អានតួអត្ថបទ
បារាំង

ទាហាន​បារាំង​បាញ់​ឲ្យ​របួស​ជន​ដែល​ប៉ុនប៉ង​វាយប្រហារ​ដោយកាប់​នឹង​កាំបិត

នៅព្រឹកថ្ងៃ​សុក្រ​ ទី៣​កុម្ភៈ​នេះ ទាហាន​បារាំង​ដែល​ប្រចាំការ​រក្សា​សន្តិសុខ​នៅ​ជុំវិញ​សារៈមន្ទីរ Louvre ក្នុងក្រុងប៉ារីស បាន​បាញ់​ជនម្នាក់​ឲ្យ​របួស​ធ្ងន់ ក្រោយ​ពី​ជននេះ​បាន​ប៉ុនប៉ង​វាយប្រហារ​ទៅលើ​ទាហាន​ដោយ​ចាក់​នឹង​កាំបិត។ នាយករដ្ឋមន្រ្តី​បារាំង​បាន​អះអាង​ថា ការ​វាយប្រហារ​នេះ​មាន​ទម្រង់​ជា​ការវាយប្រហារ​ភេរវកម្ម។

ទាហាន​បារាំង​ដើរល្បាត​នៅ​ជុំវិញ​សារៈមន្ទីរ Louvre ក្នុង​ក្រុង​ប៉ារីស កាល​ពីថ្ងៃ​ទី១៦ មិថុនា ២០១៦ (រូបថតឯកសារ)
ទាហាន​បារាំង​ដើរល្បាត​នៅ​ជុំវិញ​សារៈមន្ទីរ Louvre ក្នុង​ក្រុង​ប៉ារីស កាល​ពីថ្ងៃ​ទី១៦ មិថុនា ២០១៦ (រូបថតឯកសារ) REUTERS/Philippe Wojazer/File photo
ផ្សាយពាណិជ្ជកម្ម

យោងតាមការអះអាង​របស់​ប៉ូលិស ហេតុការណ៍​បាន​កើតឡើង នៅម៉ោង​ប្រមាណ​ជា​ជិត ១០ព្រឹក ម៉ោង​នៅប៉ារីស (ត្រូវនឹង​ម៉ោង​ជិត ៣ល្ងាច​ នៅ​កម្ពុជា)។ ជនម្នាក់​ប្រដាប់​ដោយ​កាំបិត​បាន​ធ្វើការ​វាយប្រហារ​ទៅលើ​ទាហាន​ដែលកំពុងដើរល្បាត នៅ​ក្នុង​ហាងលក់ទំនិញ​ ក្រោមដី​មួយ (Carrousel du Louvre) ស្ថិត​នៅ​ជាប់​នឹង​សារៈមន្ទីរ Louvre ក្នុង​ក្រុង​ប៉ារីស។ ការវាយប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​ទាហាន​ម្នាក់​ត្រូវ​រងរបួសស្រាល ចំណែក​ខ្មាន់កាំបិត​ត្រូវ​បាន​​​ទាហាន​បាញ់​ឲ្យ​របួស​ធ្ងន់។

គួរបញ្ជាក់ថា ចាប់តាំងពី​មាន​ការ​វាយប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់ ទាហាន​បារាំង​ត្រូវ​បាន​គេ​ដាក់ពង្រាយ​​ជា​ជំនួយ​ដល់​កម្លាំង​ប៉ូលិស ក្នុងការ​​រក្សា​សន្តិសុខ​​នៅ​ជុំវិញ​ទីតាំង​សំខាន់ៗ​ រួមមាន​ដូចជា ស្ថានីយ៍​រថភ្លើង, សារៈមន្ទីរ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ព្រមទាំង​គោលដៅ​ផ្សេងទៀត ដែល​អាច​ជា​ចំណុច​ស៊ីប​នៃ​ការ​វាយប្រហារ​ភេរវកម្ម។

ក្រសួង​មហាផ្ទៃ​បារាំង​បាន​ឲ្យដឹង​តាម Twitter ថា ភ្លាមៗ​ក្រោយ​ពីកើតហេតុការណ៍​​នៅ​ព្រឹកថ្ងៃ​សុក្រ​​នេះ ច្រក​ចេញចូល​ទាំងអស់​នៃ​សារៈមន្ទីរ​ Louvre ត្រូវ​បាន​បិទ ហើយ​អ្នក​ចូល​ទស្សនា​សារៈមន្ទីរ​ប្រមាណ​ជា ២៥០នាក់ នឹង​ត្រូវ​ជម្លៀសចេញ​ជាក្រុម​តូចៗ ក្រោយ​ពី​ឆ្លងកាត់​ការត្រួតពិនិត្យ​អត្តសញ្ញាណ​ច្បាស់លាស់។ ច្រក​ចេញចូល​មេត្រូ​ក្រោមដី ដែល​នៅ​ក្បែរ​នោះ ក៏​ត្រូវ​បានបិទផងដែរ។

លោក​ប៊ែរណា កាសណូវ នាយករដ្ឋមន្រ្តី​បារាំង បាន​អះអាងថា ការ​វាយប្រហារ​នេះ​មាន​ទ្រង់ទ្រាយ​ជា​ការវាយប្រហារ​ភេរវកម្ម ចំណែក​ឯ មេប៉ូលិស​ក្រុងប៉ារីស​វិញ​បាន​ឲ្យដឹង​ថា ជនសង្ស័យ​បាន​ធ្វើការ​វាយប្រហារ​ទៅលើ​ទាហាន ដោយ​ស្រែក​ថា "អាឡាហ៍​អាក់បា” ដែល​ជា​ភាសា​អារ៉ាប់​មានន័ថា “ព្រះធំអស្ចារ្យ” ហើយ​ដែលជាទូទៅ​តែងតែ​ត្រូវ​បាន​ក្រុម​ជីហាត​ស្រែក នៅពេល​ធ្វើការ​វាយប្រហារ​ភេរវកម្ម។ ប៉ូលិស​ក្រុងប៉ារីស​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា ជនសង្ស័យ​​​មាន​សាកាដូ​ពីរ​ជាប់នឹង​ខ្លួន ក៏ប៉ុន្តែ ក្រោយ​ការ​ត្រួតពិនិត្យ​ គេ​មិនឃើញ​មាន​គ្រឿងផ្ទុះណាមួយ​នោះទេ នៅ​ក្នុង​សាកាដូ​នេះ។

គួររំឭក​ឡើងវិញថា ​កាលពី​ថ្ងៃទី១៣ ​ខែមិថុនា ​ឆ្នាំ២០១៦ ​ការវាយប្រហារ​ដោយ​កាំបិត​បែបនេះ​ធ្លាប់បាន​កើតមាន​ម្តង​រួចមកហើយ ​នៅ​តំបន់​ជាយក្រុង​ប៉ារិស ដោយ​នៅពេលនោះ ​ជនដៃដល់ ​ដែល​អះអាង​ថា​ខ្លួន​ជា​អ្នក​គាំទ្រ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ​បាន​ចាក់សម្លាប់​ប៉ូលិស​ម្នាក់ ​មុននឹង​ចាប់ជំរិត ​រួចហើយ​អារ ក ​សម្លាប់​ស្រ្តីជាភរិយា​នៅក្នុងផ្ទះ។ ចំណែក​ការ​វាយប្រហារ​ដោយ​កាំបិត​មួយ​ទៀត ​បាន​កើតឡើង ​នៅ​ទីក្រុង​នីស (ខាង​ត្បូងប្រទេស​បារាំង) ​កាល​ពីថ្ងៃ​ទី៣​ ​ខែ​កុម្ភៈ ​ឆ្នាំ២០១៥ ​ដោយ​បណ្តាល​ឲ្យ​ទាហាន​ ​៣នាក់​ត្រូវ​រងរបួស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ