រោង​យក​ទៅ​បញ្ឈរ​ជើ​ង​នៅ​គ្រីមេ (បើ​តាម​ប្រភព​រុស្ស៊ី) ប៉ុន្តែ​បារាំង​ក្រោម​គំនាប​សហគមន៍​អន្តរជាតិ និង​ដើម្បី​សម្រប​ខ្លួន​ជាមួយ​សម្ព័ន្ធ​មិត្ត​ ប្រឆាំង​នឹង​ម៉ូស្គូ​ដែល​លូក​លាន់​ក្នុង​វិបត្តិ​អ៊ុយក្រែន បាន​​ផ្អាប់​ផ្អាក​មិន​បញ្ជូន​នាវា​Mistral ​ទៅ​ឱ្យ​រុស្ស៊ី​តាម​កាល​កំណត់។

សូម​បញ្ជាក់​ថា​មុន​នឹង​ជំនួប​ជាមួយ​នឹង​ប្រធានាធិបតី​បារាំង លោក​ ពូទីន ក៏​បាន​ជួប​ពិភាក្សា​ផង​ដែរ ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ដើម្បី​សាកល្បង​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ក្នុង​សំណុំ​រឿង​អ៊ុយក្រែន​នេះ​តែ​មួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ